ថ្ងៃសុក្រ ទី១០​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៦-ត


អំណានព្រះគម្ពីរពេលព្រឹក៖ មនុស្ស​មួម៉ៅ​រមែង​អុចអាល ឲ្យ​កើត​មាន​សេចក្តី​ទាស់ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។ចិត្ត​ឆ្មើងឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាបថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព​រាបទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ។ សុភាសិត ២៩:២២

អំណានប្រចាំថ្ងៃ៖ កាអុីនបែរជាខឹង

នៅពេលដែលកាអុីនបានឃើញថាព្រះបានទទួលតង្វាយរបស់អេបិលហើយមិនទទួលតង្វាយរបស់គាត់ ដូច្នេះ​គាត់ខឹងជាខ្លាំង។​ ដោយ​សេចក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់របស់​ទ្រង់ ព្រះបានចាត់ទេវតា​ឲ្យទៅ​និយាយជាមួយនឹងកាអុីន។ ទេវតាបានចោទសួរកាអ៊ីនពីមូលហេតុនៃកំហឹងរបស់គាត់ និងបាន​មាន​ព្រះបន្ទូលប្រាប់គាត់ថា ប្រសិនបើគាត់​ធ្វើល្អ និង​ធ្វើតាមការណែនាំ​ទាំងឡាយដែលព្រះបានបង្គាប់មក នោះ​ព្រះទ្រង់​នឹង​ទទួលយកគាត់ និងគោរពចំពោះតង្វាយរបស់គាត់ជាមិនខាន។ ប៉ុន្តែ ប្រសិនបើគាត់មិនចុះចូលជាមួយនឹងការរៀបចំរបស់ព្រះដោយបន្ទាប​ខ្លួន ព្រមទាំងមានជំនឿនិងស្តាប់បង្គាប់ដល់ទ្រង់នោះទេ នោះព្រះទ្រង់ក៏​មិនអាចទទួលយកតង្វាយរបស់គាត់ដែរ។ ទេវតាប្រាប់កាអ៊ីនថា គ្មានភាព​អយុត្តិធម៌​នៅក្នុងផ្នែកណាមួយនៃ​ព្រះហឫទ័យរបស់​ព្រះ​ឡើយ ឬក៏គ្មានអ្វីដែល​បង្ហាញថា ព្រះទ្រង់លំអៀង​ទៅខាងអេបិលនោះដែរ ប៉ុន្តែ នោះគឺជាការទទួលខុសត្រូវនៃអំពើបាបផ្ទាល់ខ្លួនរបស់គាត់ និងការ​មិនបានស្តាប់បង្គាប់នូវការត្រាស់បង្គាប់របស់គាត់ទៅ​វិញទេ ដែលធ្វើឱ្យ​ព្រះមិនអាច​ទទួលតង្វាយ​របស់គាត់នោះហើយប្រសិន​បើគាត់បានធ្វើ​ល្អនោះ ព្រះមុខជាបានទទួលយកគាត់ហើយព្រោះគាត់គឺជាកូនច្បង។

ប៉ុន្តែ ទោះបីជាបន្ទាប់ពីបានទទួលការទូន្មានដ៏ស្មោះត្រង់របស់ទេវតាក្តី ក៏កាអ៊ីនមិនបានកែប្រែចិត្តដែរ។ ផ្ទុយទៅវិញ គាត់មិនបានកែប្រែ​កំហុសនិងស្អប់ខ្ពើមខ្លួនឯងចំពោះការមិនមានជំនឿរបស់គាត់ទេ តែគាត់នៅតែត្អូញត្អែរពីភាពអយុត្តិធម៌ និងភាពលំអៀងរបស់ព្រះទៅវិញ។ ដោយក្តីច្រណែន​និងសម្អប់របស់គាត់ជាមួយអេបិល គាត់ខឹងនឹងអេបិលហើយ​ស្តីបន្ទោស​ដល់ប្អូន។ អេបិលបានបង្ហាញយ៉ាងច្បាស់នូវកំហុសបងប្រុសរបស់គាត់ ដោយសុភាពស្លូតបូត ព្រមទាំងបានបង្ហាញគាត់ថា កំហុសនោះគឺ​មកពីគាត់។ ប៉ុន្តែ កាអ៊ីនស្អប់ប្អូនរបស់ខ្លួន តាំងពីពេលដែល​ព្រះបានបង្ហាញ​ភស្តុតាង​របស់ទ្រង់ ពីការទទួលយកតង្វាយរបស់អេបិលមក។ អេបិលជាប្អូន​ប្រុស​របស់គាត់ បានព្យាយាមរកវិធីធ្វើឱ្យកំហឹងបងរបស់គាត់បានស្រាកស្រាន្តដោយអះអាងបញ្ជាក់ពីសេចក្តីអាណិតអាសូររបស់ព្រះ ដែលទ្រង់មានក្នុងជីវិតឪពុកម្តាយរបស់ពួកគេ នៅពេលទ្រង់អាចសម្លាប់ពួកគាត់ភ្លាមមួយរំពេចនោះ។ គាត់ប្រាប់កាអ៊ីនថា ព្រះទ្រង់ស្រឡាញ់ពួកគេ ឬព្រះមិនចាំបាច់ប្រទានព្រះរាជបុត្រារបស់ទ្រង់ដ៏បរិសុទ្ធនិងគ្មានបាបឱ្យមកទទួលរងការឈឺចាប់ដោយសេចក្តីក្រោធដែលមនុស្សត្រូវទទួល ដោយសារតែការមិនស្តាប់បង្គាប់របស់គាត់នោះឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ អេភេសូរ ៤៖១៧-៣២

ខចងចាំ៖​​ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ។ យ៉ូហាន ៣:១៦

Powered by CAM