ថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់។ យ៉ូហានទី១ ១:៧
អំណានប្រចាំថ្ងៃ៖ កាអុីនបែរជាខឹង
ទង្វើដ៏ជូរចត់បំផុតនោះគឺគាត់ស្តីបន្ទោសខ្លួនឯង ចំពោះការរំលងនឹងច្បាប់របស់ព្រះជាលើកដំបូងរបស់គាត់។ គាត់បានទទូចអង្វរសុំការលើកលែងទោសពីព្រះតាមរយៈតង្វាយយញ្ញបូជាដែលទ្រង់បានសន្យា។ គាត់បានដឹងយ៉ាងច្បាស់អំពីសេចក្តីក្រោធរបស់ព្រះ ទៅនឹងអំពើឧក្រិដ្ឋដែលគាត់បានប្រព្រឹត្ត នៅក្នុងសួនច្បារអេដែន។ គាត់បានឃើញនូវអំពើពុករលួយដ៏ទូលំទូលាយដែលកើតឡើងជាបន្តបន្ទាប់ទីបំផុតបានបណ្តាលឱ្យព្រះបំផ្លាញមនុស្សលោកដែលរស់នៅលើផែនដីដោយទឹកជំនន់។ ការផ្តន្ទាទោសដល់ស្លាប់ដែលព្រះអាទិកររបស់គាត់បានប្រទានដល់គាត់បានលេចឡើងយ៉ាងគួរឱ្យរន្ធត់នៅចំពោះគាត់ជាលើកដំបូង ក្រោយពីគាត់បានរស់នៅរាប់រយឆ្នាំមក គាត់បានសម្លឹងមើលទៅឯភាពយុត្តិធម៌ និងសេចក្តីមេត្តារបស់ព្រះ ដើម្បីបញ្ចប់ជីវិតដ៏ពោរពេញទៅដោយសេចក្តីវេទនានេះ។
លោកអ័ដាមបានឃើញសញ្ញានៃការពុករលួយរបស់ធម្មជាតិជាលើកដំបូង ដោយមានស្លឹកឈើជ្រុះចាកមែក និងផ្ការុះរោយចាកទង គាត់បានកើតទុក្ខខ្លាំងជាងមនុស្សនៅសម័យនេះកើតទុក្ខដោយមានមនុស្សស្លាប់ទៅទៀត។
គាត់បានពិពណ៌នារៀបរាប់ប្រាប់ដល់កូនចៅរបស់គាត់រហូតដល់ប្រាំបួនជំនាន់ អំពីប្រណីតភាពនៃសួនច្បារអេដែន និងការធ្លាក់ចុះរបស់គាត់ ព្រមទាំងលទ្ធផលដ៏គួរឱ្យភ័យខ្លាចរបស់វា និងបន្ទុកនៃសេចក្តីទុក្ខដែលធ្វើឱ្យគ្រួសាររបស់គាត់បែកបាក់គ្នា ដែលបានបញ្ចប់ដោយមរណភាពរបស់អេបិល។ គាត់បានរៀបរាប់ប្រាប់ពួកគេនូវការឈឺចាប់ដែលព្រះបានបណ្តាលឱ្យគាត់ឆ្លងកាត់ ដើម្បីបង្រៀនគាត់អំពីការចាំបាច់នៃការគោរពតាមច្បាប់របស់ព្រះអង្គឱ្យបានម៉ឺងម៉ាត់។ គាត់បានប្រកាសប្រាប់ដល់ពួកគេថា អំពើបាបនឹងការដាក់ទណ្ឌកម្មដល់ពួកគេតាមទម្ងន់ដែលគេបានប្រព្រឹត្ត។ គាត់បានទទូចអង្វរឱ្យពួកគេស្តាប់បង្គាប់ព្រះដែលនឹងដោះស្រាយជាមួយគេដោយសេចក្តីមេត្តាករុណា ប្រសិនបើគេស្រឡាញ់និងកោតខ្លាចដល់ទ្រង់។
ទេវតាបានទាក់ទងជាមួយនឹងលោកអ័ដាម បន្ទាប់ពីគាត់មានបាបមកដោយបានប្រាប់គាត់អំពីផែនការនៃសេចក្តីសង្គ្រោះ ហើយថាមនុស្សលោកនឹងត្រូវបានទទួលការប្រោសលោះគ្រប់ៗគ្នា។ ទោះបីជាការបំបែកដ៏គួរឱ្យភ័យខ្លាចបានកើតឡើងដល់មនុស្សឱ្យឃ្លាតចេញពីព្រះក៏ដោយ ក៏ព្រះបានបម្រុងទុកព្រះរាជបុត្រារបស់ទ្រង់សម្រាប់ជាតង្វាយដល់ពួកគេ ដើម្បីឱ្យមនុស្សបានសង្គ្រោះដែរ។ ប៉ុន្តែ សេចក្តីសង្ឃឹមតែមួយគត់របស់ពួក គេ គឺមានតែតាមរយៈជីវិតដែលកែប្រែចិត្តដោយបន្ទាបខ្លួននិងមានជំនឿលើតង្វាយដែលព្រះបានរៀបចំទុកបម្រុងនោះតែប៉ុណ្ណោះ។ មានតែអស់អ្នក ណាដែលទទួលព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ខ្លួនតែប៉ុណ្ណោះដែលនឹងត្រូវទទួលបាននូវសេចក្តីស្រឡាញ់ពីព្រះឡើងវិញតាមរយៈសេចក្តីសុចរិតនៃព្រះរាជបុត្រារបស់ព្រះ។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ៤៖១៦-២៦
ខចងចាំ៖ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់។ យ៉ូហានទី១ ១:៧