ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ដោយសារសេចក្តីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។ ហេព្រើរ ១១:៨,១០
អំណានប្រចាំថ្ងៃ
ព្រះទ្រង់បានជ្រើសរើសលោកអ័ប្រាហាំដើម្បីសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះអង្គបានត្រាស់បង្គាប់ឱ្យគាត់ចាកចេញពីជាតិសាសន៍និងពីសាច់ញាតិរបស់គាត់ ដែលជាអ្នកថ្វាយបង្គំរូបព្រះ។ ព្រះអម្ចាស់ទ្រង់បានបង្ហាញអង្គទ្រង់ឱ្យលោកអ័ប្រាហាំឃើញ នៅក្នុងយុវវ័យរបស់គាត់ ដោយពន្យល់គាត់និងការពារគាត់ពីការថ្វាយបង្គំរូបព្រះ។ ព្រះទ្រង់បានតែងតាំងគាត់ឱ្យធ្វើជាគំរូនៃសេចក្តីជំនឿ និងការថ្វាយបង្គំដ៏ពិតសម្រាប់រាស្ត្ររបស់ទ្រង់ ដែលនឹងរស់នៅជាបន្តទៅទៀតនៅលើផែនដី។ ព្រះបានកត់សំគាល់ឃើញថាគាត់ជាមនុស្សដែលមានអត្តចរិតថ្លៃថ្នូរ សប្បុរស និងរួសរាយរាក់ទាក់។ គាត់ត្រូវបានគេគោរពកោតខ្លាច ដូចជាព្រះអម្ចាស់ដែលមានអំណាច នៅក្នុងចំណោមមនុស្សទាំងឡាយ។ ការគោរពកោតខ្លាច និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់គាត់ចំពោះព្រះព្រមទាំងការស្តាប់បង្គាប់យ៉ាងតឹងរឹងនិងអនុវត្តតាមព្រះហឫទ័យរបស់ព្រះបានធ្វើឱ្យគាត់ទទួលបាននូវការគោរពពីអ្នកបំរើនិងអ្នកជិតខាងរបស់គាត់។ គំរូនៃជីវិតដែលគោរពព្រះនិងការប្រព្រឹត្តិដោយសុចរិតរបស់គាត់ ផ្សាភ្ជាប់ជាមួយនឹងការណែនាំ ប្រកបដោយសេចក្តីជំនឿទៅកាន់អ្នកបំរើ និងអ្នកដែលនៅក្នុងផ្ទះរបស់គាត់ទាំងអស់ បានដឹកនាំពួកគេឱ្យកោតខ្លាច ស្រឡាញ់ និងគោរពដល់ព្រះរបស់លោកអ័ប្រាហាំ។
ព្រះអម្ចាស់បានលេចមកឯលោកអ័ប្រាហាំ ហើយបានសន្យាជាមួយនឹងគាត់ថាពូជរបស់គាត់នឹងបានចម្រើនឡើងដូចជាផ្កាយនៅលើមេឃ។ តាមរយៈភាពងងឹតយ៉ាងខ្លាំងគួរឱ្យស្ញែងខ្លាចចុះមកគ្របលើគាត់ ព្រះអង្គក៏បានប្រាប់គាត់ឱ្យបានដឹងថាពូជគាត់នឹងត្រូវធ្វើជាទាសករនៅស្រុកអេស៊ីព្ទដែលមិនមែនជាស្រុករបស់ខ្លួនក្នុងរយៈពេលដ៏យូរ។
កាលដើមដំបូងឡើយព្រះទ្រង់បានប្រទានឱ្យលោកអ័ដាមមានប្រពន្ធមួយ ព្រះអង្គមិនដែលមានបំណងចង់ឱ្យមនុស្សមានប្រពន្ធច្រើនឡើយ។ លោកឡាម៉េក គឺជាមនុស្សដំបងូបង្អស់ដែលបានប្រព្រឹត្តប្រាសចាកពីការរៀបចំដែលប្រកបដោយព្រះប្រាជ្ញាញ្ញាណរបស់ព្រះនេះ។ គាត់បានយកប្រពន្ធពីរដែលបានបង្កើតជាការមិនចុះសម្រុងគ្នានៅក្នុងគ្រួសាររបស់គាត់។ ការច្រណែននិងការប្រច័ណ្ឌរបស់ប្រពន្ធទាំងពីរបានធ្វើឱ្យឡាម៉េកមិនសប្បាយចិត្តសោះ។ នៅពេលដែលមនុស្សចាប់តាំងចម្រើនឡើង នៅលើផែនដី ហើយកូនស្រីៗជាច្រើនបានកើតមកឱ្យពួកគេបានយកមកធ្វើជាប្រពន្ធតាមចិត្តគេប្រាថ្នាចង់បាន។ ការនេះគឺជាអំពើបាបដ៏ធំក្រៃលែងរបស់មនុស្សលោកជំនាន់មុន ដែលបាននាំមកនូវសេចក្តីក្រោធរបស់ព្រះ មកលើពួកគេ។ ប្រពៃណីនេះត្រូវបានគេអនុវត្ត បន្ទាប់ពីទឹកជំនន់ ហើយបានក្លាយជារឿងធម្មតា ដែលសូម្បីតែមនុស្សសុចរិតក៏បានធ្លាក់ចូលទៅក្នុងបញ្ហានេះ ហើយបានយកប្រពន្ធច្រើនដែរ។ រឿងនេះមិនមែនជាអំពើបាបតូចតាចដោយសារតែពួកគេបានប្រព្រឹត្តការអាក្រក់និងបានឃ្លាតចេញពីការត្រាស់បង្គាប់របស់ព្រះទេ។
អំណានព្រះគម្ពីរពេលល្ងាច៖លោកុប្បត្តិ ជំពូក១២
ខចងចាំ៖ ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក ដែលអំពាវនាវដល់ទ្រង់គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់។ ទំនុកតម្កើង ១៤៥:១៨