ថ្ងៃពុធ ទី២៩​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី១០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផងនោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច។ ​ទំនុកតម្កើង ៣៧:៥

អំណានប្រចាំថ្ងៃ៖ ភាពព្រហើនរបស់នាងហាការ

ប្រសិនបើលោកអ័ប្រាំនិងនាងសារ៉ាបានរង់ចាំនូវសេចក្តីសន្យារបស់ព្រះដោយសេចក្តីជំនឿនិងស្មោះត្រង់ថាពួកគេនឹងមានកូននោះ ភាពមិនសប្បាយយ៉ាងធ្ងន់ធ្ងរនឹងមិនកើតឡើងឡើយ។ ពួកគេបានជឿនូវសេចក្តីសន្យារបស់ព្រះ ប៉ុន្តែ គេមិនបានជឿថាសារ៉ាដែលមានវ័យចាស់ណាស់ទៅហើយនោះ អាចនឹងមានកូនបានទេ។ សារ៉ាបាននឹកឃើញដល់គម្រោង​ការ​មួយ ដែលបានធ្វើឱ្យនាងគិតថាសេចក្តីសន្យារបស់ព្រះនឹងត្រូវបានសម្រេច។ នាងបានអង្វរឱ្យលោកអ័ប្រាហាំយកនាងហាការធ្វើជាប្រពន្ធរបស់គាត់។ ក្នុងករណីនេះ ពួកគេទាំងពីរនាក់បានបាត់បង់សេចក្តីជំនឿ និងការទុកចិត្តដ៏គ្រប់លក្ខណ៍ទៅលើអំណាចរបស់ព្រះ។ ដោយស្តាប់តាមសារ៉ា ហើយ​បាន​យកនាងហាការធ្វើជាប្រពន្ធ លោកអ័ប្រាហាំបានបរាជ័យក្នុងការទ្រាំទ្រ​នូវការសាកល្បងសេចក្តីជំនឿរបស់គាត់ នៅក្នុងអំណាចដ៏គ្មានព្រំដែនរបស់ព្រះ ហើយបាននាំមកនូវទុក្ខកង្វល់ជាច្រើនអនេក មកលើខ្លួនគាត់​និងនាងសារ៉ា។ ព្រះអម្ចាស់មានបំណងចង់ពិសោធនូវភាពរឹងមាំនិងការទុកចិត្តរបស់លោកអ័ប្រាហាំ ដោយសារសេចក្តីសន្យាដែលទ្រង់បានធ្វើជាមួយនឹងគាត់នេះ។

នាងហាការមានអំនួត ហើយឡើងចាង ក៏ព្រហើនដាក់នាងសារ៉ា។ នាងមានជំនោរខ្លួនឯងថានាងនឹងបានក្លាយទៅជាមាតានៃជាតិសាសន៍ដ៏ធំមួយដែលព្រះទ្រង់បានសន្យាថានឹងបង្កើតចេញពីពូជរបស់លោកអ័ប្រាហាំ។ ហើយលោកអ័ប្រាហាំត្រូវតែស្តាប់នូវការត្អូញត្អែររបស់នាងសារ៉ា អំពី​អាកប្បកិរិយារបស់ហាការ​ ដោយបង្ខំចិត្ត គាត់បន្ទោសដល់លោកអ័ប្រាហាំ​ថាជាអ្នកធ្វើឱ្យមានបញ្ហានោះកើតឡើង។ លោកអ័ប្រាហាំមានទុក្ខព្រួយជាខ្លាំង ហើយបានប្រាប់សារ៉ាថា ហាការជាអ្នកបំរើរបស់នាង គេនៅក្នុង​អំណាច​របស់​នាងស្រាប់ហើយ ចូរប្រព្រឹត្តនឹងវាតាមដែលនាងគិតថា ល្អចុះ តែគាត់មិនព្រមបណ្តេញនាងចេញទៅឆ្ងាយឡើយ ដ្បិតនាងនឹងត្រូវធ្វើជាម្តាយរបស់កូនដែលគាត់គិតថា តាមរយៈកូននោះសេចក្តីសន្យា​របស់​ព្រះ​នឹងត្រូវបានសម្រេច។ គាត់បានប្រាប់នាងសារ៉ាថា ប្រសិនបើមិនមានសំណូមពរពិសេសពីនាងសារ៉ាទេនោះ គាត់ក៏មិនបានយកនាង​ហាការធ្វើ​ជាប្រពន្ធដែរ។

លោកអ័ប្រាហាំក៏ត្រូវតែស្តាប់នូវការត្អូញត្អែររបស់នាងហាការ អំពីការបំពារបំពានរបស់នាងសារ៉ា ទៅលើរូបនាងដែរ។ លោកអ័ប្រាហាំស្ថិតនៅក្នុងភាពអល់ឯក។ ប្រសិនបើគាត់កែតម្រង់កំហុសរបស់នាងហាការ គាត់ធ្វើឱ្យការប្រច័ណ្ឌនិងការមិនសប្បាយចិត្តរបស់នាងសារ៉ា ជាប្រពន្ធ ទីមួយជាទីស្រឡាញ់របស់គាត់ រឹតតែកើនឡើង។ នាងហាការរត់​គេចពីមុខ​របស់សារ៉ា។ ទេវតារបស់ព្រះមួយអង្គបានមកជួបនាង និងកម្សាន្តចិត្តនាង ហើយបានស្តីបន្ទោសនាងចំពោះអាកប្បកិរិយាព្រហើនកោងកាចរបស់នាង ដោយបង្គាប់ឱ្យនាងវិលត្រឡប់ទៅកាន់ចៅហ្វាយស្រីរបស់នាងហើយចុះចូលនឹងគាត់វិញទៅ។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ជំពូក​១៦

ខចងចាំ៖​​ ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក ដែល​អំពាវនាវ​ដល់​ទ្រង់គឺ​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់។ ទំនុកតម្កើង ១៤៥:១៨

Powered by CAM