ថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤៨)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​៣៧

ខព្រះគម្ពីរប្រចាំថ្ងៃ: ចូរ​រក្សា​បញ្ញើ​ល្អ​ដែល​ផ្ញើ​ទុក​នឹង​អ្នក ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​សណ្ឋិត​នៅ​ក្នុង​យើង។ ធីម៉ូថេទី២ ១:១៤

ហ្វូងមនុស្សមិនដែលធ្លាប់មានឮពាក្យដូចនេះកាលពីមុនមកទេ ។ សម្តីទាំងនោះបានវាយប្រហារលើខ្សែរព័ទ្ធជុំវិញចិត្ត ទោះបីជាចិត្តនោះរឹងបំផុត ក៏ដោយ ។ សេចក្តីពិត ភាពច្បាស់លាស់ និងការជឿជាក់បានបណ្តេញភាព ខុសឆ្គងចេញ ។ ពន្លឺបានបំភ្លឺគំនិតរបស់មនុស្សជាច្រើន ដែលក្រោយមកបានដើរតាមកាំរស្មីនៃពន្លឺនោះ ។ សេចក្ដីពិតដែលបានថ្លែងប្រាប់នៅថ្ងៃនោះត្រូវបានកត់ត្រាជាបង្គោលសម្រាប់មនុស្សទូទាំងនគរ និងជាច្បាប់សម្រាប់រស់នៅគ្រប់ពេលទាំងអស់ ដែលមានអានុភាពលើចិត្ដរបស់មនុស្ស នៅពេលបបូរមាត់ដែលបានថ្លែងប្រាប់បានសម្រាកយ៉ាងស្ងៀមស្ងាត់នៅក្នុងផ្នូរនៃវីរបុរស។

ស្តេចនេរ៉ូមិនធ្លាប់បានឮពីសេចក្ដីពិតដូចដែលទ្រង់បានឮនៅពេលនេះទេ ។ តាំងពីមុនមក មិនដែលមានអ្នកណាបង្ហាញពីកំហុសដ៏ធ្ងន់ក្នុងព្រះជន្មរបស់ ទ្រង់ដូចពេលនេះឡើយ ។ ពន្លឺនៃឋានសួគ៌បានចែងចាំងទម្លុះបន្ទប់ដែលបំពុលដោយអំពើបាប ក្នុងព្រះទ័យរបស់ទ្រង់ ហើយទ្រង់ភ័យញាប់ញ័រក្នុងគំនិតនៃតុលាការមុននឹងកាត់ទោសជាចុងក្រោយបង្អស់ហើយអំពើរបស់ទ្រង់ ដែលជាអ្នកដឹកនាំលើពិភពលោកទទួលបានរង្វាន់របស់ខ្លួនយ៉ាងយុត្តិធម៌ ។ ទ្រង់បានកោតខ្លាចចំពោះសាវ័ករបស់ព្រះ ហើយមិនហ៊ានដាក់ទោសលោក ប៉ុល ប្រឆាំងនឹងអ្នកដែលចោទប្រកាន់របស់ពួកគេដោយមិនមានការគាំទ្រនោះឡើយ ។ ព្រះអង្គបាននឹកឃើញពីពេលដែលទ្រង់បានគ្រប់គ្រងដោយស្រេកឈាម។

ឋានសួគ៌ត្រូវបានបើកមួយភ្លែត បង្ហាញឲ្យស្តេចនេរ៉ូបានមើលឃើញពីកំហុសនិងចិត្តរឹងរូសរបស់ទ្រង់ ហើយទ្រង់ហាក់ដូចជាចង់បានភាពសុខសាន្ដនិងភាពបរិសុទ្ធ ។ ពេលនោះការអញ្ជើញនៃក្តីអាណិតអាសូរក៏ត្រូវបានពង្រីកដល់ព្រះទ័យរបស់ទ្រង់ ។ ប៉ុន្តែ គំនិតនៃការលើកលែងទោសនោះបានកើតឡើងតែមួយភ្លែតប៉ុណ្ណោះ ។ បន្ទាប់មក ស្តេចបានបង្គាប់ឲ្យគេនាំលោកប៉ុលទៅកាន់គុកងងឹតវិញ ហើយនៅពេលដែលទ្វារបន្ទប់ឃុំឃាំងបានបិទនៅពីក្រោយអ្នកនាំសាររបស់ព្រះ នោះទ្វារនៃការប្រែចិត្តក៏បានបិទជារៀងរហូត ប្រឆាំងនឹងព្រះចៅអធិរាជរ៉ូមដែរ ។ មិនដែលមានកាំរស្មីនៃពន្លឺពីឋានសួគ៌បានជ្រៀតចូលមកក្នុងភាពងងឹតដែលគ្របដណ្តប់លើទ្រង់ម្តងទៀតឡើយ ។ មិនយូរប៉ុន្មាន ទ្រង់បានទទួលការជំនុំជម្រះតាមការប្រព្រឹត្តរបស់ទ្រង់។

