ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ។ ម៉ាថាយ ២៤:៣៧-៣៨
អំណានប្រចាំថ្ងៃ៖ ហួសពេលនឹងកែប្រែចិត្តហើយ
អស់អ្នកដែលបានមើលងាយដល់ការព្រមានរបស់លោកណូអេ និងបានចំអកមើលងាយដល់អ្នកអធិប្បាយដ៏ស្មោះត្រង់នោះបានកែប្រែចិត្តពីការមិនជឿរបស់គេ តែយឺតពេលទៅហើយ។ ទូកបានអណ្តែតឃ្លេងឃ្លោងនៅលើទឹក។ សត្វទាំងឡាយដែលនៅក្នុងទូកបញ្ចេញសំឡេងខុសៗគ្នា ព្យុះដ៏គួរឱ្យខ្លាចកំសួលទឹកយ៉ាងខ្លាំងបានគ្រវែងកំណាត់ឈើនិងដុំថ្មទៅគ្រប់ទិសទីបង្កើតជាកំទេចកំទីគ្រប់យ៉ាង ប៉ុន្តែ ទូកធំនៅតែអណ្តែតយ៉ាងរំភើយដោយសុខសាន្ត។ ទេវតាដ៏ខ្លាំងពូកែជាច្រើនអង្គបានដឹកនាំទូក និងបានការពារទូកនោះពីគ្រោះថ្នាក់ផ្សេងៗ។ ការការពារទូកគ្រប់ពេលវេលាក្នុងអំឡុងពេលនៃព្យុះដ៏គួរឱ្យខ្លាច អស់រយៈពេលសែសិបយប់ សែសិបថ្ងៃនេះ គឺជាបាដិហារ្យដ៏ធំនៃអំណាចដ៏អស្ចារ្យ។
សត្វទាំងឡាយដែលកំពុងទទួលរងគ្រោះដោយព្យុះសង្ឃរាបានប្រញាប់ប្រញាល់រត់ទៅរកមនុស្សដោយរំពឹងថា នឹងបានទទួលការជួយសង្គ្រោះពីពួកគេ។ មនុស្សខ្លះបានចងកូនចៅ ហើយនិងខ្លួនគេផ្ទាល់ជាប់ទៅនឹងសត្វដែលមានកម្លាំងខ្លាំងៗដោយដឹងថាសត្វទាំងនោះនឹងត្រដការពារជីវិតរបស់វា ហើយរត់ឡើងទៅរកទីខ្ពស់ៗដើម្បីគេចខ្លួនពីទឹកដែលកំពុងតែឡើងជាលំដាប់នោះ។ ខ្យល់ព្យុះមិនបានស្រាកស្រាន្តឡើយ ទឹកក៏ឡើងកាន់តែខ្លាំងឡើងៗជាងពីដំបូង។ មនុស្សខ្លះបានចងខ្លួនជាប់ទៅនឹងដើមឈើខ្ពស់ៗនៅលើដីទួល ប៉ុន្តែ ដើមឈើទាំងនោះបានដួលរលើងទាំងប្ញស ហើយត្រូវបានកម្លាំងទឹកដ៏សាហាវអូសទាញយកទៅលើអាកាស ខ្លះបានបាក់បែកខ្ទេចខ្ទីទៅជាពពុះទឹក។ នៅទីទួលដ៏ខ្ពស់បំផុត មនុស្សនិងសត្វទាំងឡាយខំត្រដឡើងរកកន្លែងសុវត្ថិភាព រហូតដល់ទាំងមនុស្សទាំងសត្វត្រូវបានទឹកគួចយកទៅជាមួយគ្នាដូចជាពពុះទឹកដែលអណ្តែតឡើងសឹងតែដល់ទីខ្ពស់បំផុតនៅលើដី។ ទាំងមនុស្សទាំងសត្វ ទោះបីបានឡើងដល់ទីដ៏ខ្ពស់បំផុតយ៉ាងណាក៏ដោយទីបំផុតគង់តែត្រូវវិនាសទាំងអស់គ្មានសល់។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ១៨:១៣-៣២
ខចងចាំ៖ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង។ រ៉ូម ១២:២