ថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ យ៉ូហានទី១ ១:៩
អំណានប្រចាំថ្ងៃ៖ លុយសុីហ្វ័រ «អ្នកនាំសារ» ក្លាយជាសាតាំង
លុយស៊ីហ្វ័រមិនព្រមស្តាប់ឡើយ។ ហើយបន្ទាប់មកវាបានដើរចេញពីទេវតាដែលមានភក្តីភាព និងស្មោះត្រង់ជាមួយនឹងព្រះ ដោយបរិហារថាទេវតាទាំងអស់នោះសុទ្ធតែជាទាសកររបស់ព្រះ។ ពួកទេវតាដែលស្មោះត្រង់នឹងព្រះបានឈរទ្បើងដោយភ្ញាក់ផ្អើលនៅពេលដែលពួកលោកបានឃើញថាលុយស៊ីហ្វ័របានទទួលជោគជ័យក្នុងការខិតខំប្រឹងប្រែងរបស់វា ដើម្បីញុះញង់ឱ្យមានការបះបោរនោះ។ វាបានសន្យាដល់ទេវតាដែលដើរតាមវាថា វានឹងផ្តល់ឱ្យនូវការគ្រប់គ្រងថ្មីមួយដែលល្អជាងការដែលពួកគេធ្លាប់មានកន្លងមក ហើយពេលនោះពួកគេនឹងមានសេរីភាព។ មានពួកទេវតាជាច្រើនបានបង្ហាញពីគោលបំណងរបស់គេ ថានឹងទទួលវាធ្វើជាមេដឹកនាំនិងជាមេបញ្ជាការដ៏ធំរបស់ពួកគេ។ នៅពេលដែលវាបានឃើញការជឿនលឿនឆ្ពោះទៅរកជោគជ័យរបស់វា វាឡើងអំនួតខ្លួនឯងថា វានឹងបានបញ្ចុះបញ្ចូលដល់ទេវតាទាំងអស់ឱ្យមកនៅខាងវានិងថា វានឹងត្រូវមានឋានៈស្មើនឹងព្រះ រួចសំឡេងនៃអំណាចរបស់វាក៏បានលេចឮ ពាសពេញស្ថានសួគ៌ទាំងមូល។ ពួកទេវតាដែលស្មោះត្រង់ជាមួយនឹងព្រះបានព្រមានវាម្តងទៀត ហើយបានបញ្ជាក់ប្រាប់វានូវលទ្ធផលដែលនឹងត្រូវកើតឡើងប្រសិនបើវានៅតែបន្តប្រឆាំងទាស់នឹងព្រះតទៅទៀតដោយបញ្ជាក់ថាព្រះដែលជាអ្នកបង្កើតទេវតាទាំងឡាយអាចប្រើអំណាចរបស់ទ្រង់ ដើម្បីនឹងដកយកអំណាចរបស់ពួកទេវតាទាំងនោះ ហើយដាក់ទណ្ឌកម្មចំពោះការប្រមាថ និងការប្រឆាំងបះបោររបស់គេបានយ៉ាងងាយជាទីបំផុត។ មិនគួរឱ្យជឿសោះថាទេវតាមួយអង្គបែរជាប្រឆាំងនឹងច្បាប់របស់ព្រះដែលមានភាពពិសិដ្ឋដូចជាព្រះដែរនោះ! ទេវតាស្មោះត្រង់បានព្រមានដល់ទេវតាដែលបះបោរឱ្យបិទត្រចៀក កុំស្តាប់តាមការបោកប្រាស់របស់លុយស៊ីហ្វ័រ ហើយបានណែនាំឱ្យកែប្រែចិត្តឡើងវិញ និងឱ្យទេវតាណាដែលបានដើរតាមវាហើយនោះ ត្រូវត្រឡប់មកឯព្រះវិញរួចលន់តួនូវកំហុសរបស់ខ្លួនទោះបីជាខ្លួនធ្លាប់បានសង្ស័យចំពោះអំណាចរបស់ទ្រង់ក៏ដោយ។
ពួកទេវតាដែលបានគាំទ្រលុយស៊ីហ្វ័រជាច្រើនបដិសេធមិនព្រមស្តាប់នូវដំបូន្មានរបស់ទេវតាស្មោះត្រង់ និងមិនព្រមកែប្រែពីគំនិតមិនស្កប់ស្កល់របស់ពួកគេ ហើយទទួលការទុកចិត្តពីព្រះវរបិតានិងព្រះរាជបុត្រាជាទីស្រឡាញ់ជាថ្មីឡើងវិញឡើយ។ អ្នកបះបោរដ៏មានអំណាចម្នាក់នេះបានប្រកាសថា វាបានដឹងពីច្បាប់របស់ព្រះច្បាស់ណាស់ ហើយប្រសិនបើវាចុះចូលស្តាប់បង្គាប់ព្រះដូចជាទាសករនោះ នោះកិត្តិយសរបស់វានឹងត្រូវបានដកហូតចេញពីវាជាមិនខាន។ ព្រះនឹងមិនផ្តល់បេសកកម្មដ៏ខ្ពង់ខ្ពស់ឱ្យវាទៀតឡើយ។ វាបានប្រាប់ដល់ទេវតាថា ខ្លួនវាហើយនិងពួកទេវតាទាំងនោះ ឥឡូវនេះបានធ្វើដំណើរទៅមុខឆ្ងាយហើយ មិនអាចត្រឡប់ថយក្រោយវិញទេហើយថា ពួកគេនឹងប្រថុយពុះពារយ៉ាងក្លាហាន ទោះបីជាទទួលលទ្ធផលយ៉ាងណាក៏ដោយ តែត្រង់ឱ្យថ្វាយបង្គំដល់ព្រះរាជបុត្រារបស់ព្រះជាទាសករបែបនេះវាមិនអាចធ្វើបានទេហើយវាគិតថា ព្រះទ្រង់នឹងមិនលើកលែងទោសឱ្យវាឡើយ ដូច្នេះឥឡូវនេះពួកវាត្រូវតែការពារនូវសេរីភាពរបស់ពួកវា ហើយនិងទាមទារយកនូវតំណែងនិងអំណាចដែលព្រះមិនសព្វព្រះទ័យប្រគល់ឱ្យដល់ពួកវានោះដោយប្រើកម្លាំង។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក៣២
ខចងចាំ៖ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង ។ ចោទិយកថា ៦:៥