ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្តីសុចរិត និងសេចក្តីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ និងងងឹត លាយឡំគ្នាដូចម្តេចបាន។ កូរិនថូទី២ ៦:១៤
អំណានប្រចាំថ្ងៃ
កូនចៅរបស់សេតត្រូវបានគេហៅថារាស្ត្ររបស់ព្រះ ឯកូនចៅរបស់កាអ៊ីន ត្រូវបានគេហៅថាជាកូនរបស់មនុស្ស។ ក្នុងពេលដែលកូនចៅរបស់ព្រះបានរស់នៅលាយឡំគ្នាជាមួយនឹងកូនចៅរបស់មនុស្ស ពួកគេបានប្រែក្លាយទៅជាពុករលួយ ហើយដោយពួកគេបានរៀបការជាមួយកូនស្រីរបស់មនុស្សតាមរយៈឥទ្ធិពលនៃប្រពន្ធរបស់ពួកគេ និងបានរួបរួមជាមួយនឹងកូនប្រុសរបស់កាអ៊ីនក្នុងការថ្វាយបង្គំរូបព្រះ លក្ខណៈពិសេសនិងភាពបរិសុទ្ធរបស់ពួកគេត្រូវបានបាត់បង់។ មនុស្សជាច្រើនលែងកោតខ្លាចព្រះ ហើយបានជាន់ឈ្លីក្រឹត្យវិន័យរបស់ទ្រង់។ ប៉ុន្តែ មានមនុស្សមួយចំនួនតូចដែលនៅតែប្រព្រឹត្តសុចរិត ជាអ្នកដែលបានកោតខ្លាច និងលើកតម្កើងព្រះអាទិកររបស់ពួកគេ។ លោកណូអេនិងក្រុមគ្រួសាររបស់គាត់ គឺជាមនុស្សនៅក្នុងចំណោមអ្នកសុចរិតដ៏តិចតួចនោះ។
អំពើអាក្រក់របស់មនុស្សរីកធំយ៉ាងក្រៃលែង ហើយបានចម្រើនឡើងដ៏គួរឱ្យភ័យខ្លាចធ្វើឱ្យព្រះមានព្រះទ័យសោកស្តាយជាខ្លាំង ដោយទ្រង់បានបង្កើតមនុស្សមកនៅលើនៅផែនដីនេះ តែទ្រង់បែរជាទតឃើញថា ការអាក្រក់របស់មនុស្សធំធេងអស្ចារ្យ ហើយគំនិតនៅក្នុងចិត្តរបស់គេសុទ្ធតែអាក្រក់ជារៀងរហូត។
ជាងមួយរយឆ្នាំមុនទឹកជំនន់ ព្រះអម្ចាស់បានបញ្ជូនទេវតាមួយអង្គ ទៅកាន់លោកណូអេ ដ៏ស្មោះត្រង់ដើម្បីប្រាប់គាត់ថា ព្រះលែងមានសេចក្តីមេត្តាករុណាដល់មនុស្សលោកដ៏អាក្រក់នោះតទៅទៀតហើយ។ ប៉ុន្តែ ទ្រង់ក៏មិនឱ្យពួកគេមិនយល់ មិនដឹងពីគម្រោងការរបស់ទ្រង់ដែរ។ ទ្រង់បានត្រាស់បង្គាប់លោកណូអេឱ្យធ្វើជាអ្នកផ្សព្វផ្សាយព្រះបន្ទូលដ៏ស្មោះត្រង់ ដើម្បីព្រមានដល់ពិភពលោកអំពីការបំផ្លាញផែនដីដែលនឹងកើតឡើង ធ្វើឱ្យអ្នករស់នៅលើផែនដីនឹងត្រូវបំផ្លាញដោយមិនអាចតវ៉ាបាននេះ។ លោកណូអេត្រូវផ្សព្វផ្សាយដំណឹងនេះដល់បណ្តាមនុស្ស ហើយនិងធ្វើទូកធំមួយ តាមការត្រាស់បង្គាប់របស់ព្រះសម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។ គាត់មិនគ្រាន់តែផ្សព្វផ្សាយដំណឹងដល់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ គំរូរបស់គាត់ក្នុងការធ្វើទូកបង្ហាញដល់មនុស្សទាំងឡាយថា គាត់បានជឿនូវអ្វីដែលគាត់កំពុងតែផ្សព្វផ្សាយនោះ។
លោកណូអេនិងក្រុមគ្រួសាររបស់គាត់មិនមែនជាមនុស្សដែលកោតខ្លាចនិងស្តាប់បង្គាប់ព្រះតែម្នាក់ឯងនោះទេ ប៉ុន្តែ លោកណូអេគឺជាមនុស្សបរិសុទ្ធ ហើយគោរពនិងស្រឡាញ់ព្រះខ្លាំងជាងគេបង្អស់នៅលើផែនដី និងជាមនុស្សដែលព្រះរក្សាជីវិតទុកឱ្យបន្តផ្សព្វផ្សាយផែនការរបស់ទ្រង់ក្នុងការធ្វើទូកនិងប្រកាសព្រមានដល់មនុស្សលោកអំពីសេចក្តីវិនាសដែលនឹងត្រូវកើតឡើង។ លោកមធូសាឡា ជាជីតារបស់លោកណូអេបានរស់នៅរហូតដល់ឆ្នាំដែលមានទឹកជំនន់ ហើយមានមនុស្សមួយចំនួនទៀតដែលបានជឿការប្រកាសដំណឹងរបស់លោកណូអេដែលបានជួយគាត់ក្នុងការធ្វើទូកធំ ហើយដែលបានស្លាប់មុនទឹកជំនន់ជន់លិចផែនដី។ ដោយការផ្សព្វផ្សាយនិងការធ្វើជាគំរូរបស់គាត់ លោកណូអេបានថ្កោលទោសដល់ពិភពលោក។
អំណានព្រះគម្ពីរពេលល្ងាច៖លោកលុប្បត្តិ ៦៖១-១២
ខចងចាំ៖ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់។ យ៉ូហានទី១ ១:៧