ថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ពីព្រះឱស្ឋទ្រង់។ ទំនុកតម្កើង ៣៣:៦
អំណានប្រចាំថ្ងៃ
ព្រះវរបិតានិងព្រះរាជបុត្រាបានចូលរួមនៅក្នុងការងារដ៏ធំអស្ចារ្យ និងមានសិរីរុងរឿងដែលទ្រង់បានព្រះតម្រិះយ៉ាងច្បាស់លាស់ គឺការបង្កបង្កើតពិភពលោក។ ផែនដីបានកើតទ្បើងដោយសារស្នាព្រះហស្តនៃព្រះអាទិករដែលមានសម្រស់ល្អក្រៃលែង។ មានភ្នំហើយនិងទួលជាច្រើនព្រមទាំងវាលរាបគ្រប់ទិសទី ហើយមានលាយឡំទៅដោយទន្លេ បឹងបួរ និងសមុទ្រជាច្រើន។ ផែនដីមិនមែនគ្រាន់តែជាវាលដ៏ធំល្វឹងល្វើយប៉ុណ្ណោះទេ ប៉ុន្តែ ទេសភាពតែមួយគត់ដែលត្រូវបានរំលេចដោយទួលនិងភ្នំទាំងឡាយដែលមិនខ្ពស់ និងមិនរឆេចរឆូចដូចសព្វថ្ងៃនេះឡើយ ប៉ុន្តែមានទ្រង់ទ្រាយរាបស្មើនិងល្អស្រស់ជាខ្លាំង។ គេមិនដែលឃើញថ្មស្រួចៗ និងខ្ពស់ៗនៅលើភ្នំទាំងនោះទេ ប៉ុន្តែ ថ្មទាំងឡាយបានស្ថិតនៅខាងក្រោមផ្ទៃដីដែលហាក់ ដូចជាឆ្អឹងនៃផែនដី។ ទឹកហូរខ្វាត់ខ្វែងទៅគ្រប់ទិសទី។ ដីទួល ភ្នំ និងវាលរាបទាំងឡាយដែលតាក់តែងលំអដោយរុក្ខជាតិ និងបុប្ផាគ្រប់យ៉ាងអមដោយ ដើមឈើធំៗខ្ពស់ៗហួសពីការពិពណ៌នាដែលធំ និងល្អស្រស់ជាងដើមឈើទាំងឡាយនៅសម័យសព្វថ្ងៃនេះជាអនេក។ ខ្យល់អាកាសបរិសុទ្ធ ហើយពោរពេញទៅដោយសុខភាពល្អ ផែនដីហាក់បីដូចជាព្រះរាជវាំងដ៏អស្ចារ្យមួយ។ ពួកទេវតាបានទតមើល ដោយអំណរដល់ការងារដ៏អស្ចារ្យនិងល្អត្រកាលរបស់ព្រះ។
បន្ទាប់ពីផែនដីត្រូវបានបង្កើតរួចរាល់ហើយមានទាំងសត្វតូចធំទាំងឡាយនៅលើនោះផង ព្រះវរបិតា និងព្រះរាជបុត្រាបានបន្តនូវព្រះរាជបំណងរបស់ទ្រង់ដែលព្រះអង្គបានរៀបចំតាំងពីមុនសាតាំងបានធ្លាក់ចុះ នោះគឺការបង្កើតមនុស្សឱ្យដូចជារូបអង្គទ្រង់។ ទ្រង់បានដាក់បញ្ចូលគ្នានូវការបង្កបង្កើតលោកនិងសត្វមានជីវិតទាំងឡាយនៅលើផែនដី។ ហើយឥឡូវនេះទ្រង់បានមានបន្ទូលទៅកាន់ព្រះរាជបុត្រារបស់ទ្រង់ថា «ចូរយើងធ្វើមនុស្សឱ្យដូចជារូបយើង»។ នៅពេលដែលលោកអ័ដាមបានកើតចេញពីព្រះហស្តរបស់ព្រះអាទិករមក គាត់មានកំពស់ខ្ពស់ស្រឡះ ហើយមានរូបរាងយ៉ាងសង្ហានិងល្អគ្រប់លក្ខណ៍។ គាត់មានកំពស់ខ្ពស់ជាងមនុស្សដែលរស់នៅលើផែនដីនេះដល់ទៅជាងពីរដងហើយស័ក្តិសមឥតមានទាស់។ រូបរាងរបស់គាត់ល្អគ្រប់លក្ខណ៍ និងសង្ហាក្រៃលែង។ ពណ៌សម្បុរ ស្បែករបស់គាត់មិនសពេកមិនខ្មៅពេក ប៉ុន្តែ ក្រហមព្រឿងៗបង្ហាញពីភាពបរិបូណ៌ទៅដោយសុខភាពល្អ។ នាងអេវ៉ាមិនខ្ពស់ដូចលោកអ័ដាមទេ។ ក្បាលរបស់នាងសឹងតែស្មើនឹងស្មារបស់លោកអ័ដាម។ នាងក៏មានលក្ខណៈសម្បត្តិល្អឥតទាស់ និងមានសម្រស់ស្អាតឥតគណនាដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖លោកុប្បត្តិ ជំពូក១
ខចងចាំ៖ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ទំនុកតម្កើង ១១៩:១១