ថ្ងៃព្រហស្បតិ៍ ទី៣០​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី១០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ដោយសារ​សេចក្តី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះត្រង់។ ​ហេព្រើរ ១១:១១

អំណានប្រចាំថ្ងៃ៖ កូនដែលព្រះបានសន្យា

បន្ទាប់ពីកំណើតរបស់អ៊ីស្មាអែលមក ព្រះអម្ចាស់បានលេចមកឯលោកអ័ប្រាហាំម្តងទៀត ហើយទ្រង់បានមានព្រះបន្ទូលមកកាន់គាត់ថា «អញនឹងតាំងសញ្ញានឹងឯង ហើយនិងពូជឯងតាមតំណគេតទៅ ទុកជា​សញ្ញាដ៏នៅអស់កល្បជានិច្ច»។ ព្រះយេហូវ៉ាបានមានព្រះបន្ទូលម្តងទៀត តាមរយៈទេវតារបស់ទ្រង់ អំពីសេចក្តីសន្យារបស់ព្រះអង្គថានឹងប្រទានកូនប្រុសមួយដល់នាងសារ៉ា ហើយនាងនឹងធ្វើជាម្តាយនៃសាសន៍ជាច្រើន។ លោកអ័ប្រាហាំមិនបានយល់នូវសេចក្តីសន្យារបស់ព្រះនោះនៅឡើយទេ។ រំពេចនោះ គំនិតរបស់គាត់ក៏បាននឹកភ្នកពីអ៊ីស្មាអែល ដោយគិតថា ជាតិសាសន៍ជាច្រើនដែលព្រះបានសន្យានោះនឹងបានកើតឡើង តាមរយៈគាត់ ហើយគាត់បានលាន់មាត់ ដោយសេចក្តីស្រឡាញ់ដល់កូនរបស់គាត់ «ឱបើសិនជាអ៊ីស្មាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ!»

ព្រះបានរំឭក​ពីសេចក្តីសន្យាដល់លោកអ័ប្រាហាំម្តងទៀតយ៉ាងច្បាស់ថា «សារ៉ាប្រពន្ធឯងនឹងបង្កើតកូនឱ្យឯង មែនហើយ ឯងត្រូវឱ្យ​ឈ្មោះ​ថាអ៊ីសាក អញនឹងតាំងសញ្ញានិងវាទុកជាសេចក្តី​ សញ្ញាដ៏នៅអស់​កល្បជានិច្ច សម្រាប់ពូជវាតរៀងទៅ»។ ព្រះបានបញ្ជូនទេវតាទៅជួបលោកអ័ប្រាហាំ ជាលើកទីពីរ នៅក្នុងដំណើររបស់ព្រះអង្គទៅបំផ្លាញទីក្រុងសូដុំម ហើយទេវតានោះបានរំឭកប្រាប់លោកអ័ប្រាហាំម្តងទៀត យ៉ាងច្បាស់ថា នាងសារ៉ានឹងមានកូនប្រុសមួយ។

បន្ទាប់ពីកំណើតរបស់អ៊ីសាកមក សេចក្តីអំណរដ៏ធំរបស់លោក​អាប្រាហាំ និងនាងសារ៉ាបានធ្វើឱ្យនាងហាការ មានការច្រ​ណែនជាខ្លាំង។ អ៊ីស្មាអែលបានទទួលការណែនាំពីម្តាយថាគេគឺជាព្រះពរពិសេសមកពីព្រះ ជាកូនប្រុសរបស់លោកអ័ប្រាហាំ ហើយក្លាយទៅជាអ្នកទទួលមរតកតាមសេចក្តីសន្យាដែលព្រះបានសន្យាជាមួយនឹងគាត់។ អ៊ីស្មាអែលបានទទួលយោបល់ម្តាយរបស់ខ្លួន ហើយបានខឹងដោយសារតែសេចក្តីអំណរដែល​ត្រូវបានបង្ហាញនៅក្នុងកំណើតរបស់អ៊ីសាក។ គាត់បាន​ស្អប់​អ៊ីសាក​យ៉ាង​ខ្លាំង ដោយបានគិតថាលោកអ័ប្រាហាំនិងស្រឡាញ់ពេញចិត្តចំពោះអ៊ីសាកខ្លាំងជាងគាត់ជាមិនខាន។ នាងសារ៉ាបាន​ឃើញការច្រណែន​ដែលអ៊ីស្មាអែល បានបញ្ចេញ ប្រឆាំងទាស់នឹងអ៊ីសាកកូនប្រុសរបស់ខ្លួន ហើយនាងមានការរំជួលចិត្តយ៉ាងខ្លាំង។ រួចនាងបានជម្រាបទៅលោកអ័ប្រាហាំអំពីអាកប្បកិរិយារបស់អ៊ីស្មាអែល ដែលមិនគោរពដល់គាត់និងដល់អ៊ីសាក​ជាកូន ដោយនិយាយទៅកាន់គាត់ថា «ចូរបណ្តេញស្ត្រីបាវបំរើនិងកូន​ចេញ​ទៅ ដ្បិតកូនប្រុសនៃស្ត្រីបាវបំរើនេះ នឹងមិនអាចត្រូវបានទទួលមរតក​ជាមួយកូនប្រុសអ៊ីសាករបស់ខ្ញុំនោះទេ»។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ១៨៖១-២២

ខចងចាំ៖​​ ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក ដែល​អំពាវនាវ​ដល់​ទ្រង់គឺ​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់។ ទំនុកតម្កើង ១៤៥:១៨

Powered by CAM