ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ដោយសារសេចក្តីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្តីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្តីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់។ ហេព្រើរ ១១:៥
អំណានប្រចាំថ្ងៃ៖ ការលើកយកលោកហេណុកឡើងទៅកាន់ស្ថានសួគ៌
លោកហេណុកបានបន្តលូតលាស់ខាងសេចក្តីជំនឿពីព្រះកាន់តែខ្លាំងនៅពេលដែលគាត់ចំណាយពេលជាមួយនឹងព្រះ។ មុខរបស់គាត់ត្រូវបានចែងចាំងដោយពន្លឺដ៏បរិសុទ្ធដែលនៅជាប់នឹងទឹកមុខរបស់គាត់នៅពេលដែលគាត់កំពុងបង្រៀនដល់អ្នកដែលស្តាប់ពាក្យពេចន៍នៃប្រាជ្ញារបស់គាត់។ រូបរាងដ៏ថ្លៃថ្នូរនិងកោតខ្លាចរបស់គាត់ ធ្វើឱ្យមនុស្សទាំងឡាយកោតសរសើរជាខ្លាំង។ ព្រះទ្រង់បានស្រឡាញ់លោកហេណុកព្រោះគាត់បានដើរតាមទ្រង់យ៉ាងរឹងមាំ ហើយស្អប់ខ្ពើមអំពើអសីលធម៌ ព្រមទាំងស្វែងរកចំណេះដឹងរបស់ព្រះយ៉ាងអស់ពីចិត្ត ដើម្បីឱ្យគាត់អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានយ៉ាងត្រឹមត្រូវ។ គាត់ប្រាថ្នាចង់រួបរួមជាមួយនឹងព្រះដែលគាត់គោរពកោតខ្លាចឱ្យកាន់តែជិតស្នទ្ធិ។ ព្រះមិនបានទុកឱ្យលោកហេណុកស្លាប់ដូចមនុស្សដទៃឡើយ ហើយទ្រង់បានបញ្ជូនពួកទេវតាឱ្យទៅយកគាត់មកកាន់ស្ថានសួគ៌ ដោយគាត់មិនបានឃើញសេចក្តីស្លាប់ឡើយ។ ព្រះបានលើកយកលោកហេណុកចេញពីមនុស្សសុចរិត និងមនុស្សទុច្ចរិតទាំងឡាយ។ អ្នកដែលស្រឡាញ់គាត់បានគិតថាព្រះបានទុកឱ្យគាត់សម្រាកនៅកន្លែងណាមួយ ប៉ុន្តែ បន្ទាប់ពីគេបានស្វែងរកគាត់គ្រប់ទិសទី តែមិនបានឃើញនោះមក ពួកគេបានប្រកាសថា គាត់មិននៅលើផែនដីទៀតទេ ព្រោះព្រះបាននាំយកគាត់ទៅបាត់ហើយ។
នៅទីនេះព្រះបង្រៀនមេរៀនដ៏សំខាន់មួយដោយការលើកយកលោកហេណុកដែលជាតំណពូជរបស់លោកអ័ដាមដែលបានធ្លាក់ចុះ ថាអ្នកទាំងឡាយណាដែលមានសេចក្តីជំនឿ និងពឹងផ្អែកលើយញ្ញបូជាដែលព្រះបានសន្យា ព្រមទាំងស្តាប់បង្គាប់តាមបញ្ញត្តិរបស់ទ្រង់ អ្នកនោះនឹងត្រូវបានទទួលរង្វាន់។ យើងឃើញមនុស្សពីរស្រទាប់នៅទីនេះម្តងទៀតដែលតំណាងឱ្យមនុស្សដែលមានរហូតដល់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ គឺអ្នកសុចរិត និងមនុស្សអាក្រក់ អ្នកប្រឆាំងបះបោរនិងអ្នកស្មោះត្រង់។ ព្រះទ្រង់នឹងនឹកចាំពីមនុស្សសុចរិតដែលកោតខ្លាចដល់ទ្រង់។ តាមរយៈព្រះរាជបុត្រាស្ងួនភ្ងា (ជាទីស្រឡាញ់) របស់ព្រះអង្គ ទ្រង់នឹងគោរពនិងលើកតម្កើងពួកគេ ហើយនិងប្រទានជីវិតអស់កល្បដល់ពួកគេ។ ប៉ុន្តែ មនុស្សអាក្រក់ដែលជាន់ឈ្លីអំណាចគ្រប់គ្រងរបស់ព្រះអង្គទ្រង់នឹងកាត់ពួកគេចេញព្រមទាំងបំផ្លាញពួកគេចេញពីផែនដីជារៀងរហូត។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ៥:១៨-២៤
ខចងចាំ៖ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់។ យ៉ូហានទី១ ១:៧