ថ្ងៃសៅរ៍ ទី១១​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៦-ត


អំណានព្រះគម្ពីរពេលព្រឹក៖ អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ។ សុភាសិត ២៨:១៣

អំណានប្រចាំថ្ងៃ៖ កាអុីនបែរជាខឹង

នៅពេលដែលអេបិលពេញចិត្តនឹងផែនការរបស់ព្រះ កាអ៊ីនបាន​បែរ​ជាក្តៅក្រហាយ ហើយកំហឹងរបស់គាត់បានពុះពោរឡើងយ៉ាងឆេះឆួលទាស់នឹងអេបិលរហូតសម្លាប់អេបិលចោលទាំងកំរោល។ ព្រះបានសួរកាអ៊ីនរក​ប្អូនប្រុសរបស់គាត់ កាអ៊ីនទូលឆ្លើយថា ទូលបង្គំមិនដឹងទេ «តើទួលបង្គំជាអ្នកថែរក្សាប្អូនឬអី?» នោះទ្រង់មានបន្ទូលសួរថា ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសម្រែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ ឥឡូវនេះ​ឯង​ត្រូវ​ដីដាក់បណ្តាសា ដោយបានទទួលឈាមនៃប្អូនពីដៃឯង កាលណា​ឯងធ្វើ​ស្រែ​ចំការ នោះដីនឹងមិនបង្កើតឱ្យឯងដ៏ពេញកម្លាំងទៀតទេ ឯងត្រូវ​រសាត់​ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ»។

ព្រះបានដាក់បណ្តាសាមកលើដីលើកទីមួយរួចមកហើយ តែនៅ​ពេល​នោះ បណ្តាសានោះស្រាលទេ ប៉ុន្តែ ឥឡូវនេះបណ្តាសាបានធ្លាក់​មក​លើដីទ្វេឡើងមួយជាពីរ។ កាអ៊ីននិងអេបិលតំណាងឱ្យមនុស្សពីរប្រភេទ អ្នកសុចរិត និងអ្នកទុច្ចរិត អ្នកជឿនិងអ្នកមិនជឿដែលបានកើតមានឡើងតាំងពីការធ្លាក់ចុះរបស់មនុស្ស រហូតដល់ការយាងមកវិញជាលើកទីពីររបស់ព្រះគ្រីស្ទ។ ការសម្លាប់អេបិលជាប្អូនរបស់កាអ៊ីនតំណាងឱ្យមនុស្សអាក្រក់​ដែលច្រណែន និងស្អប់ដល់មនុស្សសុចរិត ដោយសារតែពួក​គេល្អជាង​ខ្អួន។ ពួកគេនឹងច្រណែនជាមួយមនុស្សសុចរិត ហើយបៀតបៀន និងសម្លាប់​ពួក​គេ ពីព្រោះការប្រព្រឹត្តិត្រឹមត្រូវរបស់ពួកគេថ្កោលទោសដល់​អំពើបាប​របស់​ខ្លួន (មនុស្សអាក្រក់)។

ជីវិតរបស់លោកអ័ដាមគឺជាជីវិតដ៏ពោរពេញទៅដោយទុក្ខព្រួយ ការបន្ទាបខ្លួន និងការកែប្រែចិត្ត ជាបន្តបន្ទាប់។ នៅពេលដែលគាត់បានបង្រៀនដល់កូនចៅរបស់គាត់ពីការកោតខ្លាចដល់ព្រះ គាត់តែងតែបានស្តីបន្ទោសយ៉ាងជូរចត់នូវអំពើបាបរបស់គាត់ ដែលបាននាំមកនូវទុក្ខវេទនាយ៉ាងច្រើនដល់កូនចៅជំនាន់ក្រោយរបស់គាត់។ នៅពេលដែលគាត់បានចាកចេញពីសួនច្បារអេដែនដ៏ស្រស់បំព្រង គំនិតដែលថា គាត់ត្រូវតែស្លាប់​បានធ្វើ​ឱ្យ​​គាត់រំភើបញាប់ញ័រ។ គាត់បានសម្លឹងមើលទៅសេចក្តីស្លាប់ ដោយការភ័យ​ខ្លាចដ៏រន្ធត់។ គាត់បានជួបនឹងសេចក្តីស្លាប់ពិតប្រាកដ ដ៏គួរឱ្យរន្ធត់នៅក្នុងគ្រួសាររបស់គាត់ជាលើកដំបូងបង្អស់ ដោយកាអ៊ីនជាកូនរបស់គាត់ផ្ទាល់បានសម្លាប់អេបិលជាប្អូន។ ដោយមានវិប្បដិសារីជូរចត់បំផុតចំពោះការរំលងច្បាប់របស់គាត់ ព្រមទាំងការសោកស្តាយអេបិលជាកូន និងមើលទៅកាអ៊ីន​ដែលជាឃាតក ចិត្តរបស់លោកអ័ដាមត្រូវខ្ទេចខ្ទាំដោយទុក្ខព្រួយ។

អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហានទី១ ជំពូក​៣

ខចងចាំ៖​​ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ។ យ៉ូហាន ៣:១៦

Powered by CAM