ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយ៍ដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត ដែលត្រូវខាងសេចក្តីជំនឿទុកជាមរដកដែរ។ ហេព្រើរ ១១:៧
អំណានប្រចាំថ្ងៃ៖ ការធ្វើទូកធំ
ព្រះទ្រង់បានប្រទានឱកាសដល់អ្នកដែលបានកែប្រែចិត្ត និងវិលត្រឡប់ទៅឯទ្រង់វិញ។ ប៉ុន្តែ ពួកគេមិនបានជឿការអធិប្បាយរបស់លោកតាណូអេទេ។ ពួកគេបានសើចចំអកដល់ការព្រមានរបស់គាត់ និងបានចំអកមើលងាយដល់ការសាងសង់ទូកដ៏ធំនៅលើដីគោកដូច្នេះថែមទៀតផង។ ការខិតខំព្យាយាមរបស់លោកណូអេ ដើម្បីកែប្រែមនុស្សលោកមិនបានទទួលជោគជ័យឡើយ។ ប៉ុន្តែ គាត់បានចំណាយពេលអស់ជាងមួយរយឆ្នាំ ដើម្បីប្រឹងប្រែងនាំមនុស្សឱ្យកែប្រែចិត្តនិងឱ្យត្រឡប់មករកព្រះវិញ។ ខ្យល់ដែលបក់បោកមកលើទូក កំពុងតែអធិប្បាយប្រាប់ដល់មនុស្សលោក។ លោកណូអេបានណែនាំបានអធិប្បាយ បានធ្វើការ ខណៈពេលដែលមនុស្សបានក្រឡេកមើលទៅគាត់ ដោយការងឿងឆ្ងល់ និងចាត់ទុកគាត់ថាជាមនុស្សដែលងប់ងុលនឹងសាសនា។
ព្រះបានប្រទានដល់លោកណូអេនូវទំហំ និងគោលដៅយ៉ាងជាក់លាក់ស្តីអំពីការរៀបចំធ្វើទូកគ្រប់ផ្នែកទាំងអស់យ៉ាងលំអិត។ ដោយសេចក្តីគោរពទូកនោះមិនមានលក្ខណៈដូចជាទូកធម្មតាទេ ប៉ុន្តែ ដូចជាផ្ទះទៅវិញ គ្រោងរបស់វាដូចជាទូកដែលអាចនឹងអណ្តែតនៅលើទឹកបាន។ នៅសងខាងទូកនោះគ្មានបង្អួចទេ។ ទូកនោះមានបីជាន់ ហើយទទួលពន្លឺមកពីបង្អួចខាងលើដំបូល។ ទ្វារនៅពីចំហៀង។ ជាន់ផ្សេងៗទៀតត្រូវបានរៀបចំឡើងសម្រាប់ផ្ទុកសត្វគ្រប់ប្រភេទដែលពន្លឺពីបង្អួចនៅលើដំបូលអាចផ្តល់ជះចូលបានទៅគ្រប់ជាន់ទាំងអស់។ ទូកនេះត្រូវបានធ្វើពីឈើម៉ៃសាក់ ឬឈើតាត្រាវដែលគេដឹងថាមិនងាយពុកឡើយ ហើយអាចជាប់បានរាប់រយឆ្នាំទៀតផង។ វាគឺ ជាសំណង់មួយដែលជាប់ជាទីបំផុតដែលប្រាជ្ញារបស់មនុស្សមិនអាចធ្វើបានឡើយ។ ព្រះទ្រង់ជាអ្នកគូរប្លង់ ហើយលោកណូអេ ជាមេជាងរបស់ទ្រង់។បន្ទាប់ពីលោកណូអេបានធ្វើកិច្ចការទាំងអស់រួចរាល់ ក្នុងការសម្រេចកិច្ចការគ្រប់យ៉ាងបានត្រឹមត្រូវរួចហើយ ទូកនោះមិនអាចទ្រាំទ្រនឹងខ្យល់ព្យុះដ៏សាហាវបំផុតដែលកើតឡើងដោយសារសេចក្តីក្រោធដ៏ខ្លាំងក្លារបស់ព្រះមកលើផែនដីនេះដោយខ្លួនឯងបានឡើយ។ ការងារធ្វើទូកឱ្យបានហើយ ចប់សព្វគ្រប់បានដំណើរការទៅយ៉ាងយឺត។ ក្តារគ្រប់បន្ទះត្រូវបានភ្ជាប់គ្នាយ៉ាងជិតហើយគ្រប់ថ្នេរទាំងអស់ត្រូវបានពរ (លាប) ជ័រ។ ការងារដែលមនុស្ស អាចធ្វើនោះគឺធ្វើឱ្យបានល្អគ្រប់យ៉ាង តែលើសពីនោះទៅទៀត មានតែព្រះមួយអង្គគត់ដែលអាចការពារទូកឱ្យរួចផុតពីសេចក្តីក្រោធជារលកដែលកើតឡើងដោយព្រះចេស្តាដ៏អស្ចារ្យរបស់ទ្រង់បាន។
ដំបូងឡើយ ហ្វូងមនុស្សហាក់ដូចជាបានទទួលយកការព្រមានពីលោកណូអេដែរ ប៉ុន្តែ មិនបានត្រឡប់មករកព្រះវិញទាំងស្រុងដោយការប្រែចិត្តដ៏ពិតនោះឡើយ។ ព្រះបានប្រទានឱកាសដល់ពួកគេមុននឹងទឹកជំនន់មកដល់ ប៉ុន្តែ ពួកគេមិនមានជំនឿនិងការស្មោះត្រង់ទៅនឹងទ្រង់វិញឡើយ ហើយបែរជាបានចូលរួមជាមួយនឹងមនុស្សអាក្រក់ មើលងាយ និងសើចចំអកដល់លោកណូអេដែលពោរពេញទៅដោយសេចក្តីជំនឿលើព្រះថែមទៀតផង។ ពួកគេមិនបោះបង់នូវអំពើបាបទាំងឡាយរបស់ពួកគេចោលទេ ហើយនៅតែបន្តសាហាយស្មន់ដោយយកប្រពន្ធច្រើនតាម តម្រេកតណ្ហាដ៏អាក្រក់របស់ពួកគេ។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ៦:១៣-២២
ខចងចាំ៖ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់។ យ៉ូហានទី១ ១:៧