ថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ។ អេភេសូរ ២:៨
អំណានប្រចាំថ្ងៃ៖ ច្បាប់របស់ព្រះដែលមិនអាចកែប្រែ
ទេវតាទាំងឡាយបានកើតទុក្ខសោកសៅ ដោយសារការមិនស្តាប់បង្គាប់និងការធ្លាក់ចុះរបស់លោកអ័ដាមនិងនាងអេវ៉ាដែលធ្វើឱ្យសេចក្តីក្រោធរបស់ព្រះត្រូវធ្លាក់ទៅលើមនុស្សលោកគ្រប់គ្នា។ ពួកគេត្រូវបានកាត់ផ្តាច់ពីទំនាក់ទំនងជាមួយនឹងព្រះ ហើយត្រូវបានទម្លាក់ចូលទៅក្នុងសេចក្តីវេទនាដ៏អស់សង្ឃឹម។ ច្បាប់របស់ព្រះមិនអាចកែប្រែ ដើម្បីតម្រូវទៅតាមសេចក្តីត្រូវការចាំបាច់របស់មនុស្សឡើយ ដ្បិតនៅក្នុងការរៀបចំរបស់ព្រះ ច្បាប់នេះមិនដែលបាត់បង់ឥទ្ធិពល ឬបោះបង់ការទាមទារមួយចំណែកដ៏តូចណាមួយឡើយ។
ព្រះបានចាត់ទេវតាឱ្យទៅជួបគូស្រករដែលបានធ្លាក់ចុះ ហើយប្រាប់ពួកគេថា ទោះបីជាពួកគេលែងមានលក្ខណៈជាមនុស្សបរិសុទ្ធ ហើយបាត់បង់សួនច្បារអេដែនជាលំនៅស្ថានរបស់គេដោយសារតែអំពើរំលងនឹងច្បាប់របស់ពួកគេក៏ដោយ ក៏ករណីរបស់គេមិនអស់សង្ឃឹមទាំងស្រុងនោះដែរ។ រួចទេវតាបានប្រាប់ពួកគេថា ព្រះរាជបុត្រារបស់ព្រះដែលបានសន្ទនាជាមួយពួកគេនៅសួនអេដែន ទ្រង់មានព្រះហឫទ័យអាណិតអាសូរដល់ពួកគេជាខ្លាំងនៅពេលដែលទ្រង់បានទតឃើញស្ថានភាពដ៏អស់សង្ឃឹមរបស់ពួកគេ ហើយទ្រង់សព្វព្រះហឫទ័យទទួលទណ្ឌកម្មជំនួយពួកគេដោយផ្ទាល់ព្រះអង្គ ហើយសុគតជំនួយពួកគេ ដើម្បីឱ្យមនុស្សមានជីវិតរស់នៅ ដោយសារសេចក្តីជំនឿទៅលើតង្វាយធួននឹងបាបដែលព្រះគ្រីស្ទបានធ្វើសម្រាប់គេ។ តាមរយៈព្រះគ្រីស្ទទ្វារនៃសេចក្តីសង្ឃឹមត្រូវបានបើកឡើង ហើយមនុស្សមិនត្រូវនៅក្រោមការគ្រប់គ្រងរបស់សាតាំងទៀតឡើយ ទោះបីជាគេមានបាបយ៉ាងណាក៏ដោយ។ ជំនឿលើសេចក្តីល្អរបស់ព្រះរាជបុត្រានៃព្រះអាចជួយលើកស្ទួយមនុស្សឱ្យទប់ទល់នឹងឧបាយកលរបស់សាតាំង។ ពេលវេលានៃការសាកល្បងត្រូវបានប្រទានឱ្យគេដែលតាមរយៈជីវិតដែលបានកែប្រែ និងជំនឿទៅលើតង្វាយធួននឹងបាបនៃព្រះរាជបុត្រារបស់ព្រះ ពួកគេនឹងត្រូវបានសង្គ្រោះ។ ពួកទេវតាបានរ៉ាយរ៉ាប់ប្រាប់គេនូវទុក្ខកង្វល់នៅនគរស្ថានសួគ៌ពេលដែលបានឮសេចក្តីប្រកាសថា ពួកគេបានប្រព្រឹត្តរំលងនឹងបញ្ញត្តិរបស់ព្រះដែលធ្វើឱ្យព្រះគ្រីស្ទសព្វព្រះហឫទ័យលះបង់ព្រះជន្មដ៏មានតម្លៃរបស់ទ្រង់។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ១០៖៩-១៨
ខចងចាំ៖ ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ រ៉ូម ៦:២៣