ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥១)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១០

ខព្រះគម្ពីរប្រចាំថ្ងៃ: ចូរ​ឃ្វាល​ហ្វូង​ចៀមរបស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ ទាំង​គ្រប់​គ្រង​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ ។ ពេត្រុសទី១ ៥:២

ការពិបាកគឺជាផ្នែកមួយនៃការអប់រំ ដែលត្រូវបានផ្តល់ឲ្យនៅក្នុងសាលានៃព្រះគ្រិស្តដើម្បីសម្អាតកូនចៅរបស់ព្រះចេញពីភាពច្របូកច្របល់នៅលើផែនដី ។ ពីព្រោះព្រះកំពុងដឹកនាំកូនៗរបស់ទ្រង់ដោយបទពិសោធន៍នៃការពិបាកដែលកើតឡើងដល់ពួកគេ ។ ការពិបាកនិងឧបសគ្គគឺជាវិធីសាស្ដ្រ​នៃការដាក់ពិន័យដែលទ្រង់បានជ្រើសរើស និងជាស្ថានភាពនៃជោគជ័យដែលទ្រង់បានកំណត់។ ព្រះដែលជ្រាបចិត្តមនុស្ស ទ្រង់ជ្រាបពី​ភាព​កម្សោយ​របស់​ពួកគេច្បាស់ជាងការដែលពួកគេអាចដឹងពីភាពកម្សោយទាំងនោះដោយខ្លួនឯង ។ ទ្រង់ជ្រាបថាអ្នកខ្លះមានគុណសម្បត្តិអាចប្រើការដើម្បីធ្វើឲ្យកិច្ចការរបស់ទ្រង់រីកចម្រើន ប្រសិនបើត្រូវបានដឹកនាំត្រឹមត្រូវ ។ នៅក្នុង​ទិព្វញ្ញាណរបស់ទ្រង់ ព្រះអង្គបាននាំមនុស្សទាំងនេះចូលទៅក្នុងស្ថានភាពនិងកាលៈទសៈផ្សេងៗគ្នា ដើម្បីឲ្យពួកគេអាចរកឃើញភាពខ្វះចន្លោះ ដែល​គេមិនអាចដឹងដោយចំណេះខ្លួនឯង។ ទ្រង់ប្រទានឲ្យពួកគេនូវឱកាសដើម្បីយកឈ្នះលើភាពខ្វះចន្លោះទាំងនេះ ហើយរៀបចំខ្លួនឲ្យត្រូវទៅនឹងកិច្ចការនោះ ។ ជាញឹកញាប់ ព្រះអង្គបានអនុញ្ញាតឲ្យភ្លើងនៃការឈឺចាប់ឆេះឡើង ដើម្បីឲ្យពួកគេអាចត្រូវបានបន្សុទ្ធ។

ការថែរក្សារបស់ព្រះចំពោះកេរ្តិ៍ដំណែលរបស់ទ្រង់មិនចេះចប់ឡើយ។ ទ្រង់មិនឈឺចាប់ដោយទុក្ខវេទនាដែលបានកើតឡើងដល់កូនៗរបស់ទ្រង់នោះទេ ប៉ុន្តែ ទុក្ខលំបាកទាំងនោះមានសារៈសំខាន់សម្រាប់ពេលបច្ចុប្បន្ននិងអនាគតដ៏អស់កល្បរបស់ពួកគេ ។ ទ្រង់នឹងសម្អាតពួកជំនុំរបស់ទ្រង់ ដូចជាព្រះគ្រិស្តបានបន្សុទ្ធព្រះវិហារក្នុងអំឡុងពេលនៃព្រះរាជកិច្ចបម្រើរបស់ទ្រង់នៅលើផែនដីនេះដែរ ។ អ្វីៗទាំងអស់ដែលទ្រង់បាននាំមកលើរាស្ដ្ររបស់ទ្រង់ នៅក្នុងការល្បងលនិងការជំនុំជម្រះដែលបានកើតមានឡើង ដើម្បីឲ្យពួកគេអាចទទួលបាននូវការគោរពនិងស្រឡាញ់យ៉ាងជ្រាលជ្រៅនិងមានកម្លាំងកាន់តែខ្លាំង ដើម្បីនាំដំណឹងពីជ័យជម្នះនៃឈើឆ្កាងឲ្យបោះពួយទៅមុខ។

មានពេលមួយនៅក្នុងបទពិសោធន៍របស់លោកពេត្រុស ជាពេលដែលលោកមិនចង់ឃើញឈើឆ្កាងនៅក្នុងកិច្ចការរបស់ព្រះគ្រិស្តឡើយ ។ នៅពេលព្រះអង្គសង្គ្រោះបានប្រាប់ពួកសិស្សអំពីការរងទុក្ខនិងការសោយទីវង្គតរបស់ទ្រង់ លោកពេត្រុសបាននិយាយថា «ឱព្រះអម្ចាស់អើយ សូម​ទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ» (ម៉ាថាយ ១៦:២២) ។ ការអាណិតអាសូរខ្លួនឯង ដែលបានធ្លាក់ចុះពីការប្រកបជាមួយព្រះគ្រិស្តក្នុងការរងទុក្ខវេទនាបានជំរុញឲ្យលោកពេត្រុសប្រកែកថាមិនស្គាល់ព្រះយេស៊ូវ ។ នេះជាមេរៀនដ៏ជូរចត់សម្រាប់ពួកសិស្ស ជាមេរៀនដែល​ពួក​គេ​បានរៀនសូត្រយ៉ាងយឺតយ៉ាវ ថាផ្លូវរបស់ព្រះគ្រិស្តនៅលើផែនដី​គឺជាការ​ឈឺចាប់និងភាពអាម៉ាស់។ ប៉ុន្តែ នៅក្នុងកម្តៅនៃភ្លើងក្នុងឡ លោកត្រូវតែរៀនពីមេរៀននៃការរងទុក្ខនោះ ។ ឥឡូវនេះ នៅពេលដែលទម្រង់នៃសកម្មភាពរបស់លោកត្រូវបានគ្របដណ្តប់ដោយបន្ទុក និងការងារអស់ជាច្រើនឆ្នាំ លោក​អាចសរសេរថា «ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើង​ដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្តីចម្លែកនោះឡើយ ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រិស្ត ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាល​ដែលសិរីល្អទ្រង់លេចមក»។

ជាការបញ្ជាក់ទៅកាន់ពួកចាស់ទុំក្នុងពួកជំនុំ អំពីការទទួលខុសត្រូវរបស់ពួកគេជាអ្នកគង្វាលហ្វូងចៀមរបស់ព្រះគ្រិស្ត សាវ័កពេត្រុសបានសរសេរថា «ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់​គ្រង​ដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយ​ចង់បាន​កំរៃ​ដែរ គឺដោយគាប់ចិត្តវិញ មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ រួចកាលណាមេពួកអ្នកគង្វាលបានលេចមកនោះនឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ។ ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នាបាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ។ ( ពេត្រុសទី២ ១:១០ )

Powered by CAM