កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥១)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងសំបុត្រទី១របស់លោកពេត្រុស។
អ្នកគង្វាលដ៏ស្មោះត្រង់
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៤
ខព្រះគម្ពីរប្រចាំថ្ងៃ: តែពេត្រុសនិយាយថា ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ។ កិច្ចការ ៣:៦
មានការរៀបរាប់ពីកិច្ចការចុងក្រោយខ្លះៗរបស់សាវ័កពេត្រុស នៅក្នុងគម្ពីរកិច្ចការ។ នៅក្នុងអំឡុងឆ្នាំដែលរវល់មមាញឹកនៃការផ្សាយដំណឹងល្អ ដែលបានកើតឡើងនៅក្រោយការចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃបុណ្យទី៥០ លោកពេត្រុសបានឋិតនៅក្នុងចំណោមអស់អ្នកដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីទាក់ទាញសាសន៍យូដាដែលបានធ្វើដំណើរមកកាន់ក្រុងយេរូសាឡិមឲ្យមកថ្វាយបង្គំនៅក្នុងពិធីបុណ្យប្រចាំឆ្នាំនោះ។
ពេលដែលចំនួនពួកអ្នកជឿបានកើនឡើង នៅទីក្រុងយេរូសាឡិមនិងនៅកន្លែងផ្សេងៗទៀត ដែលពួកអ្នកនាំសារនៃឈើឆ្កាងបានទៅដល់ នោះទេពកោសល្យដែលលោកពេត្រុសបានបង្ហាញពីតម្លៃច្រើនហួសប្រមាណ ដល់ក្រុមជំនុំគ្រិស្តបរិស័ទដំបូង។ ឥទ្ធិពលនៃទីបន្ទាល់របស់លោកទាក់ទងនឹងព្រះយេស៊ូវពីស្រុកណាសារ៉ែត បានរីករាលដាលយ៉ាងទូលំទូលាយដល់ទីជិតឆ្ងាយ ។ មានការទទួលខុសត្រូវទ្វេមួយជាពីរនៅលើរូបលោក ។ លោកបានធ្វើទីបន្ទាល់យ៉ាងល្អអំពីព្រះមែស្ស៊ី ចំពោះពួកអ្នកមិនជឿ ដោយធ្វើការយ៉ាងស្មោះអស់ពីចិត្ដសម្រាប់ការកែប្រែចិត្ដរបស់ពួកគេ ហើយនៅពេលជាមួយគ្នានេះ លោកបានធ្វើកិច្ចការពិសេសសម្រាប់ពួកអ្នកជឿ ដោយពង្រឹងពួកគេក្នុងជំនឿលើព្រះគ្រិស្ត ។ ក្រោយពីលោកពេត្រុសត្រូវបាននាំទៅមានការលះបង់ខ្លួនឯង និងការពឹងផ្អែកទាំងស្រុងទៅលើអំណាចរបស់ព្រះមក លោកបានទទួលការត្រាស់ហៅឲ្យធ្វើជាអ្នកគង្វាលរង។ ព្រះគ្រិស្តបានមានបន្ទូលទៅកាន់លោកពេត្រុសមុននឹងលោកបដិសេធទ្រង់ថា «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យបងប្អូនអ្នក(ឲ្យ)បានខ្ជាប់ខ្ជួនឡើង» (លូកា ២២:៣២) ។ ព្រះបន្ទូលទាំងនេះមានសារៈសំខាន់ចំពោះការងារដ៏ទូលំទូលាយនិងមានប្រសិទ្ធិភាព ដែលសាវ័ករូបនេះត្រូវធ្វើនៅពេលអនាគតសម្រាប់អស់អ្នកដែលបានចូលមករកសេចក្តីជំនឿ។ បទពិសោធន៍ផ្ទាល់នៃអំពើបាបផ្ទាល់របស់លោកពេត្រុស