ថ្ងៃសុក្រ ទី២៤​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះយើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ ទោះ​បើ​ផែនដី​ប្រែប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ធ្លាក់​ចុះនៅ​កណ្តាល​សមុទ្រ​ក៏​ដោយ។ ​ទំនុកតម្កើង ៤៦:១-២

អំណានប្រចាំថ្ងៃ៖ សេចក្តីសន្យារបស់ព្រះ

បន្ទាប់​មក ក្រែងមនុស្សលោកមានការភ័យខ្លាចនឹងពពកប្រមូលផ្តុំគ្នា រួចមានភ្លៀង​ធ្លាក់មកទៀត និងក្រែងមនុស្សនៅភ័យខ្លាចមានទឹកជំនន់ម្តងទៀត ព្រះទ្រង់បានលើកទឹកចិត្តដោយព្រះគុណដល់ក្រុមគ្រួសារលោកណូអេដោយ​សេចក្តី​សន្យាមួយ។ «អញនឹងតាំងសញ្ញាដល់ឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជំនន់ទៀតឡើយ និងលែងមានទឹកជំនន់បំផ្លាញផែនដីទៀត ព្រះទ្រង់ក៏មានបន្ទូលថា នេះជាទីសំគាល់នៃសេចក្តីសន្យាដែលអញតាំងនឹងឯងរាល់គ្នា ហើយនិងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯងនៅអស់ទាំងតំណ អស់កល្បជានិច្ច គឺអញដាក់ធ្នូរបស់អញនៅនាពពកនោះហើយជាទីសំគាល់នៃសេចក្តីសញ្ញាដែលអញតាំងនឹងផែនដី។

នោះនឹងឃើញឥន្ទធនូស្ថិតនៅលើពពកនោះ ហើយអញនឹងនឹកចាំពីសេចក្តីសញ្ញាដែលអញបានតាំងនឹងឯងរាល់គ្នា . . . ។ ហើយនឹងអស់ទាំងសត្វគ្រប់ពូជដែរ នោះនឹងគ្មានទឹកជំនន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ ឥន្ទធនូនោះនឹងនៅលើពពក ហើយអញនឹងមើលឃើញ ដើម្បីឱ្យនឹកចាំពីសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ចដែលព្រះបានតាំងនិងអស់ទាំងជីវិតគ្រប់ពូជនៅផែនដី។

នេះគឺជាសកម្មភាព​ដែលប្រកបដោយសេចក្តីមេត្តាករុណាដ៏អស្ចារ្យដែលព្រះបានប្រទានដល់មនុស្សមានបាបដោយទ្រង់បានដាក់ឥន្ទធនូដ៏ស្រស់ស្អាត និងមានពណ៌ឆ្នូតយ៉ាងវែងអន្លាយ នៅលើពពកជានិមិត្តរូបនៃ​សេចក្តីសញ្ញារបស់ព្រះដ៏ខ្ពស់បំផុតដល់មនុស្សលោក! ឥន្ទធនូនេះគឺជា​ ភស្តុតាងនៃសេចក្តីពិតប្រាប់ដល់មនុស្សគ្រប់ជំនាន់ថា ព្រះបានបំផ្លាញគ្រប់ទាំងអស់នៅលើផែនដីដោយទឹកជំនន់ដោយសារតែអំពើអាក្រក់ដ៏ធ្ងន់ធ្ងរ​​​របស់ពួកគេដែលមិនអាចលើកលែងបាន។ វាគឺជា​ផែនការរបស់ព្រះបញ្ជាក់ប្រាប់ដល់កូនចៅជំនាន់ក្រោយទាំងឡាយថានៅពេលគេឃើញឥន្ទធនូ នៅលើពពកគេនឹងសួរពីហេតុផលនៃឥន្ទធនូដ៏រុងរឿងដែលផ្សាភ្ជាប់ពីស្ថានសួគ៌ នោះឪពុកម្តាយរបស់ពួកគេអាចនឹងពន្យល់ដល់គេនូវសេចក្តីហិនវិនាសនៃពិភពលោក មុនដែលត្រូវបានបំផ្លាញដោយទឹកជំនន់ដោយសារតែមនុស្សលោកបានបណ្តោយខ្លួនគេទៅប្រព្រឹត្តអំពើបាបគ្រប់បែបយ៉ាង ហើយដែលព្រះហស្តរបស់ព្រះដ៏ខ្ពស់បំផុតបានដាក់ឥន្ទធនូរាងកោង​លើពពកជានិមិន្តរូបបញ្ជាក់ថាទ្រង់នឹងមិនធ្វើឱ្យមានទឹកជំនន់មកលើផែនដីជាថ្មីម្តងទៀតឡើយ។

និមិត្តរូបដែលនៅ​លើ​ពពកនេះ គឺដើម្បីបញ្ជាក់នូវសេចក្តីជំនឿរបស់មនុស្សទាំងឡាយ និងស្ថាបនាការទុកចិត្តរបស់ពួកគេលើព្រះ ដ្បិតនេះហើយគឺជានិមិត្តសញ្ញានៃសេចក្តីមេត្តាករុណានិងសេចក្តីល្អរបស់ទ្រង់ មកលើ​មនុស្ស​លោកថា ទោះបីជាព្រះទ្រង់ត្រូវបំផ្លាញផែនដីនេះដោយទឹកជំនន់ក៏ដោយ ក៏សេចក្តីមេត្តាករុណារបស់ទ្រង់នៅតែព័ទ្ធជុំវិញផែនដីដែរ។ ព្រះយេហូវ៉ាមានបន្ទូលថា នៅពេលដែលទ្រង់បានទតមើលទៅឥន្ទធនូនៅលើពពក ទ្រង់នឹងនឹកចាំពីសេចក្តីសន្យារបស់ទ្រង់។ ទ្រង់មិនបានឱ្យយើងយល់ថាទ្រង់នឹងបំភ្លេចយើងនោះទេ ប៉ុន្តែ ទ្រង់មានបន្ទូលមកកាន់មនុស្សជាភាសារបស់ទ្រង់ផ្ទាល់ដើម្បីឲ្យមនុស្សយល់ពីទ្រង់បានច្បាស់។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ៩៖១-១៧

ខចងចាំ៖​​ កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង។ រ៉ូម ១២:២

Powered by CAM