ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចជាអញសោះ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ។ អេសាយ ៤៦:៩-១០
អំណានប្រចាំថ្ងៃ៖ ព្យុះភ្លៀងចាប់ផ្តើមធ្លាក់មក
គ្រួសាររបស់លោកណូអេនៅក្នុងទូកអស់រយៈពេលប្រាំពីរថ្ងៃ ទម្រាំភ្លៀងបានចាប់ផ្តើមបង្អុរចុះមកលើផែនដី។ នៅក្នុងអំឡុងពេលនេះ ពួកគេបានរៀបចំការស្នាក់នៅសម្រាប់រយៈពេលយូររបស់ពួកគេ នៅគ្រាដែលទឹកនឹងត្រូវធ្លាក់មកលើផែនដី។ ហើយពេលនោះ គឺជាថ្ងៃនៃការប្រមាថមើលងាយនិងសើចចំអកពីហ្វូងមនុស្សដែលមិនជឿ។ ដោយសារតែបទទំនាយរបស់លោកណូអេមិនបានសម្រេចភ្លាមៗ បន្ទាប់ពីពួកគាត់បានចូលទៅក្នុងទូកនោះ ពួកគេបានគិតថាគាត់ចាញ់បោកគេហើយ ហើយផែនដីនេះនឹងមិនអាចត្រូវបំផ្លាញដោយទឹកជំនន់ឡើយ។ តាំងពីដើមមកទល់នឹងពេលនេះ មិនដែលមានភ្លៀងធ្លាក់មកលើផែនដីឡើយ។ អ័ព្ទបានកើតឡើងពីទឹកដែលព្រះបានធ្វើឱ្យមាននៅពេលយប់ដូចជាទឹកសន្សើមធ្វើឱ្យរុក្ខជាតិទាំងឡាយមានជីវិតនិងលូតលាស់បានល្អ។
ទោះបីជាពួកគេបានឃើញផ្ទាល់នឹងភ្នែកនូវព្រះចេស្តារបស់ព្រះដែលបានកើតឡើងខុសពីធម្មជាតិ ដោយមានសត្វជើងបួននិងសត្វស្លាបទាំងឡាយចាកចេញពីព្រៃនិងពីវាលចូលទៅក្នុងទូក ហើយគេបានឃើញទេវតារបស់ព្រះ ស្លៀកពាក់ដោយពន្លឺភ្លឺចិញ្ចាច ដោយភាពគួរឱ្យខ្លាចនិងថ្លៃថ្នូរអស្ចារ្យ យាងចុះពីស្ថានសួគ៌មកបិទទ្វារទូកក៏ដោយ ក៏ពួកគេនៅតែមានចិត្តរឹងរូស ហើយនៅតែបន្តការសប្បាយរីករាយនិងនិយាយលេងសើច ទាំងមិនរវល់អើពើទៅនឹងសញ្ញាដ៏ជាក់ស្តែងនៃអំណាចដ៏អស្ចារ្យរបស់ព្រះនេះដដែល។ប៉ុន្តែ នៅថ្ងៃទី៨ ពពកខ្មៅបានប្រមូលផ្តុំគ្នាធ្វើឱ្យមេឃងងឹតឈ្លប់។ ផ្គរលាន់គ្រហឹមខ្ទ័រផ្លេកបន្ទោរដ៏ភ្លឺផ្លេកបានចាប់ផ្តើមធ្វើឱ្យមនុស្សនិងសត្វទាំងឡាយភិតភ័យតក់ស្លុត។ ភ្លៀងបានបង្អុរមកពីពពកដែលនៅពីលើពួកគេ។ នេះគឺជារឿងមួយដែលពួកគេមិនធ្លាប់ដែលបានឃើញពីមុនមក ហើយចិត្តរបស់គេបានចាប់ផ្តើមស្លន់ស្លោដោយការភយ័ខ្លាច។ សត្វទាំងឡាយដែលកំពុងតែដើរត្រេចចរគ្មានទីកំណត់នៅក្នុងវាលរហោស្ថានដ៏គួរឱ្យភ័យតក់ស្លុត និងសំឡេងដែលមិនចុះសម្រុងគ្នារបស់ពួកវា ស្តាប់ទៅដូចជាសំឡេងថ្ងូរ អាសូរដល់វាសនារបស់ខ្លួន និងវាសនារបស់មនុស្ស។ ខ្យល់ព្យុះបានកើនឡើងយ៉ាងសន្ធាប់រហូតទាល់តែទឹកហាក់ដូចជាហូរចុះមកពីលើមេឃ ដូចជាទឹកធ្លាក់គំហុកដ៏អស្ចារ្យ។ ច្រាំងទំនប់នៃទន្លេទាំងឡាយត្រូវបានធ្លុះធ្លាយខ្ទេចខ្ទី ហើយទឹកបានហូរធ្លាក់ចូលទៅក្នុងជ្រោះយ៉ាងលឿនត្របាញ់។ គ្រប់ទាំងរន្ធទឹកនៅទីជម្រៅក៏ធ្លាយឡើង។ កំសួលទឹកបានបាញ់យ៉ាងខ្លាំងចេញពីផែនដី ដោយកម្លាំងជាខ្លាំងឥតគណនាបានគ្រវែងដុំថ្មធំៗរាប់រយម៉ែត្រ ទៅលើអាកាស រួចបន្ទាប់មកដុំថ្មទាំងនោះត្រូវបានកប់ខ្លួនទៅក្នុងដីយ៉ាងជ្រៅ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក៩៣
ខចងចាំ៖ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង។ រ៉ូម ១២:២