ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំឡោះចុះ ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយត្រូវឲ្យឯងឈ្លក់ចិត្តនឹងសេចក្តីស្រឡាញ់របស់នាងជានិច្ចផង។ សុភាសិត ៥:១៨-១៩
អំណានប្រចាំថ្ងៃ៖ ផែនការនៃសេចក្តីសប្បាយរីករាយរបស់ព្រះ
លោកអ័ប្រាហាំមានកង្វល់យ៉ាងខ្លាំង។ អ៊ីស្មាអែលជាកូនប្រុសជាទីស្រឡាញ់របស់គាត់។ តើឱ្យគាត់បណ្តេញកូនចេញយ៉ាងណា? គាត់បានអធិស្ឋានទៅព្រះក្នុងភាពអល់ឯក ដ្បិតគាត់មិនដឹងជាដើរផ្លូវណាឡើយ។ ព្រះបានមានបន្ទូលទៅកាន់លោកអ័ប្រាហាំតាមរយៈទេវតារបស់ទ្រង់ ឱ្យស្តាប់តាមសំដីសារ៉ាប្រពន្ធរបស់គាត់ចុះ ហើយមិនត្រូវឱ្យសេចក្តីស្រឡាញ់របស់គាត់ទៅលើកូន ឬនាងហាការក្លាយជាការប្រឆាំងនឹងបំណងរបស់នាងឡើយ។ ព្រោះនេះគឺជាមធ្យោបាយតែមួយគត់ដែលគាត់អាចស្តារការចុះសម្រុងគ្នានិងសេចក្តីសុខសាន្តក្នុងគ្រួសាររបស់គាត់ជាថ្មីឡើងវិញ។ ទេវតាបានផ្តល់យោបល់ជាសេចក្តីសន្យាដល់លោកអ័ប្រាហាំថា ទោះបីជាអ៊ីស្មាអែលត្រូវបានឃ្លាតចេញពីផ្ទះឪពុករបស់ខ្លួនក៏ដោយ ក៏គេមិនស្លាប់ ឬត្រូវបានព្រះបោះបង់ចោលនោះទេ ហើយព្រះនឹងការពារគេ ព្រោះគេជាកូនរបស់លោកអ័ប្រាហាំ។ ព្រះក៏បានសន្យាថា នឹងធ្វើឱ្យពូជរបស់អ៊ីស្មាអែលបានក្លាយទៅជាជាតិសាសន៍ដ៏ធំមួយដែរ។
លោកអ័ប្រាហាំជាមនុស្សថ្លៃថ្នូរ មានចិត្តមេត្តា និងសុភាពរាបសា ដែលបានបង្ហាញឱ្យឃើញនៅក្នុងការអង្វរដោយស្មោះអស់ពីចិត្តជំនួសមនុស្សនៅក្នុងទីក្រុងសូដុំម។ វិញ្ញាណដ៏មុះមុតរបស់គាត់ឈឺចាប់យ៉ាងខ្លាំង។ គាត់បានឱនចុះទាំងទុក្ខព្រួយ ហើយអារម្មណ៍របស់គាត់មានការរំជួលយ៉ាងខ្លាំង នៅពេលដែលគាត់បានបញ្ជូននាងហាការ និងកូនប្រុសអ៊ីស្មាអែលឱ្យធ្វើដំណើរត្រាច់ចរជាជនពនេចរនៅក្នុងទឹកដីដែលគេមិនដែលស្គាល់នោះ។
ប្រសិនបើព្រះបានយល់ព្រមឱ្យមនុស្សយកប្រពន្ធច្រើននោះ ព្រះអង្គមិនចាំបាច់អនុញ្ញាតឱ្យលោកអ័ប្រាហាំបណ្តេញនាងហាការ និងកូនប្រុសចេញនោះទេ។ ទ្រង់បង្រៀនដល់មនុស្សទាំងអស់នូវមេរៀនមួយ ដោយសាររឿងនេះថា មនុស្សទាំងឡាយត្រូវតែគោរពនិងរក្សានូវសិទ្ធិនិងសេចក្តីសុខសាន្តនៃទំនាក់ទំនងអាពាហ៍ពិពាហ៍នេះ ទោះបីនៅក្នុងការថ្វាយយញ្ញបូជាដ៏ធំក៏ដោយ។ នាងសារ៉ាគឺជាប្រពន្ធទីមួយ និងជាប្រពន្ធយ៉ាងពិតប្រាកដរបស់លោកអ័ប្រាហាំ។ នាងត្រូវបានផ្តល់សិទ្ធិជាប្រពន្ធនិងជាម្តាយ ដែលគ្មានអ្នកណាម្នាក់នៅក្នុងគ្រួសារមានដូចគាត់ឡើយ។ នាងបានគោរពប្តីរបស់នាង ដោយហៅគាត់ថាលោកម្ចាស់ តែនាងបានច្រណែន ក្រែងគាត់ចែកសេចក្តីស្រឡាញ់របស់គាត់ជាមួយនឹងនាងហាការ។ ព្រះជាម្ចាស់មិនបានបន្ទោសដល់នាងសារ៉ា ដោយការដែលនាងបានប្រព្រឹត្តនោះទេ។ ទេវតាបានស្តីបន្ទោសលោកអ័ប្រាហាំចំពោះការមិនទុកចិត្តលើព្រះចេស្តារបស់ព្រះ ដែលបានបណ្តាលឱ្យគាត់យកនាងហាការធ្វើប្រពន្ធ ហើយបានគិតថាសេចក្តីសន្យារបស់ព្រះនឹងត្រូវបានសម្រេចតាមរយៈនាង។
អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្បត្តិ ២១៖១-២១
ខចងចាំ៖ ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក ដែលអំពាវនាវដល់ទ្រង់គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់។ ទំនុកតម្កើង ១៤៥:១៨