ថ្ងៃចន្ទ ទី១៣​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ (ជំពូកទី-០៧)​

សេត និងហេណុក


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នាឲ្យ​លះ​ចោល​សេចក្តី​ទមិល​ល្មើស និង​សេចក្តី​ប៉ងប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្តី​ធ្ងន់ធ្ងរ សេចក្តី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ។ ទីតុស ២:១១-១២

អំណានប្រចាំថ្ងៃ

សេតគឺជាតួអង្គដ៏ល្អ ហើយជាអ្នកដែលបានធ្វើល្អដូចជាអេបិលដែរ។ ប៉ុន្តែ គាត់ជាកូនរបស់អ័ដាម ជាមនុស្សមានបាបដូចជាកាអ៊ីន ហើយក៏មិនបានទទួលនិស្ស័យជាមនុស្សល្អជាងកាអ៊ីន​ដែរ។ គាត់បានកើតមកនៅ​ក្នុង​អំពើបាប ប៉ុន្តែ ដោយព្រះគុណរបស់ព្រះ គាត់បានទទួលការបង្រៀន​ពីលោក​អ័ដាមជាឪពុកគាត់បានសរសើរតម្កើងព្រះ ដោយធ្វើតាម​ព្រះហឫទ័យ​របស់ទ្រង់។ គាត់បានបំបែកខ្លួនគាត់ចេញពីពូជអំបូរពុករលួយរបស់កាអ៊ីន ហើយបានបែរចេញពីមនុស្សមានបាបមកគោរពនិងកោតខ្លាចដល់ព្រះជាខ្លាំងដូចជាអេបិលដែរ។

លោកហេណុកគឺជាមនុស្សបរិសុទ្ធ។ គាត់បានបំរើព្រះយ៉ាងអស់ពីចិត្ត។ គាត់បានដឹងពីអំពើពុករលួយរបស់គ្រួសារនៃមនុស្ស ហើយគាត់បានបំបែកខ្លួនគាត់ចេញពីពូជអំបូររបស់កាអ៊ីន ហើយស្តីបន្ទោសដល់ពួកគេចំពោះអំពើ​ដ៏អាក្រក់របស់ពួកគេ។ មានមនុស្សខ្លះនៅលើផែនដីដែលទទួលស្គាល់ព្រះ កោតខ្លាចទ្រង់ និងថ្វាយបង្គំដល់ទ្រង់។ តែលោកហេណុកដ៏សុចរិតមានកង្វល់យ៉ាងខ្លាំងទៅនឹងកំណើននៃអំពើអាក្រក់របស់មនុស្សដែលគ្មានព្រះដែលគាត់មិនបានទាក់ទងជាមួយនឹងគេជារៀងរាល់ថ្ងៃ ដោយខ្លាចក្រែងគាត់ត្រូវទទួលឥទ្ធិពលពីការមិនស្មោះត្រង់របស់ពួកគេ និងខ្លាចក្រែងគាត់លែង​គោរព​ដល់​ព្រះ ដោយការគោរពដ៏បរិសុទ្ធស្របទៅតាមអត្តចរិតរបស់ទ្រង់តទៅទៀត។ ចិត្តរបស់គាត់បានមួម៉ៅឡើង នៅពេលដែលគាត់បានឃើញពួកគេជាន់ឈ្លីអំណាចរបស់ព្រះ។ គាត់បានសម្រេចចិត្តបំបែកខ្លួនចេញពីពួកគេ ហើយបានចំណាយពេលជាច្រើននៅតែម្នាក់ឯងដើម្បីអធិស្ឋាន។ គាត់បានរង់ចាំនៅ​ចំពោះព្រះ ហើយអធិស្ឋានដើម្បីឱ្យបានដឹងពីព្រះហឫទ័យរបស់ទ្រង់។ ព្រះបានប្រាស្រ័យទាក់ទងជាមួយនឹងលោកហេណុកតាមរយៈពួកទេវតា ហើយបានប្រទានដល់គាត់នូវការណែនាំរបស់ទ្រង់។ ព្រះអង្គបានប្រាប់គាត់ថា គាត់នឹងមិនត្រូវនៅជាមួយនឹងមនុស្សដែលមានបាបនេះរហូតទេ ព្រោះទ្រង់មានបំណងនឹងបំផ្លាញពូជមនុស្សដែលមានបាបនេះដោយបណ្តាលឱ្យមានទឹកជំនន់ជន់លិចផែនដីទាំងមូល។

អំណានព្រះគម្ពីរពេលល្ងាច៖​លោកលុប្បត្តិ ៥៖១-៨

ខចងចាំ៖​​ ​តែ​បើ​យើង​រាល់​គ្នា​ដើរក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្តី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះលោហិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់។ យ៉ូហានទី១ ១:៧

Powered by CAM