ការឈឺចាប់និងការកែប្រែចិត្តបានរៀបចំលោកពេត្រុសសម្រាប់កិច្ចការនេះ ។ រហូតទាល់តែលោកបានដឹងអំពីភាពកម្សោយរបស់ខ្លួន ទើបលោកអាចដឹងអំពីតម្រូវការនៃការទីពឹងលើព្រះគ្រិស្ត របស់ពួកអ្នកជឿ។ នៅកណ្តាលខ្យល់ព្យុះនៃសេចក្តីល្បួង លោកបានយល់ថាមនុស្សអាចដើរបានដោយសុវត្ថិភាព លុះត្រាតែគេកុំទុកចិត្តខ្លួនឯង ហើយពឹងផ្អែកលើព្រះអង្គសង្រ្គោះវិញ។
នៅឯកិច្ចប្រជុំចុងក្រោយបង្អស់របស់ព្រះគ្រិស្តជាមួយពួកសិស្សរបស់ទ្រង់ នៅឯមាត់សមុទ្រ លោកពេត្រុសត្រូវបានសាកល្បងដោយសំណួរដដែលផ្ទួនៗគ្នាបីដងថា «តើស្រឡាញ់ខ្ញុំឬអី?» (យ៉ូហាន ២១:១៥-១៧) ត្រូវបានស្ដារឲ្យនៅក្នុងតំណែងដើមរបស់លោក ក្នុងចំណោមសាវ័កទាំងដប់ពីរនាក់ឡើងវិញ។ ការងារដែលព្រះបានចាត់តាំងឲ្យលោកធ្វើគឺឲ្យចំណីហ្វូងចៀមទ្រង់ស៊ីផង ។ ឥឡូវនេះ លោកមិនគ្រាន់តែស្វែងរកជួយសង្គ្រោះដល់អ្នកដែលនៅក្រៅហ្វូងប៉ុណ្ណោះទេ ប៉ុន្ដែ លោកត្រូវតែធ្វើជាអ្នកគង្វាលចៀម គឺអ្នកដែលបានកែប្រែចិត្ត និងបានទទួលព្រះគ្រិស្តថែមទៀតផង។
ព្រះគ្រិស្តបានប្រាប់លោកពេត្រុសពីលក្ខខណ្ឌនៃកិច្ចការតែមួយគត់ គឺ «តើស្រឡាញ់ខ្ញុំឬអី?» នេះគឺជាគុណសម្បត្តិដ៏សំខាន់ ។ ទោះបីជាលោកពេត្រុសអាចមានអ្វីគ្រប់យ៉ាងក៏ដោយ ប៉ុន្តែ បើគ្មានសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្តទេ លោកក៏មិនអាចធ្វើជាអ្នកគង្វាលដ៏ស្មោះត្រង់ដល់ហ្វូងចៀមនៃព្រះបានដែរ ។ ចំណេះដឹង ក្ដីមេត្តាករុណា ការពូកែខាងវោហារមានចិត្តពុះកញ្រ្ជោល ទាំងអស់នេះសុទ្ធតែមានសារៈសំខាន់នៅក្នុងការងារដ៏ល្អ ប៉ុន្តែ បើគ្មានសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្តនៅក្នុងចិត្តទេ កិច្ចការរបស់អ្នកបម្រើគ្រិស្តជនក៏មិនបានជោគជ័យដែរ។
សេចក្ដីស្រឡាញ់របស់ព្រះគ្រិស្តមិនមែនគ្រាន់តែជាអារម្មណ៍ម្តងម្កាលនោះទេ ប៉ុន្តែ ជាគោលការណ៍នៃការរស់នៅ ដែលនឹងត្រូវបានបើកសម្ដែងឲ្យឃើញជាអំណាចដែលមានជាប់ជានិច្ចនៅក្នុងចិត្ត ។ ប្រសិនបើអត្តចរិតនិងអាកប្បកិរិយារបស់អ្នកគង្វាលគឺជាគំរូនៃសេចក្ដីពិតដែលខ្លួនបានគាំទ្រនោះ ព្រះអម្ចាស់នឹងបោះត្រាការយល់ព្រមរបស់ទ្រង់ទៅលើការងារនេះ អ្នកគង្វាលនិងហ្វូងចៀមនឹងក្លាយទៅជាតែមួយ ដែលរួបរួមគ្នាដោយសេចក្ដីសង្ឃឹមរួមនៅក្នុងព្រះគ្រិស្ត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើងដោយសារសេចក្តីកម្ររបស់ទ្រង់។ ( កូរិនថូសទី២ ៨:៩ )