ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៧
«ហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជម្រះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវតែប្រព្រឹត្តដោយកោតខ្លាច ក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះ ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកអយ្យកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រិស្តវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម ដែលបានស្គាល់តាំងពីមុនកំណើតលោកិយមក តែទើបនឹងលេចមកនៅជាន់ក្រោយបង្អស់នេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ដែលដោយសារទ្រង់ នោះអ្នករាល់គ្នាក៏ជឿដល់ព្រះ ដែលប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យមានសិរីល្អ ដើម្បីឲ្យសេចក្តីជំនឿ ហើយនិងសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នាបានជាប់នៅនឹងព្រះ»។
ប្រសិនបើប្រាក់និងមាសអាចទិញសេចក្ដីសង្គ្រោះរបស់មនុស្សបាន នោះវាហាក់ដូចជាងាយនឹងសម្រេចបានពេកណាស់ សម្រាប់ព្រះដែលមានបន្ទូលថា «អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ» (ហាកាយ ២:៨) ។ ប៉ុន្តែ មានតែតាមរយៈព្រះលោហិតដ៏វិសេសរបស់ព្រះរាជបុត្រានៃព្រះប៉ុណ្ណោះ ទើបមនុស្សដែលប្រព្រឹត្តរំលងអាចត្រូវបានប្រោសលោះ ។ ផែនការសង្គ្រោះត្រូវបានបង្ហាញនៅក្នុងតង្វាយយញ្ញបូជា។ សាវ័កប៉ុលបានសរសេរថា «ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្តីកម្ររបស់ទ្រង់» (កូរិនថូសទី២ ៨:៩) ។ ព្រះគ្រិស្តទ្រង់បានប្រទានអង្គទ្រង់ដល់យើងរាល់គ្នា ដើម្បីឲ្យទ្រង់បានសង្រ្គោះយើងពីគ្រប់ទាំងការទុច្ចរិត ។ ហើយ «អំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រិស្តយេស៊ូវ» (រ៉ូម ៦:២៣) គឺជាព្រះពរដ៏អស្ចារ្យនៃសេចក្ដីសង្គ្រោះ។
លោកពេត្រុសបានបន្តថា «អ្នករាល់គ្នាបានជម្រះសម្អាតចិត្ត ដោយស្តាប់តាមសេចក្តីពិត សម្រាប់ឲ្យបានសេចក្តីស្រឡាញ់ជាបងប្អូនឥតពុតមាយា ដូច្នេះ ចូរស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាតចុះ» ។ ព្រះបន្ទូលនៃព្រះ គឺជាសេចក្តីពិត ជាប្រឡាយដែលព្រះអម្ចាស់បានបង្ហាញព្រះវិញ្ញាណនិងអំណាចរបស់ទ្រង់ ។ ការគោរពចំពោះព្រះបន្ទូលនាំឲ្យមានផលផ្លែជាគុណសម្បត្តិដែលព្រះត្រូវការ «សេចក្ដីស្រឡាញ់ជាបងប្អូនឥតពុតមាយា» ។ សេចក្តីស្រឡាញ់នេះកើតមកពីឋានសួគ៌ ហើយនាំឲ្យមានគោលបំណងខ្ពង់ខ្ពស់និងសកម្មភាពមិនអាត្មានិយម។
នៅពេលសេចក្ដីពិតក្លាយជាគោលការណ៍នៅក្នុងជីវិតជាប់ជានិច្ច នោះ «ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់» ។ កំណើតថ្មីនេះគឺជាលទ្ធផលនៃការទទួលព្រះគ្រិស្តជាព្រះបន្ទូលរបស់ព្រះ ។ នៅពេលដែលមានសេចក្តីពិតនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះនៅក្នុងចិត្ត កំណើតថ្មីក៏បានចាប់បដិសន្ធិឡើង ហើយចាប់ពីពេលនោះមក ថាមពលទាំងឡាយដែលកំពុងស្ងៀមស្ងាត់ដូចដេកលក់ ក៏បានភ្ញាក់ឡើងដើម្បីសហការជាមួយព្រះ។
រឿងខាងលើនេះបានកើតឡើងចំពោះលោកពេត្រុសនិងពួកសិស្សរបស់លោក។ ព្រះគ្រិស្តគឺជាអ្នកបើកបង្ហាញសេចក្តីពិតដល់លោកិយ គឺដោយសារគ្រាប់ពូជដែលមិនចេះពុករលួយ ជាព្រះបន្ទូលរបស់ព្រះ ដែលត្រូវបានសាបព្រោះនៅក្នុងចិត្ដរបស់មនុស្ស ។ ប៉ុន្ដែ មេរៀនដ៏មានតម្លៃបំផុតជាច្រើនរបស់ព្រះយេស៊ូវដែលជាគ្រូដ៏ល្អប្រសើរ ត្រូវបាននិយាយប្រាប់ដល់ពួកអ្នកដែលមិនយល់អំពីព្រះបន្ទូលទាំងនោះ ។ បន្ទាប់ពីការយាងឡើងទៅឋានសួគ៌របស់ទ្រង់ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបាននាំការបង្រៀនរបស់ទ្រង់ ជាការរំឭកដល់ពួកសិស្ស ភាពលង់លក់របស់ពួកគេក៏បានភ្ញាក់ដឹងខ្លួនឡើងវិញ ។ អត្ថន័យនៃសេចក្តីពិតទាំងនេះបានបំភ្លឺគំនិតរបស់ពួកគេ ជាការបើកសម្តែងថ្មីមួយ ហើយសេចក្តីពិត ភាពបរិសុទ្ធ និងភាពឥតសៅហ្មង បានកើតឡើងដោយខ្លួនឯង។ ពេលនោះ បទពិសោធន៍ដ៏អស្ចារ្យនៃព្រះជន្មរបស់ទ្រង់ក៏បានក្លាយជារបស់ពួកគេ ។ ព្រះបន្ទូលបានធ្វើទីបន្ទាល់តាមរយៈពួកគេ ជាមនុស្សដែលទ្រង់បានតែងតាំង ហើយពួកគេបានប្រកាសសេចក្តីពិតដ៏អស្ចារ្យអំពី «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា … មានពេញជាព្រះគុណ និងសេចក្តីពិត» ។ «ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង» (យ៉ូហាន ១:១៤ និង ១៦)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើងដោយសារសេចក្តីកម្ររបស់ទ្រង់។ ( កូរិនថូសទី២ ៨:៩ )