ថ្ងៃអង្គារ ទី២១​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ផ្លូវ​ព្រះយេហូវ៉ា ជា​បន្ទាយ​ដល់​មនុស្ស​ទៀង​ត្រង់​តែ​ជា​សេចក្តី​វិនាស​វិញ ដល់​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។ ​សុភាសិត ១០:២៩

អំណានប្រចាំថ្ងៃ៖ ការភ័យខ្លាចនិងស្លន់ស្លោ

ដំបូង បណ្តាមនុស្សបានសម្លឹងមើលនូវការខូចខាតរបស់របរទាំងឡាយដែលគេបានធ្វើដោយដៃរបស់គេ។ អាគារដ៏រុងរឿងរបស់គេ សួនច្បារ​និងដើមឈើយ៉ាងស្រស់បំព្រងដែលគេបានដាំជាកន្លែងដែលពួក​គេបាន​ដាក់រូបព្រះត្រូវបានបំផ្លាញដោយរន្ទះពីស្ថានសួគ៌។ សេចក្តីហិនវិនាសរបស់ពួកគេបានខ្ចាត់ខ្ចាយទៅគ្រប់ទីកន្លែង។ ពួកគេ បាន​ដំឡើងអាសនានៅក្នុងសួនជាកន្លែងសក្ការៈរបស់គេ ហើយឧទ្ទិសថ្វាយទៅរូបព្រះរបស់គេដែល​នៅ​លើនោះ គេឆ្កាងមនុស្សថ្វាយជាតង្វាយយញ្ញបូជា។ ការទាំងអស់​នេះជារឿងដែលព្រះទ្រង់ស្អប់ខ្ពើមជាទីបំផុត ធ្វើឱ្យសេចក្តីក្រោធ របស់ទ្រង់ត្រូវបានទម្លាក់ទៅលើពួកគេ ហើយពួកគេត្រូវបានធ្វើឱ្យញ័ររន្ធត់នៅចំពោះព្រះចេស្តារបស់ព្រះដ៏មានព្រះជន្មរស់ ជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដី ហើយព្រះបានធ្វើឱ្យពួកគេដឹងថា ដោយសារតែការថ្វាយតង្វាយយញ្ញបូជាដ៏គួរឱ្យស្អប់ខ្ពើមនិងដ៏អាក្រក់បំផុតដែលគេបានធ្វើនៅចំពោះរូបព្រះ នោះហើយដែលបានអំពាវនាវហៅការហិនវិនាសមកលើពួកគេ។

កម្លាំងខ្យល់ព្យុះដូចហែកមេឃដោយកំហឹង បានពុះកញ្រ្ជោល​កាន់​តែខ្លាំងឡើងៗ លាយឡំនឹងសម្រែក​ទ្រហោយំរបស់មនុស្សដែលបានស្អប់ខ្ពើមនូវអំណាចរបស់ព្រះ។ ដើមឈើទាំងឡាយ អាគារតូចធំ ផ្ទាំងថ្ម និងផែនដីទាំងមូលត្រូវញាំញីដោយការវិនាស។ ការភិតភ័យរបស់មនុស្ស និងសត្វមានទំហំធំធេងមិនអាចពិពណ៌នាបានឡើយ។ ហើយសូម្បីតែសាតាំងខ្លួនឯងដែលជាអ្នកបង្កឱ្យមានការអាក្រក់នេះ ក៏បានភ័យខ្លាចក្នុងការរស់នៅរបស់វាដែរ។ វាមានសេចក្តីរីករាយនឹងគ្រប់គ្រងពូជមនុស្សដែលមានអំណាច ហើយចង់ឱ្យពួកគេរស់នៅ ដើម្បីប្រើអំណាចរបស់គេ ហើយបង្កើនការបះបោរប្រឆាំងនឹងព្រះនៃស្ថានសួគ៌និងផែនដី។ វាបានដាក់បណ្តាសា​ទាស់នឹង​ព្រះ ដោយ​ចោទប្រកាន់ទ្រង់ពីសេចក្តីអយុត្តិធម៌ និងអំពើឃោរឃៅ។ មនុស្សជាច្រើនបានចូលចិត្តសាតាំង និង​បានប្រមាថដល់ព្រះ ហើយប្រសិនបើពួកគេអាចបន្តនូវការបះបោររបស់ពួកគេ គេនឹងអាចទម្លាក់ទ្រង់ចេញពីបល្ល័ង្កនៃសេចក្តីយុត្តិធម៌។

ខណៈពេលដែលមនុស្សជាច្រើនបានប្រមាថ និងដាក់បណ្តាសាដល់ព្រះដែលបង្កើតលោកមនុស្សដទៃទៀតកំពុងតែវីវក់ក្រហល់ក្រហាយដោយសេចក្តីភ័យខ្លាចទាំងលាតសន្ធឹងដៃទាំងគូរបស់គេ ឆ្ពោះទៅរកទូក អង្វរករសុំការអនុញ្ញាតចូលទៅក្នុងទូកធំនោះ។ ប៉ុន្តែ ការនេះពុំអាចធ្វើទៅបានឡើយ។ ព្រះបានបិទទ្វារទូកដែលជាច្រកចូលតែមួយគត់ ហើយបិទទុកលោកណូអេនៅខាងក្នុង និងពួកមនុស្សដែលមិនជឿឱ្យនៅខាងក្រៅ។ មានតែព្រះមួយអង្គគត់ដែលអាចបើកទ្វារទូក។ ការកោតខ្លាច និងការកែប្រែចិត្តរបស់ពួកគេបានមកដល់ ហួសពេលហើយ។ ពួកគេត្រូវបង្ខំចិត្តទទួលស្គាល់ថា មានព្រះមួយអង្គដែលមានព្រះជន្មរស់នៅ ដែលមានអំណាចខ្លាំងជាងមនុស្សជាព្រះដែលពួកគេបានបំពាន និងបានប្រមាថ។ ពួកគេបានអំពាវនាវរកទ្រង់ដោយស្មោះអស់ពីចិត្ត ប៉ុន្តែ ព្រះកាណ៌របស់ទ្រង់មិនបានបើកស្តាប់សម្រែករបស់ពួកគេឡើយ។ ដោយការអស់សង្ឃឹម មនុស្សខ្លះបានខំប្រឹងប្រែងទម្លុះចូលទៅក្នុងទូក ប៉ុន្តែ សំណង់ដ៏រឹងមាំនេះបានទប់ទល់នឹងការខំប្រឹងប្រែងរបស់គេជាប់មិនបណ្តោយឱ្យគេចូលទៅខាងក្នុងបានឡើយ។ អ្នកខ្លះទៀតបានតោងទូករហូតដល់កម្លាំងទឹក ឬដើមឈើនិងដុំថ្មដែលដាច់ចេញគ្រប់ទិសទីទាញគេផ្តាច់ចេញទៅវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ៧:១៧-២៤

ខចងចាំ៖​​ កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង។ រ៉ូម ១២:២

Powered by CAM