មិនយូរប៉ុន្មានបន្ទាប់ពីពេលនោះមក ស្តេចនេរ៉ូបានធ្វើដំណើរតាមសំពៅ ទៅកាន់ប្រទេសក្រិក ជាកន្លែងដែលទ្រង់បានធ្វើឲ្យព្រះអង្គនិងនគររបស់ទ្រង់ ត្រូវអាម៉ាស់ ដោយអំពើដែលឥតបានការនិងថោកទាប ។ លុះត្រឡប់មកកាន់ទីក្រុងរ៉ូមវិញដោយភាពក្លៀវក្លា ព្រះអង្គបានឡោមព័ទ្ធដោយពួកអ្នកហែហម និងពួកអ្នកប្រឆាំងបះបោររបស់ទ្រង់ ហើយបានចូលរួមក្នុងការជប់លៀងស៊ីផឹកដ៏គួរឲ្យស្អប់ខ្ពើម ។ នៅកណ្តាលការសប្បាយអ៊ូអរនេះស្រាប់តែគេបានឮសំឡេងដ៏រំជើបរំជួលនៅតាមដងផ្លូវ ។ គេបានបញ្ជូនអ្នកនាំសារម្នាក់ឲ្យទៅពិនិត្យមើលហេតុការណ៍នោះ ហើយបានត្រឡប់មកវិញជាមួយនឹងដំណឹងដ៏រន្ធត់ថា លោកកាល់បាកំពុងដឹកនាំកងទ័ព ដើរសំដៅចូលមកកាន់ទីក្រុងរ៉ូមយ៉ាងលឿន ការបះបោរនោះបានផ្ទុះឡើងនៅក្នុងទីក្រុងរួចទៅហើយ ហើយនៅតាមដងផ្លូវមានពេញទៅដោយហ្វូងមនុស្សដែលមានកំហឹងយ៉ាងឃោរឃៅ ដែលគំរាមកំហែងធ្វើគុតដល់ព្រះចៅអធិរាជនិងអ្នកគាំទ្ររបស់ទ្រង់ទាំងអស់ ដែលនឹងចូលមកដល់ព្រះរាជវាំងនៅពេលដ៏ខ្លីខាងមុខនេះ។

នៅក្នុងគ្រាអាសន្ននេះ ស្តេចនេរ៉ូមិនមានព្រះដែលមានអំណាចនិងអាណិតអាសូរដែលត្រូវពឹងពាក់ ដូចជាសាវ័កប៉ុលទេ ។ ការភ័យខ្លាចនៃការ រងទុក្ខនិងការធ្វើទារុណកម្មដែលទ្រង់នឹងត្រូវរងទ្រាំដោយដៃរបស់ហ្វូងមនុស្ស ស្តេចដែលកាន់អំណាចផ្តាច់ការនេះបានគិតថានឹងបញ្ចប់ជីវិតខ្លួនឯងដោយការធ្វើអត្តឃាត ប៉ុន្តែ នៅក្នុងឱកាសដ៏តានតឹងនេះ ភាពក្លាហានរបស់ ទ្រង់ក៏ ត្រូវបរាជ័យ ។ ទ្រង់បានភៀសខ្លួនចេញពីទីក្រុងទាំងភាពកម្សោយទាំងស្រុង ដោយអៀនខ្មាស ហើយបានស្វែងរកកន្លែងជ្រកកោននៅផ្ទះសំណាក់នៅជនបទមួយ ដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីទីក្រុង ប៉ុន្តែ ទីនោះមិនអាចជួយ លាក់ទ្រង់បានឡើយ ។ មិនយូរប៉ុន្មាន គេក៏រកកន្លែងលាក់ខ្លួនរបស់ទ្រង់ឃើញ ហើយនៅពេលដែលកងទ័ពសេះដែលដេញតាមទ្រង់ចូលមកកាន់តែជិត ទ្រង់បានហៅអ្នកបម្រើម្នាក់មកជួយ ហើយបានធ្វើឲ្យទ្រង់មានរបួសជាទម្ងន់ រហូតដល់សុគត ។ ដូច្នេះ ស្តេចនេរ៉ូបានដល់ក្តីវិនាសនៅពេលមានព្រះជន្មចូលសាមសិបពីរព្រះវស្សា។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ( ធីម៉ូថេទី២ ៤:៧ )

Powered by CAM