ថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ។ អេសាយ ៥៥:៦-៧
អំណានប្រចាំថ្ងៃ៖ ការមើលឃើញពីអនាគត
ការមើលឃើញពីអនាគតទេវតាបានបង្ហាញដល់អ័ដាមពីអនាគត ចាប់តាំងពីការបណ្តេញចេញពីសួនច្បារអេដែនរបស់គាត់រហូតដល់សម័យទឹកជំនន់ ហើយបន្តទៅទៀត រហូតដល់ព្រឹត្តិការណ៍លើកទីមួយរបស់ព្រះគ្រីស្ទ នៅលើផែនដី សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះលោកអ័ដាម និងតំណពូជរបស់គាត់បាននាំឲ្យព្រះរាជបុត្រារបស់ព្រះបន្ទាបព្រះកាយមកប្រសូតជាមនុស្ស ហើយតាមរយៈការបន្ទាបព្រះកាយរបស់ទ្រង់នោះ នឹងលើកតម្កើងអស់អ្នកជឿដល់ទ្រង់។ មហាពលិកម្មបែបនេះមានតម្លៃល្មមអាចនឹងសង្គ្រោះមនុស្សលោកទាំងឡាយនៅលើលោកិយនេះបាន ប៉ុន្តែ មានមនុស្សមួយចំនួនតូចតែប៉ុណ្ណោះដែលនឹងទទួលនូវសេចក្តីសង្គ្រោះដែលបានមកដោយសារមហាបូជនីយកិច្ច (ការលះបង់ព្រះជន្ម) ដ៏អស្ចារ្យនេះ។ មនុស្សជាច្រើននឹងមិនប្រតិបត្តិតាមលក្ខខណ្ឌដែលបានតម្រូវឱ្យគេធ្វើ ដើម្បីឱ្យគេបានទទួលសេចក្តីសង្គ្រោះនោះឡើយ គេចូលចិត្តនឹងអំពើបាបនិងការរំលងច្បាប់របស់ព្រះជាជាងការកែប្រែចិត្ត និងការស្តាប់បង្គាប់ដោយទុកចិត្តលើសេចក្តីជំនឿទៅនឹងតង្វាយយញ្ញបូជាដែលព្រះយេស៊ូវបានប្រទានឱ្យគេ។ តង្វាយនេះមានតម្លៃជាអនេកមិនអាចគណនាបានដែលមានតម្លៃសម្រាប់មនុស្សជាងមាសសុទ្ធដែលបានសម្រងពីភ្លើងឬត្បូងពេជ្រដ៏មានតម្លៃទៅទៀត។
លោកអ័ដាមបានបន្តអំពើបាបដល់មនុស្សជាច្រើនជំនាន់ ហើយបានឃើញអំពើឧក្រិដ្ឋ ភាពមានទោស និងការប្រមាថចេះតែកើនឡើងជាលំដាប់ ដោយសារតែមនុស្សបណ្តោយទៅតាមការបដិសេធន៍ និងការរំលងនឹងច្បាប់ដ៏បរិសុទ្ធរបស់ព្រះ។ គាត់បានឃើញនូវបណ្តាសារបស់ព្រះធ្លាក់មកលើមនុស្ស សត្វនិងផែនដីកាន់តែធ្ងន់ឡើងៗ ដោយសារតែមនុស្សនៅតែបន្តការរំលង នឹងច្បាប់នៃព្រះរបស់គេឥតឈប់ឈរ។ គាត់ត្រូវបានបង្ហាញឱ្យឃើញថាសេចក្តីទុច្ចរិតនិងអំពើហិង្សានឹងកើនឡើងយ៉ាងពិតប្រាកដ ព្រមទាំងមានសេចក្តីវេទនានិងភាពវឹកវរកើតឡើង នៅក្នុងចំណោមមនុស្សទាំងអស់ តែក៏នៅតែមានមនុស្សមួយចំនួនតូចនៅរក្សាចំណេះដឹងអំពីព្រះ និងនៅតែបរិសុទ្ធនៅក្នុងចំណោមមនុស្សដ៏ច្រើនសន្ធឹក ដែលមានសីលធម៌ចុះអន់ថយនោះដែរ។ លោកអ័ដាមត្រូវបានប្រាប់ឱ្យដឹងពីលទ្ធផលនៃអំពើបាបដែលជាការរំលងនឹងច្បាប់របស់ព្រះ។ ព្រះបានបង្ហាញគាត់ថាការអន់ថយខាងសីលធម៌ គំនិត និងរាងកាយដែលកើតឡើងពីការរំលងនឹងច្បាប់នេះនឹងរាលដាលនៅក្នុងតំណពូជមនុស្ស រហូតដល់លោកិយទាំងមូលមានពេញទៅដោយទុក្ខវេទនាគ្រប់បែបយ៉ាង។
ថ្ងៃនៃអាយុរបស់មនុស្សនឹងត្រូវរួញខ្លី ដោយសារតែលទ្ធនៃការប្រព្រឹត្តិរំលងនឹងច្បាប់ដ៏សុចរិតរបស់ព្រះ។ ទីបំផុតមនុស្សនឹងបន្ទាបបន្ថោករូបរាងរបស់ខ្លួនឱ្យនៅទាបបំផុត សឹងតែឥតមានតម្លៃអ្វីសោះឡើយ។ ពួកគេអសមត្ថភាពនឹងកោតសរសើរភ្នំកាល់វ៉ារី ជារឿងពិតនៃតង្វាយធួននឹងបាប និងផែនការនៃសេចក្តីសង្គ្រោះដែលព្រះបានលើកតម្កើងហើយប្រទានឱ្យមនុស្សលោក ដោយសារតែប័ណ្ណលោះបាបដែលជាគំនិតរបស់សង្ឃទៅវិញ។ ថ្វីបើមនុស្សមានភាពកម្សោយ មានគំនិត សីលធម៌ និងអំណាចខាង រាងកាយទន់ខ្សោយក៏ដោយ ក៏ព្រះគ្រីស្ទទ្រង់នៅតែស្មោះត្រង់ទៅនឹងបំណងព្រះហឫទ័យដែលទ្រង់បានលះបង់ស្ថានសួគ៌ ហើយព្រះអង្គនៅតែយកព្រះទ័យទុកដាក់ជាមួយនឹងមនុស្សលោកដែរ ហើយទ្រង់បានអញ្ជើញពួកគេឱ្យទុកភាពកម្សោយខាងរាងកាយនិងខាងគំនិតរបស់គេនៅក្នុងទ្រង់។ ប្រសិនបើពួកគេនឹងមករកទ្រង់ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងដល់គេតាមសេចក្តីត្រូវការ។
អំណានព្រះគម្ពីរពេលល្ងាច៖ រ៉ូម ១៖១៦-៣២
ខចងចាំ៖ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ យ៉ូហាន ៣:១៦