ថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់។ កូឡូស ១:១៣-១៤
អំណានប្រចាំថ្ងៃ៖ តម្លៃនៃការប្រោសលោះ
នៅពេលដែលលោកអ័ដាមនិងនាងអេវ៉ាបានដឹងពីឧត្តមភាពនិងពិសិដ្ឋភាពនៃច្បាប់របស់ព្រះដែលការរំលងនឹងច្បាប់នោះមានតម្លៃស្មើនឹងការលះបង់ព្រះជន្មរបស់ព្រះរាជបុត្រា ដើម្បីសង្គ្រោះពួកគេនិងតំណពូជរបស់គេពីការហិនវិនាសនោះមក ពួកគេបានអង្វរសុំឱ្យព្រះទុកឱ្យពួកគេស្លាប់វិញ ហើយទុកឱ្យពួកគេនិងតំណពូជរបស់គេរងទុក្ខទោសដោយសារអំពើរំលងរបស់គេចុះ កុំឱ្យព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះត្រូវលះបង់ព្រះជន្មអី។ ការថប់បារម្ភរបស់អ័ដាមបានកើនឡើងជាលំដាប់។ គាត់បានឃើញថាទំហំនៃអំពើបាបរបស់គាត់ធំក្រៃលែងដែលជាប់ទាក់ទងនឹងលទ្ធផលដ៏គួរឱ្យភ័យខ្លាច។ តើអំពើបាបនោះតម្រូវឱ្យមេលើទេវតាដ៏មានកិត្តិយសដែលធ្លាប់បានយាងនិងមានបន្ទូលជាមួយនឹងគាត់ កាលពីគាត់នៅជាមនុស្សបរិសុទ្ធមិនទាន់មានទោសនៅឡើយ ជាអ្នកដែលពួកទេវតាគោរពថ្វាយបង្គំ ត្រូវតែបានចាត់បញ្ជូនចុះពីតំណែងដ៏ខ្ពស់នៅស្ថានសួគ៌ មកសុគតដោយសារតែអំពើរំលងរបស់គាត់ឬអី?
ទេវតាបានប្រាប់ដល់អ័ដាមថាជីវិតរបស់ទេវតាមិនអាចសងបំណុលនោះបានឡើយ។ ច្បាប់របស់ព្រះយេហូវ៉ាជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងរបស់ទ្រង់ ស្ថានសួគ៌និងផែនដីមានភាពសុក្រឹតដូចជាព្រះអង្គផ្ទាល់ដែរ ហេតុដូច្នេះ ហើយព្រះមិនអាចទទួលជីវិតរបស់ទេវតាអង្គណាមួយ ជាយញ្ញបូជាសម្រាប់អំពើរំលងនឹងច្បាប់នោះឡើយ។ នៅក្នុងព្រះនេត្ររបស់ទ្រង់ ច្បាប់របស់ទ្រង់សំខាន់ជាងពួកទេវតាបរិសុទ្ធដែលនៅជុំវិញបល្ល័ង្កទ្រង់។ ព្រះវរបិតាមិនអាចលុបចោលឬកែប្រែប្រការណាមួយ ដើម្បីតម្រូវទៅតាមលក្ខខណ្ឌរបស់មនុស្សដែលធ្លាក់ចុះនោះឡើយ។ ប៉ុន្តែ ព្រះរាជបុត្រារបស់ព្រះដែលបានរួមជាមួយព្រះវរបិតាជាឯកឆ្ឆន្នក្នុងការបង្កើតមនុស្ស ទ្រង់អាចធ្វើជាតង្វាយឱ្យធួននឹងបាបដែលព្រះវរបិតាអាចទទួលយកបាន ដោយលះបង់ព្រះជន្មរបស់ទ្រង់ជាយញ្ញបូជា ហើយទ្រាំទ្រនូវសេចក្តីក្រោធរបស់ព្រះវរបិតា។ ទេវតាបានប្រាប់ដល់អ័ដាមថា ដោយសារតែអំពើរំលងច្បាប់បាននាំមកនូវសេចក្តីស្លាប់ និងទុក្ខវេទនា នោះជីវិតនិងភាពមិនចេះស្លាប់ក៏ត្រូវបាននាំមកឯពន្លឺវិញដោយសារការលះបង់របស់ព្រះយេស៊ូវគ្រីស្ទដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ រ៉ូម ៥៖១-១១
ខចងចាំ៖ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ យ៉ូហាន ៣:១៦