ថ្ងៃព្រហស្បតិ៍ ទី០៩​ ខែធ្នូ ឆ្នាំ២០២១

រឿងនៃការប្រោសលោះ (ជំពូកទី-០៦)​

កាអ៊ីន និងអេបិល ជាមួយនឹងតង្វាយរបស់ពួកគេ


អំណានព្រះគម្ពីរពេលព្រឹក៖ ដោយសារ​សេចក្តី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​តង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្តី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញបូជា​នោះ​ថា គាត់​សុចរិត ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់ពី​តង្វាយ​គាត់​ផង បាន​ជា​ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ គង់​តែ​នៅ​មាន​និយាយ​ទៅ​ទៀត ដោយសារ​តង្វាយ​នោះ​ឯង។ ហេព្រើរ ១១:៤

អំណានប្រចាំថ្ងៃ

កាអ៊ីននិងអេបិល គឺជាកូនប្រុសរបស់លោកអ័ដាមដែលមាន​អត្តចរិត​ខុសគ្នាដាច់ស្រឡះ។ អេបិលបានកោតខ្លាចព្រះ។ កាអ៊ីនចូលចិត្ត​គំនិតបះបោរប្រឆាំងទាស់នឹងព្រះស្ងាត់ៗនៅក្នុងចិត្ត ដោយសារតែបណ្តាសាដែលព្រះបានដាក់ដល់លោកអ័ដាម និងដោយសារតែដីត្រូវបណ្តាសាដោយអំពើបាបរបស់គេ។ បងប្អូនទាំងពីរនាក់នេះ ត្រូវបានឪពុកម្តាយបង្រៀនពីទស្សនវិស័យដែលព្រះបានបង្កើតសម្រាប់សេចក្តីសង្គ្រោះដល់មនុស្ស។ ពួកគេត្រូវបានតម្រូវឱ្យស្តាប់បង្គាប់ដល់ព្រះដោយបន្ទាបខ្លួន និងដោយបង្ហាញនូវសេចក្តីគោរពរបស់គេចំពោះព្រះ ព្រមទាំងរក្សានូវសេចក្តី​ ជំនឿរបស់គេ ហើយទីពឹងទៅលើព្រះអង្គដ៏ប្រោសលោះរបស់គេ ដោយការសម្លាប់សត្វដំបូងពីហ្វូងសត្វ​របស់គេ ហើយយកឈាមធ្វើជាតង្វាយដុតថ្វាយដល់ព្រះ។ តង្វាយ​នេះនឹងរំឭកគេឱ្យចងចាំនៅក្នុងចិត្តជានិច្ចពីអំពើបាបរបស់គេនិងពី​ព្រះអង្គ​​ដ៏ប្រោសលោះរបស់គេដែលនឹងយាងមកធ្វើជាតង្វាយយញ្ញបូជាដ៏អស្ចារ្យសម្រាប់មនុស្សលោក។​

កាអ៊ីនបាននាំយកតង្វាយរបស់គេទៅថ្វាយដល់ព្រះដោយរអ៊ូរទាំ និងមានចិត្តមិនស្មោះត្រង់ទៅនឹងតង្វាយយញ្ញបូជាដែលព្រះបានសន្យា។ កាអ៊ីនមិនបានធ្វើតាមផែនការនៃការស្តាប់បង្គាប់ឱ្យបានត្រឹមត្រូវទេតែគេបានជំនួសការសម្លាប់កូនចៀមដោយយកថ្លែឈើជាផលដែលកើតពីដីមក​ថ្វាយដល់ព្រះទៅវិញ។ គាត់គ្រាន់តែបានយកផលពីដីយកទៅថ្វាយព្រះ ដោយមិនខ្វល់ពីការដែលព្រះបានតម្រូវនោះឡើយ។ ព្រះទ្រង់បានមានបន្ទូលប្រាប់ដល់លោកអ័ដាមថា បើគ្មានការខ្ចាយ​ឈាមទេ នោះក៏នឹងមិនមានការលើកលែងទោសពីអំពើបាបដែរ។ កាអ៊ីនមិនទាំងបាន ជ្រើសរើសផ្លែឈើដ៏ល្អបំផុតទៅថ្វាយព្រះផង។ អេបិលបានទូន្មានដល់បងប្រុសរបស់ខ្លួនថា មិនត្រូវចូលទៅចំពោះព្រះ ដោយគ្មានឈាមនៃសត្វជាតង្វាយឡើយ។ កាអ៊ីន​ជាបងដែលមានអាយុច្រើនជាង គេមិនបានស្តាប់តាមការទូន្មានរបស់ប្អូនទេ។ គាត់មិនចូលចិត្តនឹងការឱ្យយោបល់របស់អេបិលឡើយ ហើយ​គាត់​ក៏បានយកតង្វាយរបស់គាត់ទៅថ្វាយដល់ព្រះដោយការសង្ស័យនិងរអ៊ូរទាំ។ ប៉ុន្តែ ព្រះទ្រង់ពុំបានទទួលតង្វាយនោះទេ។

អេបិលបាននាំយកកូនដំបូងដ៏ធាត់ពីហ្វូងសត្វរបស់គាត់ ទៅថ្វាយ​ជា​តង្វាយដល់ព្រះ ដូចដែលព្រះ​បាន​បង្គាប់ដោយសេចក្តីជំនឿលើព្រះមែស្ស៊ីដែលនឹងយាងមក ដោយការគោរពនិងបន្ទាបខ្លួនយ៉ាងជ្រាលជ្រៅ។ ព្រះ​ទ្រង់បានទទួលយកតង្វាយរបស់គាត់​ដោយ​សព្វព្រះហឫទ័យ។ មានភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះតង្វាយរបស់អេបិល។ កាអ៊ីនមិនបានឃើញសញ្ញាដែលបង្ហាញថាព្រះសព្វព្រះហឫទយ័នឹងតង្វាយរបស់គាត់ឡើយ។ គាត់ក៏ខឹងនឹងព្រះ ហើយនិងប្អូនប្រុសរបស់គាត់។ ព្រះសព្វព្រះហឫទ័យបញ្ជូនទេវតាទៅសន្ទនាជាមួយនឹងកាអ៊ីន។

អំណានព្រះគម្ពីរពេលល្ងាច៖​លោកលុប្បត្តិ ៤៖១-១៥

ខចងចាំ៖​​ ​ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ។ យ៉ូហាន ៣:១៦

Powered by CAM