ថ្ងៃសុក្រ ទី០៥​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០១-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង ។ចោទិយកថា ៦:៥

អំណានប្រចាំថ្ងៃ៖ ការប្រយុទ្ធដើម្បីភាពស្មោះ​ត្រង់

ពួកទេវតាដែលស្មោះត្រង់បាន​​ប្រញាប់ប្រញាល់ចូលទៅកាន់ព្រះរាជបុត្រារបស់ព្រះ ហើយបានរៀបរាប់ទូលទ្រង់នូវអ្វីដែលកំពុងតែបានកើតទ្បើងក្នុងចំណោមពួកទេវតាទាំងឡាយ។ ទេវតាទាំងនោះបានរកឃើញព្រះវរបិតាកំពុងប្រជុំជាមួយព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យបានល្អបំផុតសម្រាប់ទេវតាដែលស្មោះត្រង់ ហើយកំចាត់អំណាចរបស់សាតាំងឱ្យអស់ជារៀងរហូត។ ព្រះដ៏ធំអាចគ្រវែង​ទេវតាឆបោកនេះពីស្ថានសួគ៌មកផែនដីបានភ្លាម ប៉ុន្តែ នោះមិនមែនជាព្រះហឫទ័យរបស់ទ្រង់ទេ។ ទ្រង់បានប្រទានឱកាសដល់ទេវតាដែលបះបោរ​ទាំងឡាយស្មើគ្នា ដើម្បីវាស់វែងនូវកម្លាំងនិងអំណាចជាមួយព្រះរាជបុត្រារបស់ទ្រង់ ហើយនិងទេវតាដែលស្មោះត្រង់។ នៅក្នុងសមរភូមិប្រយុទ្ធនេះ ទេវតាគ្រប់ៗអង្គអាចជ្រើសរើសនៅខាងណាមួយរៀងៗខ្លួន ហើយបង្ហាញឱ្យទេវតាទាំងអស់ឃើញដោយចំហ។ ការដែលទុកឱ្យពួក​ទេវតាដែលបានរួមគំនិតជាមួយនឹងសាតាំងក្នុងការប្រឆាំងបះបោរនៅលើស្ថានសួគ៌ទៀតនោះនឹងមិនមានសុវត្ថិភាពឡើយ។ ពួកវាបានរៀននូវមេរៀននៃការបះបោរដ៏ពិតប្រាកដប្រឆាំងនឹងច្បាប់ដែលមិនអាចកែប្រែបានរបស់ព្រះ ហើយ​ជំងឺ​នេះមិនអាចព្យាបាលបានឡើយ។ ប្រសិនបើព្រះបានប្រើ​អំណាច​របស់​ទ្រង់ ដើម្បីដាក់ទណ្ឌកម្មដល់មេបះបោរនេះ នោះទេវតាដែលមិនពេញ​ចិត្តនឹង​ទ្រង់ នឹងមិនបានឃើញច្បាស់នូវទឹកព្រះទ័យរបស់ទ្រង់ឡើយ ដូច្នេះហើយព្រះទ្រង់បានជ្រើសរើសយកផ្លូវផ្សេងទៀត ដ្បិតព្រះទ្រង់នឹងសម្តែងឱ្យពួកពលបរិវារនៃស្ថានសួគ៌ឃើញយ៉ាងជាក់ច្បាស់នូវសេចក្តីយុត្តិធម៌ និងការជំនុំ​ជម្រះ​របស់ទ្រង់។

ការបះបោរប្រឆាំងទាស់នឹងការគ្រប់គ្រងរបស់ព្រះ គឺជាអំពើ​ឧក្រិដ្ឋ​ដ៏បំផុំត។ ទេវតាទាំងអស់ហាក់ដូចជាមានការច្របូកច្របល់ជាខ្លាំង។ ទេវតាទាំងឡាយបានប្រមូលផ្តុំគ្នាជាក្រុមៗ ហើយផ្នែកនីមួយៗ មានទេវតាជា​មេបញ្ជាការថ្នាក់ខ្ពស់មួយអង្គ។ សាតាំងបានពោលបញ្ឆិតបញ្ឆៀង​ដល់​ការ​គ្រប់គ្រងរបស់ព្រះ វាមានសេចក្តីប្រាថ្នាចង់លើកតម្កើងខ្លួនឯងជាខ្លាំង និងមិនចង់ចុះចូលជាមួយនឹងអំណាចនៃព្រះរាជបុត្រារបស់ព្រះដែលជាមេបញ្ជាការដ៏ធំនៅស្ថានសួគ៌ឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ​ចោទិយកថា ជំពូក​ ២៨:១-១៤

ខចងចាំ៖​​ ​ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង ។ ចោទិយកថា ៦:៥

Powered by CAM