ថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥១)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក៩

ខព្រះគម្ពីរប្រចាំថ្ងៃ: ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់។ ពេត្រុសទី១ ៥:៦

លោកបានណែនាំពួកអ្នកបម្រើឲ្យរស់នៅក្រោមអំណាចចៅហ្វាយរបស់ខ្លួន។ សាវ័កពេត្រុសបានពន្យល់ថា «ឱពួកអ្នកបម្រើអើយ ចូរចុះចូល​ចំពោះ​ចៅហ្វាយ ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនត្រឹមតែចៅហ្វាយណាដែលស្លូតបូតល្អប៉ុណ្ណោះ ទោះទាំងចៅហ្វាយដែលកាចក៏ដែរ ដ្បិតបើអ្នក​ណា​ត្រូវព្រួយលំបាក ទាំងរងទុក្ខឥតហេតុ ដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះ នោះគួរសរសើរហើយ បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្តីប្រសើរអ្វី តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រិស្តក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកតម្រាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ កាលគេបានជេរប្រមាថដល់ទ្រង់ នោះ​ទ្រង់​មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហក​កំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំ​ជម្រះដោយ​សុចរិតវិញ ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់​លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបាន​ស្លាប់​ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ​បានត្រឡប់​មកឯអ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នាវិញហើយ»។

សាវ័កពេត្រុសបានដាស់តឿនស្ដ្រីក្នុងជំនឿឲ្យបានបរិសុទ្ធក្នុងការសន្ទនា និងមានភាពសមរម្យក្នុងការស្លៀកពាក់និងកិរិយាប្រព្រឹត្ត ។ លោក​បាន​ទូន្មានថា «ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់​មាស ឬសម្លៀកបំពាក់ផ្សេងៗឡើយ គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសម្លូត ហើយរម្យទម នោះឯងជាសេចក្តីដែលមានតម្លៃវិសេសនៅចំពោះព្រះ»។

មេរៀននេះអាចអនុវត្តបានចំពោះអ្នកជឿនៅគ្រប់ជំនាន់ ។ «ដូច្នេះ អ្នក​រាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត» (ម៉ាថាយ ៧:២០)។ ការតុបតែងខ្លួនខាងក្នុងរបស់អ្នកដែលមានចិត្តសុភាពនិងស្ងៀមស្ងាត់មានតម្លៃ​រកលេខដាក់គ្មាន។ នៅក្នុងជីវិតរបស់គ្រិស្តបរិស័ទ ការតុបតែងខាង​ក្រៅ​តែងតែស្របទៅនឹងភាពសុខសាន្ដនិងភាពបរិសុទ្ធនៅខាងក្នុង។ ព្រះគ្រិស្ត​មាន​បន្ទូលថា «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯង​ចោល​ចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាថាយ ១៦:២៤)។

ការលះបង់ខ្លួនឯងនិងការធ្វើពលីកម្មគឺជាសញ្ញាសម្គាល់នៃជីវិតរបស់គ្រិស្តបរិស័ទ ។ ភស្ដុតាងដែលបញ្ជាក់ថាអ្នកណាម្នាក់បានផ្លាស់ប្រែចិត្តហើយនោះត្រូវបានគេមើលឃើញ នៅក្នុងសម្លៀកបំពាក់របស់អស់អ្នកដែលដើរតាមផ្លូវទៅរកថ្លៃលោះរបស់ព្រះអម្ចាស់។

ការស្រឡាញ់សម្រស់ហើយប្រាថ្នាចង់បានសម្រស់នោះគឺជាការត្រឹមត្រូវណាស់ ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យចង់ឲ្យយើងស្រឡាញ់និងស្វែងរកសម្រស់ដ៏ខ្ពស់បំផុត ដែលនឹងមិនត្រូវវិនាស ជាមុនសិន ។ គ្មានការតុបតែង​ខាងក្រៅណាដែលអាចប្រៀបធៀបទៅនឹងតម្លៃឬសម្រស់នៃ «វិញ្ញាណស​ម្លូត​ហើយ​រម្យទម» និង «ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង» (វិវរណៈ ១៩:១៤) ដែលពួកបរិសុទ្ធទាំងអស់នៅលើផែនដីនឹងស្លៀកពាក់នោះទេ។ សម្លៀកបំពាក់នេះនឹងធ្វើឲ្យពួកគេស្អាតបាតនិងជាទីស្រឡាញ់នៅទីនេះ ហើយចាប់ពីពេលនេះតទៅនឹងបានក្លាយជាសញ្ញាសម្គាល់ពីការអនុញ្ញាតឲ្យចូលទៅក្នុងព្រះរាជវាំងរបស់ព្រះ។ សេចក្តីសន្យារបស់ទ្រង់គឺ «អ្នកទាំង​នោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ» (វិវរណៈ ៣:៤)។

ដោយសម្លឹងមើលទៅមុខ ជាមួយនឹងចក្ខុវិស័យតាមបទទំនាយ​អំពីគ្រាលំបាកដែលនឹងកើតឡើងដល់ពួកជំនុំរបស់ព្រះគ្រិស្ត នោះសាវ័កពេត្រុសបានដាស់តឿនពួកអ្នកជឿឲ្យឈររឹងមាំប្រឈមនឹងការពិបាកនិងការរងទុក្ខទាំងឡាយ ។ លោកបានសរសេរថា «ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែក​ក្នុង​ចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្តីចម្លែកនោះឡើយ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នាបាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ។ ( ពេត្រុសទី២ ១:១០ )

Powered by CAM