ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៦
ខព្រះគម្ពីរប្រចាំថ្ងៃ: រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច។ េពត្រុសទី១ ៥:១០
នៅដើមដំបូងនៃសំបុត្រទីមួយរបស់គាត់ អ្នកបម្រើព្រះចំណាស់ម្នាក់នេះបានពណ៌នាទៅកាន់ព្រះជាម្ចាស់ អំពីលក្ខណៈនៃការសរសើរតម្កើងនិងការអរព្រះគុណ ។ លោកបានមានប្រសាសន៍ថា «សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រិស្ត ទ្រង់រស់ពីសុគតឡើងវិញហើយឲ្យយើងបានមរតក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរតកដែលបម្រុងទុកឲ្យយើងរាល់គ្នានៅឋានសួគ៌ គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្តីជំនឿ សម្រាប់ឲ្យបានសេចក្តីសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅជាន់ក្រោយបង្អស់នោះ»។
គ្រិស្ដសាសនិកនៅសម័យដើមមានអំណរក្នុងក្តីសង្ឃឹមនៃមរតកពិតប្រាកដ នៅលើផែនដីថ្មី ទោះបីនៅក្នុងពេលមានការល្បងលនិងទុក្ខវេទនាខ្លាំងយ៉ាងណាក៏ដោយ ។ លោកពេត្រុសបានសរសេរថា «អ្នករាល់គ្នាក៏មានសេចក្តីអំណរជាខ្លាំង ក្នុងសេចក្តីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្តីល្បួងផ្សេងៗក៏ដោយ ដើម្បីឲ្យការសាកលសេចក្តីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសម្រាប់ជាសេចក្តីសរសើរ កេរ្តិ៍ឈ្មោះ និងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រិស្តទ្រង់លេចមក ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្តីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្តីសង្គ្រោះដល់ព្រលឹង»។
ពាក្យរបស់សាវ័កពេត្រុស ត្រូវបានសរសេរសម្រាប់ណែនាំដល់អ្នកជឿនៅគ្រប់ជំនាន់ ហើយមានសារៈសំខាន់ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុង «ទីបញ្ចប់នៃកិច្ចការទាំងអស់បានមកដល់ហើយ» ការទូន្មាននិងការព្រមានរបស់លោក និងពាក្យពេចន៍នៃសេចក្តីជំនឿនិងការលើកទឹកចិត្តរបស់លោកគឺជាសេចក្តីត្រូវការរបស់មនុស្សដែលរក្សាសេចក្តីជំនឿ «ខ្ជាប់តាមសេចក្តីជំនឿដើម ដរាបដល់ចុងបំផុត» (ហេព្រើរ ៣:១៤)។
សាវ័កពេត្រុសបានព្យាយាមបង្រៀនដល់ពួកអ្នកជឿពីសារៈសំខាន់នៃការរក្សាគំនិតកុំឲ្យវង្វេងទៅតាមប្រធានបទដែលព្រះបានហាមឃាត់ ឬពីការចំណាយថាមពលរបស់ខ្លួនទៅលើកិច្ចការតូចតាចឥតប្រយោជន៍។ អស់អ្នកដែលមិនបានក្លាយជារំពានៃឧបាយកលរបស់សាតាំងត្រូវតែការពារផ្លូវនៃចិត្តឲ្យបានល្អ ពួកគេត្រូវជៀសវាងការអាន ការមើលឬស្ដាប់ នូវអ្វីដែលនឹងណែនាំមកនូវភាពមិនបរិសុទ្ធដល់គំនិត។ មិនត្រូវទុកគំនិតនេះឲ្យនៅក្នុងប្រធានបទទាំងឡាយណាដែលសត្រូវនៃចិត្តបានបង្ហាញនោះទេ ។ ត្រូវតែរក្សាចិត្តដោយស្មោះត្រង់ បើមិនដូច្នោះទេ អំពើអាក្រក់ពីខាងក្រៅនឹងដាស់អំពើអាក្រក់នៅក្នុង ហើយចិត្តនឹងវង្វេងនៅក្នុងភាពងងឹតជាក់ជាមិនខាន ។ លោកពេត្រុសបានសរសេរថា «ដូច្នេះ ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្តីសង្ឃឹមគ្រប់ជំពូក ដល់ព្រះគុណដែលត្រូវផ្តល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រិស្តទ្រង់លេចមកផង … ឥតបណ្តោយតាមសេចក្តីប៉ងប្រាថ្នា ដែលអ្នករាល់គ្នាមាន ពីកាលនៅល្ងង់ពីដើមនោះឡើយ តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ ដ្បិតមានសេចក្តីចែងទុកមកថា ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើងដោយសារសេចក្តីកម្ររបស់ទ្រង់។ ( កូរិនថូសទី២ ៨:៩ )