ថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ហើយទូលបង្គំបានតាំងច្បាប់របស់ទ្រង់នៅចំពោះភ្នែកដែរ។ទំនុកតម្កើង ១១៩:៣០
អំណានប្រចាំថ្ងៃ៖ សង្គ្រាមនៅស្ថានសួគ៌
ទេវតាទាំងអស់ត្រូវបានកោះឱ្យមកប្រជុំគ្នានៅចំពោះព្រះវរបិតា ដើម្បីវិនិច្ឆ័យករណីរបស់គេរៀងៗខ្លួន។ សាតាំងបានប្រកាសដោយឥតអៀនខ្មាសថា វាមិនពេញចិត្តនឹងព្រះគ្រីស្ទដែលជាទីគាប់ព្រះហឫទ័យនៃព្រះវរបិតា ខ្លាំងជាងវានោះឡើយ។ វាបានឈរឡើងដោយអំនួត ហើយអះអាងថាវាត្រូវតែមានឋានៈស្មើនឹងព្រះ ហើយត្រូវតែបានចូលរួមប្រជុំជាមួយនឹងព្រះវរបិតា និងត្រូវតែយល់នូវបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះទ្រង់បានប្រាប់សាតាំងថា មានតែព្រះរាជបុត្រារបស់ទ្រង់តែមួយអង្គប៉ុណ្ណោះ ដែលទ្រង់អាចនឹងបើកសម្តែងឱ្យជ្រាបពីគោលបំណងដ៏លាក់កំបាំងរបស់ទ្រង់ ហើយទ្រង់បានតម្រូវឱ្យគ្រប់គ្រួសារទាំងអស់នៅស្ថានសួគ៌ រួមទាំងសាតាំងផង គោរពនិងស្តាប់បង្គាប់ទ្រង់ ដោយគ្មានសង្ស័យ ប៉ុន្តែសាតាំងបានបញ្ជាក់ថាវាមិនមានតម្លៃនឹងរស់នៅក្នុងព្រះរាជវាំងនៃនគរស្ថានសួគ៌ឡើយ។ បន្ទាប់មក សាតាំងបានចង្អុលដោយត្រេកអរទៅទេវតាដែលគាំ្រទវា ដែលមានចំនួនរហូតដល់ជិតពាក់កណ្តាលនៃចំនួនទេវតាទាំងអស់នោះ ហើយប្រកាសថា «ទេវតាទាំងអស់នោះនៅខាងខ្ញុំ តើទ្រង់នឹងបណ្តេញពួកគេចេញ ហើយទុកឱ្យស្ថានសួគ៌នៅទទេឬ?» រួចវាបានប្រកាសថាវាបានរៀបចំតស៊ូប្រឆាំងនឹងអំណាចរបស់ព្រះគ្រីស្ទ ហើយការពារកន្លែងរបស់វានៅស្ថានសួគ៌ដោយប្រើអានុភាពកម្លាំងទល់នឹងកម្លាំង។
ទេវតាល្អបានយំដោយឮសំដីរបស់សាតាំង និងអំនួតដ៏ត្រេកត្រអាលរបស់វា។ ព្រះបានប្រកាសថា ទេវតាដែលបះបោរមិនអាចនៅក្នុងនគរស្ថានសួគ៌តទៅទៀតបានទេ។ លក្ខណៈដ៏ខ្ពង់ខ្ពស់និងសប្បាយរីករាយរបស់ពួកវាអាស្រ័យទៅលើលក្ខខណ្ឌនៃការស្តាប់បង្គាប់តាមច្បាប់ដែលព្រះបានប្រទានឱ្យសម្រាប់គ្រប់គ្រងចក្រវាលទាំងមូល។ ព្រះមិនអាចអត់ឱនដល់អស់អ្នកដែលហ៊ានបំពានទៅលើច្បាបរ់បស់ទ្រង់ឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក១៩
ខចងចាំ៖ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង ។ ចោទិយកថា ៦:៥