ថ្ងៃព្រហស្បតិ៍ ទី១៦​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង។ រ៉ូម ១២:២

អំណានប្រចាំថ្ងៃ៖ បានផ្លាស់ប្រែដោយសារព្រះយេស៊ូវ

ក្រោយពីលោកអ័ដាមបានធ្លាក់ចុះពីលក្ខណៈនៃការសប្បាយដ៏គ្រប់លក្ខណ៍ ទៅជាមានទុក្ខវេទនានិងមានបាបមក មនុស្សមានគ្រោះថ្នាក់ដោយមានការបាក់ទឹកចិត្តហើយគិតថា «គឺឯងរាល់គ្នាពោលថា ការដែលខំគោរព​តាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមាន​ប្រយោជន៍អ្វី?” (ម៉ាឡាគី​​ ៣​:១៤) តាំងពីបណ្តាសាយ៉ាងធ្ងន់ធ្ងរ​បានធ្លាក់​មក​លើមនុស្សលោកមក តើសេចក្តីស្លាប់បានក្លាយជាមរតករបស់យើងទាំងអស់គ្នាមែនឬទេ។ ប៉ុន្តែ ការបង្រៀនយ៉ាងច្បាស់ដែលព្រះបានប្រទានដល់​លោកអ័ដាម ដែលសេតបានរំឭកឡើងវិញ ហើយដែលត្រូវបានលោកហេណុកបំពងសំឡេងឡើងយ៉ាងច្បាស់បានកំចាត់ភាពងងឹតនិង​ភាពស្រអាប់ និងផ្តល់សេចក្តីសង្ឃឹមដល់មនុស្សថា ដោយសារលោកអ័ដាម សេចក្តីស្លាប់​បានកើតឡើងដល់មនុស្ស ហើយតាមរយៈព្រះយេស៊ូវជាព្រះដ៏ប្រោសលោះដែលព្រះបានសន្យានឹងនាំមកនូវជីវិត និងភាពមិនចេះស្លាប់ដល់មនុស្សលោក។

នៅក្នុងករណីរបស់លោកហេណុក រាស្ត្ររបស់ព្រះដែលមានការបាក់ទឹកចិត្តបានទទួលការបង្រៀនថា ទោះបីជាការរស់នៅក្នុងចំណោមមនុស្សអាក្រក់និងមានបាបដែលហ៊ានបះបោរប្រឆាំងទាស់នឹងព្រះដែលជាអ្នកបង្កើតគេមកដោយបើកចំហក៏ដោយ ប្រសិនបើគេស្តាប់បង្គាប់ដល់ទ្រង់ ហើយ​មាន​ជំនឿលើព្រះដ៏ប្រោសលោះដែលព្រះបានសន្យា គេអាចប្រព្រឹត្តសុចរិតដូចជាលោកហេណុកដែលជាអ្នកដែលព្រះបានទទួលយក ហើយទីបំផុតត្រូវបានព្រះលើកយកទៅកាន់បល្ល័ង្ករបស់ទ្រង់នៅស្ថានសួគ៌នោះដែរ។

លោក​ហេណុកបានបំបែកខ្លួនគាត់ចេញពីលោកិយ ហើយបានចំណាយពេលវេលារបស់គាត់ជាច្រើន ដើម្បីអធិស្ឋាននិងប្រាស្រ័យទាក់ទងជាមួយនឹងព្រះតំណាងឱ្យរាស្ត្រដ៏ស្មោះត្រង់របស់ព្រះ នៅសម័យចុង​ក្រោយដែលនឹងបំបែកខ្លួនគេចេញពីលោកិយ។ មនុស្សទុច្ចរិតនឹងមានជ័យជំនះ ហើយបានរីកចម្រើនយ៉ាងគួរឱ្យភ័យខ្លាចនៅលើផែនដី។ មានមនុស្ស​ជាច្រើន​នឹងប្រគល់ខ្លួនគេឱ្យដើរតាមការស្រមើស្រមៃនៃចិត្តដ៏ពុករលួយរបស់មនុស្សអាក្រក់ ហើយរក្សាទស្សនៈ បោកប្រាស់របស់គេព្រមទាំងនាំគ្នាប្រឆាំងទាស់នឹងស្ថានសួគ៌ដ៏ខ្ពស់បំផុត។ រាស្ត្ររបស់ព្រះនឹងញែកខ្លួនគេចេញពីអំពើ​ទុច្ចរិតរបស់មនុស្សដែលនៅជុំវិញគេ ហើយដើរតាមព្រះហឫទ័យរបស់ព្រះទាំងស្រុងរហូតដល់រូបអង្គរបស់ព្រះត្រូវបានឆ្លុះបញ្ចាំងចេញពីពួកគេ។ ពួក​គេក៏សុចរិត ល្មមអាចនឹងលើកយកទៅស្ថានសួគ៌ដូចជាលោកហេណុកដែរ។ នៅពេលដែលគេខំប្រឹងបង្រៀន និងព្រមានដល់លោកិយ ពួកគេនឹងមិនធ្វើតាមគំនិតនិងប្រពៃណីរបស់អ្នកមិនជឿឡើយ ប៉ុន្តែ ពួកគេនឹងថ្កោលទោសដល់មនុស្សអាក្រក់ដោយពាក្យសំដីដ៏បរិសុទ្ធនិងយកគំរូតាមព្រះរបស់ពួកគេវិញ។ ការលើកយកលោកហេណុកទៅកាន់ស្ថានសួគ៌ កើតឡើងនៅ​មុន​គ្រា​ដែលផែនដីត្រូវបានបំផ្លាញដោយទឹកជំនន់ តំណាងឱ្យការលើកយកមនុស្សសុចរិតដែលមានជីវិតចេញពីផែនដី មុននឹងផែនដីនេះត្រូវបំផ្លាញដោយសារភ្លើងដូច្នោះដែរ។ ពួកបរិសុទ្ធនឹងត្រូវបានលើកតម្កើង នៅចំពោះមុខពួកមនុស្សដែលធ្លាប់តែស្អប់ដល់ពួកគេដោយសារការគោរពដ៏ស្មោះត្រង់របស់ពួកគេចំពោះបញ្ញត្តិដ៏សុចរិតរបស់ព្រះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ភីលីព ២:១-៥

ខចងចាំ៖​​ តែ​បើ​យើង​រាល់​គ្នា​ដើរក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្តី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះលោហិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់។ យ៉ូហានទី១ ១:៧

Powered by CAM