ថ្ងៃអង្គារ ទី០៩​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឯង​រាល់​គ្នា​បាន​ពរ​ពី​ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ទំនុកតម្កើង ១១៥:១៥

អំណានប្រចាំថ្ងៃ៖ នៅក្នុងសួនច្បារអេដែន

គូស្រករដែលគ្មានបាបមួយគូនេះមិនបានស្លៀកសំលៀកបំពាក់ដែលដៃមនុស្សធ្វើទេ។ ពួកគេបានគ្របដណ្តប់ដោយពន្លឺ និងសិរីល្អដូចជាទេវតាដែរ។ ខណៈដែលពួកគេបានរស់នៅដោយស្តាប់បង្គាប់ព្រ រង្វង់នៃពន្លឺនេះបាននៅព័ទ្ធជុំវិញគេ។ ទោះបីជាព្រះបានបង្កើតអ្វីៗទាំងអស់ ដោយមានលក្ខណៈល្អឥតខ្ចោះក៏ដោយ ក៏មើលទៅអ្វីៗដែលព្រះបានបង្កើតនៅលើផែនដីនេះហាក់ដូចជាមិនទាន់គ្រប់គ្រាន់ នឹងធ្វើឱ្យគេទាំងពីរនាក់សប្បាយឡើយ ទ្រង់ក៏បានបង្ហាញនូវសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ដល់ពួកគេ ដោយបានធ្វើសួនច្បារមួយជាពិសេសសម្រាប់ពួកគេទាំងពីរនាក់។ ពួកគេត្រូវចំណាយពេលវេលារបស់គេមួយចំណែក ដើម្បីថែរក្សាសួនច្បារដោយសេចក្តីសប្បាយរីករាយ ហើយមួយចំណែកទៀតសម្រាប់ទទួលការមកលេងរបស់ពួកទេវតា ស្តាប់ការណែនាំរបស់លោក និងការថ្វាយបង្គំព្រះដោយរីករាយ។ ការងាររបស់គេមិនមែនជាការហត់នឿយឡើយ ប៉ុន្តែ គឺជាការមានអំណរនិងធ្វើឱ្យមានការរីកចម្រើន និងមានកម្លាំងពលំទៅវិញ។ សួនច្បារដ៏ស្រស់ស្អាតនោះគឺជាលំនៅស្ថានរបស់ពួកគេ។ ហើយនៅក្នុងសួនច្បារនេះ ព្រះអម្ចាស់ទ្រង់បានដាក់ដើមឈើខុសៗគ្នាគ្រប់ប្រភេទសម្រាប់ឱ្យគេប្រើជាប្រយោជន៍និងសម្រាប់តុបតែងលំអ។ មានដើមឈើជាច្រើនមានផ្លែត្រសុំត្រសាយដែលមានក្លិនដ៏ក្រអូប ព្រមទាំងមានសម្រស់ស្រស់ស្អាតគួរជាទីគយគន់ ព្រមទាំងមានរសជាតិយ៉ាងឆ្ងាញ់ពិសា ដែលព្រះបានរៀបចំសម្រាប់គូស្រករមួយគូនេះ។ មានវល្លិដុះត្រង់ឡើងលើ គួរឱ្យស្រឡាញ់ រំលេចដោយផ្លែរណែងរណោងគួរឱ្យពិចពិលរមិលមើល មិនដូចជាផ្លែឈើដែលមនុស្សបានឃើញនៅសម័យសព្វថ្ងៃនេះ ក្រោយពីមនុស្សមានបាបនោះឡើយ។ ផ្លែឈើធំៗហើយមានពណ៌ផ្សេងៗគ្នាជាច្រើន ខ្លះមានពណ៌ក្រមៅ ខ្លះទៀតពណ៌ស្វាយ ក្រហម ផ្កាឈូក និងពណ៌បៃតងខ្ចី។ ផ្លែដ៏ត្រសុំត្រសាយនិងស្រស់ស្អាតដែលផុសចេញពីខ្នែងនៃវល្លិនោះ គឺផ្លែទំពាំងបាយជូរ។ វល្លិទំពាំងបាយជូរទាំងនោះមិនវារនៅ លើដីទេទោះបីជាមិនមានទ្រើងទ្រក៏ដោយ តែទម្ងន់នៃផ្លែរបស់វាបានធ្វើឱ្យដើមវាទោរទន់។ វាជាការងារដ៏សប្បាយរីករាយរបស់ លោកអ័ដាមនិងនាងអេវ៉ាក្នុងការបង្កើតម្លប់ដ៏ល្អស្អាត ពីមែកទំពាំងបាយជូរហើយពត់វា បង្កើតបានជាជម្រកធម្មជាតិដ៏ស្រស់ស្អាត ដែលហ៊ុំព័ទ្ធដោយដើមឈើរស់ទាំងឡាយដែលមានស្លឹកលំអដោយផ្លែដ៏មានក្លិនក្រអូបឈ្ងុយឈ្ងប់។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ជំពូក​២

ខចងចាំ៖​​ ​ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត ប្រយោជន៍​​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។ ទំនុកតម្កើង ១១៩:១១

Powered by CAM