ថ្ងៃសៅរ៍ ទី២៥​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ (ជំពូកទី-០៩)​

ប៉មបាបិល


អំណានព្រះគម្ពីរពេលព្រឹក៖ អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើងឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះយេហូវ៉ា ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​គេ​មិន​រួច​ពី​ទោស​ឡើយ។ ​សុភាសិត ១៦:៥

អំណានប្រចាំថ្ងៃ

មិនយូរប៉ុន្មាន កូនចៅរបស់លោកណូអេក៏បានចាប់ផ្តើមបោះបង់សេចក្តីជំនឿ (បែរទៅរកផ្លូវអាក្រក់វិញ)។ មួយចំនួនបានដើរតាមគំរូរបស់លោកណូអេ ដោយបានគោរពក្រឹត្យវិន័យរបស់ព្រះ មួយចំនួនផ្សេងទៀតមិនបានដើរតាមព្រះទេ ហើយថែមទាំងបានបះបោរប្រឆាំងទាស់នឹងព្រះថែមទៀតផង។ ពួកគេរហូតដល់មិនទាំងជឿលើទឹកជំនន់ថែមទៀត។ ពួក​គេមិនជឿថាមានព្រះ​ទេ ហើយនៅក្នុងគំនិតរបស់គេបែរជាយល់ថាទឹកជំនន់នេះកើតមកពីគ្រោះធម្មជាតិទៅវិញ។ មនុស្សមួយចំនួនបានជឿថា ព្រះ​ទ្រង់​មានពិត ហើយថាទ្រង់បានបំផ្លាញមនុស្សជំនាន់មុន ដោយ​សារ​ទឹកជំនន់ ហើយអារម្មណ៍របស់ពួកគេក៏បានពុះកញ្ជ្រោលឡើងបះបោរ​ប្រឆាំង​នឹងព្រះ ដូចជាកាអ៊ីនដែរដោយសារតែទ្រង់បានបំផ្លាញមនុស្សពីផែនដី និងបានដាក់បណ្តាសាផែនដីជាលើកទីបីដោយសារទឹកជំនន់ (លើកទីមួយពេលលោកអ័ដាមនិងនាងអេវ៉ាស្តាប់តាមអារក្ស លើកទីពីរនៅពេលដែលកាអ៊ីនសម្លាប់អេបិល)។

អស់អ្នកដែលជាសត្រូវរបស់ព្រះត្រូវបានស្តីបន្ទោសជារៀងរាល់ថ្ងៃដោយពាក្យសំដីសុចរិត​ និងជីវិតរស់នៅតាមការណែនាំរបស់ព្រះ ពួក​មនុស្ស​ដែលស្រឡាញ់ព្រះ ស្តាប់បង្គាប់ និងលើកតម្កើងព្រះ។ ពួកអ្នកមិនជឿ​ព្រះ​បានជំនុំគ្នា ហើយបានព្រមព្រៀងគ្នាបំបែកខ្លួនចេញពីពួកមនុស្សដែលមានជំនឿដែលជីវិតសុចរិតរបស់ពួកគេបានបន្ទុចបង្អាក់ដល់អំពើអាក្រក់របស់គេ (ពួកមនុស្សអាក្រក់) ជាបន្តបន្ទាប់។ ពួកគេបានធ្វើដំណើរយ៉ាងឆ្ងាយ ចាកចេញពីមនុស្សសុចរិត ហើយបាន​ជ្រើសរើសយកទីវាលរាបដ៏ធំមួយតាំងទីលំនៅ។ ពួកគេបានសាងសង់ទីក្រុងមួយ រួចពួកគេផុសគំនិតចង់សង់ប៉មយ៉ាងខ្ពស់កប់ពពកមួយ ដើម្បីឱ្យពួកគេអាចរស់នៅក្នុងទីក្រុងនិងនៅលើប៉មនោះ ដោយមិនត្រូវខ្ចាត់ខ្ចាយទៀតឡើយ។ ពួកគេបានគិតថាពួកគេនឹងមានសុវត្ថិភាព នៅពេលមានទឹកជំនន់ម្តងទៀត ព្រោះពួកគេបានសង់ប៉មរបស់គេដែលខ្ពស់ផុតពីកំពស់ទឹកជំនន់កាលពីលើកមុន ហើយពេលនោះមនុស្សទាំងឡាយនៅលើពិភពលោកនឹងកោតសរសើរដល់ពួកគេ ហើយ​ពួកគេនឹងបានដូចជាព្រះដោយគ្រប់គ្រងលើពិភពលោកទាំងមូល។ គេបាន​គិតថាប៉មនេះ នឹងលើក​តម្កើងដល់អ្នកដែលបានកសាងវា ហើយគេបានរៀបចំដើម្បីទាញចំណាប់អារម្មណ៍មនុស្សដទៃទៀត ដែលរស់នៅ​លើ​ផែន​ដី​នេះចេញពីព្រះឱ្យមកចូលរួមជាមួយពួកគេ ក្នុងការថ្វាយបង្គំរូបព្រះវិញ។ មនុស្សបានរស់នៅក្នុងប៉មនោះ មុនប៉មនោះបានសង់ហើយរួចរាល់។ បន្ទប់ទាំងឡាយត្រូវបានរៀបចំតុបតែងយ៉ាងស្អាតសម្រាប់ថ្វាយ​ដល់រូប​ព្រះ​របស់​គេ។ ពួកមនុស្សដែលមិនបានជឿដល់ព្រះបានគិតស្រមៃថា ប្រសិនបើប៉មរបស់ពួកគេអាចឡើងខ្ពស់កប់ពពក ពួកគេអាចនឹងស្វែងរកឃើញនូវហេតុផលដែលបានបណ្តាលឱ្យមានទឹកជំនន់។

អំណានព្រះគម្ពីរពេលល្ងាច៖​លោកលុប្បត្តិ ១១៖១-៩

ខចងចាំ៖​​ កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង។ រ៉ូម ១២:២

Powered by CAM