កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥១)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៨
ខព្រះគម្ពីរប្រចាំថ្ងៃ: ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា ។ ពេត្រុសទី១ ៥:៧
សាវ័កពេត្រុសបានដាស់តឿនពួកអ្នកជឿឲ្យសិក្សាបទគម្ពីរ តាមរយៈការយល់ដឹងត្រឹមត្រូវ ដើម្បីឲ្យពួកគេអាចដឹងច្បាស់ពីការងារដ៏នៅអស់កល្ប ។ លោកពេត្រុសបានដឹងថានៅក្នុងបទពិសោធន៍នៃចិត្តរបស់មនុស្សគ្រប់រូបដែលទទួលបានជ័យជម្នះនៅទីបំផុត នោះនឹងមានចំណេះដឹងពីមន្ទិលសង្ស័យនិងការពិបាក ប៉ុន្ដែ លោកក៏បានដឹងផងដែរថា ការយល់ដឹងពីបទគម្ពីរនឹងអាចជួយដល់អ្នកដែលត្រូវល្បួង ឲ្យចងចាំពីសេចក្តីសន្យាដែលនឹងជួយកម្សាន្តចិត្ត និងពង្រឹងជំនឿនៅក្នុងព្រះដ៏មានព្រះចេស្ដា។
លោកបានមានប្រសាសន៍ថា «ព្រោះគ្រប់ទាំងមនុស្ស ប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ តែឯព្រះបន្ទូលនៃព្រះអម្ចាស់ នោះនៅជាប់អស់កល្បជានិច្ចវិញ គឺជាព្រះបន្ទូលនេះ ដែលបានផ្សាយមកអ្នករាល់គ្នាហើយ។ ដូច្នេះ ដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំង សេចក្តីគំរក់ និងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយដើមគេទាំងអស់ចេញ នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនធំឡើង ដរាបដល់បានសង្គ្រោះ»។
ពួកអ្នកជឿដែលលោកពេត្រុសបានសរសេរសំបុត្រផ្ញើទៅជូននោះ ភាគច្រើនរស់នៅ កណ្តាលចំណោមសាសន៍ដទៃ ហើយពួកគេជាច្រើនពឹងផ្អែកលើការរក្សាភាពស្មោះត្រង់របស់ពួកគេ ចំពោះការត្រាស់ហៅដ៏ខ្ពង់ខ្ពស់នៃជំនឿរបស់ពួកគេ ។ សាវ័កពេត្រុសបានដាស់តឿនពួកគេពីឯកសិទ្ធិរបស់ពួកគេក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រិស្ត។ លោកបានសរសេរថា «តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសម្តែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ ពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលហើយ»។
«ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ»។
សាវ័កពេត្រុសបានរៀបរាប់យ៉ាងច្បាស់អំពីអាកប្បកិរិយា ដែលអ្នកជឿគួរគាំទ្រដល់អាជ្ញាធរស៊ីវិលថា «ចូរឲ្យចុះចូលនឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោក ដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្តេច ទុកជាធំបណ្តាច់ ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសម្រាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយនិងសរសើរដល់ពួកអ្នកដែលប្រព្រឹត្តល្អវិញ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យឲ្យបំបាត់ពាក្យសម្តីចម្កួតរបស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិទបំបាំងសេចក្តីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបម្រើរបស់ព្រះវិញ ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ។ ( ពេត្រុសទី២ ១:១០ )