ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖អញនឹងធ្វើទោសដល់លោកីយ៍ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិត របស់គេផង អញនឹងបំបាត់សេចក្តីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់។ អេសាយ ១៣:១១
អំណានប្រចាំថ្ងៃ៖ ការជំនុំរបស់ព្រះ
ពួកគេបានលើកតម្កើងខ្លួនឯងប្រឆាំងទាស់នឹងព្រះ។ ប៉ុន្តែ ព្រះទ្រង់មិនបានអនុញ្ញាតឱ្យគេសម្រេចការតាមបំណងរបស់ពួកគេឡើយ។ នៅពេលដែលព្រះបានបញ្ជូនទេវតាពីរអង្គឱ្យមកបំបែកដល់ការងាររបស់ពួកគេ ពួកគេបានសាងសង់ប៉មខ្ពស់ត្រដែតទៅហើយ។ គេបានចាត់តាំងមនុស្សសម្រាប់នាំពាក្យពីអ្នកធ្វើការនៅខាងលើប៉មដែលហៅយកសំភារៈសម្រាប់ការងារសាងសង់របស់គេដែលអ្នកទីមួយនឹងទាក់ទងទៅអ្នកទីពីរ ហើយអ្នកទីពីរទាក់ទងទៅអ្នកទីបី រហូតដល់ពាក្យនោះឮទៅដល់អ្នកដែលនៅលើដីផ្ទាល់។ ខណៈដែលពាក្យកំពុងបានបញ្ជូនចុះក្រោម បន្តពីម្នាក់ទៅម្នាក់ទៀតនោះ ទេវតាបានបំភាន់ភាសារបស់ពួកគេ ហើយនៅពេលដែលពាក្យបានទៅដល់អ្នកធ្វើការដែលនៅខាងក្រោមបង្អស់នោះ គេមិនអាចបញ្ជូនសំភារៈតាមសេចក្តីត្រូវការរបស់អ្នកខាងលើបានឡើយ។ ហើយបន្ទាប់មកការបញ្ជូនសំភារៈទៅអ្នកធ្វើការនៅខាងលើប៉ម មិនបានតាមបំណងប្រាថ្នារបស់គេឡើយ។ ដោយការខកចិត្ត និងការខឹងយ៉ាងខ្លាំង ពួកគេបានស្តីបន្ទោសដល់អ្នកដែលមិនបានហុចរបស់តាមការទាមទារបស់គេនោះ។
បន្ទាប់ពីនោះមក មិនមានការចុះសម្រុងគ្នានៅក្នុងការងាររបស់គេតទៅទៀតឡើយ។ ពួកគេខឹងនឹងគ្នាទៅវិញទៅមក ហើយមិនអាចទ្រាំទ្រនឹងការស្តាប់គ្នាមិនបាន និងភាសាចម្លែក នៅក្នុងចំណោមពួកគេនោះបានឡើយ ពួកគេបានបោះបង់ចោលការងារ ហើយបានបែកចេញពីគ្នារួចបានខ្ចាត់ខ្ចាយពាសពេញពិភពលោក។ តាំងពីមុនមករហូតមកទល់ពេលនេះ មនុស្សលោកនិយាយភាសាតែមួយទេ។ ផ្លេកបន្ទោរពីលើមេឃជាសញ្ញានៃសេចក្តីក្រោធរបស់ព្រះបានបំបែកកំពូលប៉ម គ្រវែងមកលើផ្ទៃដី។ ធ្វើដូច្នោះ ព្រះបានបង្ហាញដល់មនុស្សដែលបះបោរថា ទ្រង់ជាព្រះដ៏មានព្រះចេស្តាបំផុត។
អំណានព្រះគម្ពីរពេលល្ងាច៖ សុភាសិត ១១:២-៦
ខចងចាំ៖ ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក ដែលអំពាវនាវដល់ទ្រង់គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់។ ទំនុកតម្កើង ១៤៥:១៨