ថ្ងៃអង្គារ ទី១៤​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឯ​ហេណុក ជា​ដំណ​ទី​៧​ពី​លោក​អ័ដាម​មក គាត់​បាន​ទាយ​ពី​មនុស្ស​ទាំង​នោះ​ថា មើល ព្រះអម្ចាស់​ទ្រង់​យាង​មក នៅ​កណ្តាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំងឡាយ ហើយ​និង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អម្បាលម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្តី​រឹងទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់។ យូដាស​ ខ:១៤-១៥

អំណានប្រចាំថ្ងៃ៖ សេចក្តីសង្ឃឹមហួសពីផ្នូរ

សួនច្បារអេដែនជាទីស្រឡាញ់​និងដ៏បរិសុទ្ធដែលព្រះបានដាក់ឪពុកម្តាយដើមរបស់យើងនោះ មាននៅរហូតមកដល់​ពេលព្រះមានបំណងនឹងបំផ្លាញផែនដីដោយទឹកជំនន់។ ព្រះបានធ្វើសួនច្បារនេះ ហើយបានប្រទាន​ព្រះពរ ជាពិសេសដល់សួនច្បារនោះ ហើយទ្រង់បានដកយកសួនច្បារនេះចេញពីផែនដីដោយព្រះប្រាជ្ញាញាណដ៏មានព្រះចេស្តារបស់ទ្រង់ រួចទ្រង់​នឹងយកមកដាក់នៅលើផែនដីនេះវិញម្តងទៀត ដោយតាក់តែងយ៉ាងល្អជាងកាលដែលទ្រង់បានយកចេញពីផែនដីនេះទៅទៀត។ ព្រះអង្គមានគោលបំណងរក្សាការបង្កបង្កើតលោកដ៏គ្រប់លក្ខណ៍របស់ទ្រង់ឱ្យផុតពីបណ្តាសាដែលទ្រង់បានដាក់ដល់ផែនដី។

ព្រះបានបើកបង្ហាញនូវផែនការនៃសេចក្តីសង្គ្រោះឱ្យលោកហេណុកឃើញកាន់តែច្បាស់ ហើយដោយវិញ្ញាណនៃបទទំនាយ ទ្រង់បានបង្ហាញគាត់អំពីមនុស្សជាច្រើនជំនាន់ដែលរស់នៅក្រោយទឹកជំនន់ ហើយបានបង្ហាញគាត់នូវព្រឹត្តិការណ៍ធំៗ ដែលបានភ្ជាប់ទំនាក់ទំនងទៅនឹងការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទនិងទីចុងបំផុតនៃពិភពលោក(យូដាស)។ លោកហេណុកមានកង្វល់អំពីសេចក្តីស្លាប់។ ចំពោះគាត់មនុស្សសុចរិតនិងមនុស្សទុច្ចរិតនឹងក្លាយទៅជាធូលីដីទាំងអស់គ្នា ហើយការនោះអាចក្លាយជាទីបញ្ចប់របស់ពួកគេ។ គាត់បានមើលឃើញថា ជីវិតទៅមិនហួសពីផ្នូរ (ចៀសពីសេចក្តីស្លាប់មិនរួច) នោះឡើយ។ ព្រះបានបង្រៀនគាត់នៅក្នុងការបើកសម្តែងខាងបទទំនាយមួយទាក់ទងនឹងព្រះរាជបុត្រារបស់ព្រះ ដែលនឹងត្រូវសុគតសម្រាប់ជាតង្វាយយញ្ញបូជាជំនួសមនុស្ស ហើយព្រះបានបង្ហាញគាត់ពីការយាងទៅលើពពករបស់ព្រះគ្រីស្ទដែលមានពួកទេវតាហែហមជាច្រើនអង្គបានប្រទានជីវិតដល់អ្នកសុចរិតដែលបានស្លាប់ ព្រមទាំងបានចេញថ្លៃលោះឱ្យគេរួចពីសេចក្តីស្លាប់ផង។ គាត់ក៏បានឃើញ​អំពើ​អាក្រក់របស់ពិភពលោក នៅគ្រាដែលព្រះគ្រីស្ទយាងមកវិញជាលើកទីពីរផងដែរ ដែលនឹងមានតែអំនួត ភាពព្រហើនកោងកាច ជំនាន់មនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបានរៀបចំខ្លួន ដើម្បីប្រឆាំងទាស់នឹងច្បាប់របស់ព្រះហើយបដិសេធព្រះអម្ចាស់តែមួយអង្គគត់ និងព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់នៃយើងថែមទាំងបានបដិសេធព្រះលោហិតរបស់ព្រះយេស៊ូវ ដោយស្អប់ខ្ពើមដល់ការលោះបាបរបស់ទ្រង់សម្រាប់ពួកគេ។ គាត់បានឃើញអ្នក​សុចរិតត្រូវបានបំពាក់មកុដឱ្យដោយមានសិរីល្អនិងកិត្តិយសនៅពេលដែលមនុស្សអាក្រក់ត្រូវបានបំបែកចេញពីព្រះវត្តមាននៃព្រះអម្ចាស់ ហើយត្រូវបានដុតបញ្ឆេះដោយភ្លើង។

លោកហេណុកបានបង្ហាត់បង្រៀនដោយសេចក្តីជំនឿដល់មនុស្សទាំងឡាយនូវអ្វីដែលព្រះ​បានបង្ហាញដល់គាត់ដោយ​សារវិញ្ញាណនៃ​បទទំនាយ។ មនុស្សខ្លះបានជឿតាមពាក្យសំដីរបស់គាត់ហើយបានងាកចេញពីអំពើអាក្រក់របស់គេមកកោតខ្លាច​និង​ថ្វាយបង្គំ​ព្រះវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ ថែស្សាឡូនីចទី១ ៤:១៣-១៨

ខចងចាំ៖​​ តែ​បើ​យើង​រាល់​គ្នា​ដើរក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្តី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះលោហិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់។ យ៉ូហានទី១ ១:៧

Powered by CAM