ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ អញអាងដល់ស្ថានសួគ៌ និងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរ និងសេចក្តីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ។ ចោទិយកថា ៣០:១៩
អំណានប្រចាំថ្ងៃ៖ សត្វចូលទៅក្នុងទូកធំ
ពេលសាកល្បងរបស់ពួកគេបានចូលមកដល់ទីបញ្ចប់ហើយ។ អ្នកមិនជឿនិងអ្នកសើចចំអកដែលរស់នៅលើពិភពលោកនេះបានទទួលសញ្ញាពិសេសនៃអំណាចនៃស្ថានសួគ៌របស់ព្រះ។ លោកណូអេមានសេចក្តីជំនឿបានធ្វើតាមការត្រាស់បង្គាប់គ្រប់យ៉ាងដែលព្រះបានប្រទានដល់គាត់។ ទូកធំត្រូវបានធ្វើរួចរាល់សព្វគ្រប់ តាមការណែនាំរបស់ព្រះយ៉ាងត្រឹមត្រូវ។ គាត់បានរៀបចំត្រៀមស្បៀងអាហារជាច្រើនសម្រាប់ទាំងមនុស្សនិងសត្វ។ ហើយបន្ទាប់ពីធ្វើការនេះរួចរាល់ហើយ ព្រះទ្រង់បានត្រាស់បង្គាប់ដល់លោកណូអេថា «ត្រូវឱ្យឯងនិងពួកគ្រួសារឯងចូលទាំងអស់ទៅក្នុងទូកពីព្រោះក្នុងពួកមនុស្សជំនាន់នេះ អញឃើញមានតែឯងទេដែលសុចរិតនៅចំពោះអញ»។
ព្រះបានបញ្ជូនទេវតាជាច្រើនអង្គឱ្យទៅប្រមូលសត្វទាំងឡាយដែលព្រះទ្រង់បានបង្កើតពីព្រៃ និងពីវាលនានា។ ទេវតាបានយាងនាំមុខសត្វទាំងអស់នេាះ ហើយពួកវាបានដើរតាមទេវតាមួយគូៗ មានឈ្មោល មានញី ហើយសត្វដែលស្អាត៧។ សត្វ(ជើងបួន)ទាំងអស់នេះមានពីសត្វសាហាវបំផុតរហូតដល់សត្វស្លូតបំផុត មិនចេះបៀតបៀនមនុស្សបានដើរចូលទៅក្នុងទូកធំដោយសុខសាន្តយ៉ាងគគ្រឹកគគ្រេង។ ផ្ទៃមេឃហាក់ដូចជាងងឹតឈ្លប់ទៅដោយបក្សាបក្សីគ្រប់ប្រភេទចម្រុះពណ៌។ ពួកវាបានហើរចូលទៅក្នុងទូកធំមួយគូៗ មានឈ្មោល មានញី ហើយសត្វស្លាបដែលស្អាតមាន៧ មានញីមានឈ្មោល។ មនុស្សម្នាបានសម្លឹងមើលដោយងឿងឆ្ងល់ អ្នកខ្លះមានសេចក្តីភ័យខ្លាច ប៉ុន្តែ ពួកគេនៅតែមានចិត្តរឹងរូស ដោយការបះបោរដដែលការឃើញសញ្ញាដ៏ជាក់ស្តែងបំផុតនៃព្រះចេស្តារបស់ព្រះបែបនេះ មិនមានឥទ្ធិពលទៅលើពួកគេបន្តិចសោះឡើយ។ សត្វទាំងអស់នេះបានធ្វើដំណើរចូលទៅក្នុងទូកអស់រយៈពេលប្រាំពីរថ្ងៃ ហើយលោកណូអេបានរៀបចំដាក់វាទៅក្នុងកន្លែងដែលគាត់បានរៀបចំសម្រាប់ពួកវារួចជាស្រេច។ ហើយខណៈពេលដែលមនុស្សជាតិដែលត្រូវវិនាសនោះបានឃើញព្រះអាទិត្យរះនៅក្នុសិរីរុងរឿងហើយផែនដីបានគ្របដណ្តប់ទៅលើសោភណភាពរបស់ខ្លួនស្រស់បំព្រងសឹងតែស្មើទៅនឹងសួនច្បារអេដែននោះ ពួកគេបានបោះបង់ចោលនូវសេចក្តីភ័យខ្លាចរបស់គេដែលកំពុងតែពុះពោរ ឡើងដោយសប្បាយរីករាយយ៉ាងក្អាកក្អាយ ហើយអំពើហិង្សារបស់គេ ហាក់ដូចជាធ្វើឱ្យសេចក្តីក្រោធរបស់ព្រះឆេះឆួលមកលើពួកគេរឹតតែខ្លាំងឡើង។ ឥឡូវនេះអ្វីៗទាំងអស់ត្រូវបានរៀបចំរួចរាល់សម្រាប់ការបិទទ្វារទូកហើយ ការបិទទ្វារទូកនេះមិនមែនបិទដោយលោកណូអេពីក្នុងទូកនោះទេ។ ពួកមនុស្សដែលសើចចំអកបានឃើញទេវតាមួយអង្គយាងចុះពីស្ថានសួគ៌ ស្លៀកពាក់ដោយពន្លឺភ្លឺចិញ្ចាច ដូចជាផ្លេកបន្ទោរ។ ទេវតានោះបានបិទទ្វារទូកធំពីខាងក្រៅរួចហើយក៏យាងឡើងទៅកាន់ស្ថានសួគ៌វិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ៧:១-១៦
ខចងចាំ៖ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង។ រ៉ូម ១២:២