ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥១)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១១

ខព្រះគម្ពីរប្រចាំថ្ងៃ:ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំមួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ៍​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ ។ ពេត្រុសទី១ ៥:៨-៩

អស់អ្នកដែលមានតួនាទីជាអ្នកគង្វាលចៀម គប្បីត្រូវយកចិត្ដទុកដាក់ក្នុងការមើលថែហ្វូងចៀមរបស់ព្រះអម្ចាស់ ដោយប្រុងប្រយ័ត្ន ។ ការនេះមិនមែនត្រូវធ្វើដោយប្រុងប្រយ័ត្នតាមរបៀបផ្ដាច់ការទេ ប៉ុន្តែ ជាអ្នកដែល​ទន់​ភ្លន់​ក្នុងការលើកទឹកចិត្ត ការផ្តល់កម្លាំងនិងការលើកកម្ពស់វិញ ។ កិច្ចការ​ជា​គ្រូគង្វាលមានន័យថា មិនមែនគ្រាន់តែអធិប្បាយប៉ុណ្ណោះទេ គឺមានន័យថា​ស្មោះត្រង់ និងធ្វើកិច្ចការដោយខ្លួនឯង។ ពួកជំនុំនៅលើផែនដីនេះមានពេញទៅដោយមនុស្សប្រុសស្រីដែលតែងតែប្រព្រឹត្តខុស ហើយត្រូវការការអត់ធ្មត់និងការខិតខំប្រឹងប្រែងដើម្បីឲ្យពួកគេអាចទទួលបានការបណ្តុះបណ្តាលនិងការដាក់ពិន័យ ឲ្យចេះធ្វើការដែលអាចទទួលយកនៅក្នុងជីវិតនេះ និងបានគ្រងរាជ្យដោយមកុដនៃសិរីល្អនិងភាពមិនចេះស្លាប់ នៅក្នុងជីវិតនាពេលអនាគតដែលនឹងត្រូវមក ។ គ្រូគង្វាលត្រូវតែជាអ្នកគង្វាលដ៏ស្មោះត្រង់ ជាអ្នកដែលមិនបង្អាក់ទឹកចិត្តដល់រាស្ដ្ររបស់ព្រះ ហើយមិន​ប្រព្រឹត្ដឃោរឃៅទៅលើពួកគេ ប៉ុន្ដែ ជាអ្នកដែលនឹងឲ្យចំណី​ដល់ពួក​គេ​ដោយនំប័ុងជីវិត ជាមនុស្សដែលមានអំណាចនៃការកែប្រែ​ចិត្ដរបស់​ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងជីវិតជារៀងរាល់ថ្ងៃ និងជាអ្នកស្រឡាញ់ដ៏រឹងមាំ និងមានសេចក្តីស្រឡាញ់មិនអាត្មានិយមចំពោះអ្នកដែលខ្លួនធ្វើការបម្រើ។

មានកិច្ចការដ៏ប៉ិនប្រសប់សម្រាប់ពួកអ្នកគង្វាលដែលត្រូវធ្វើ នៅពេលដែលព្រះបានត្រាស់ហៅគេឲ្យជួបនឹងការបាក់បែក ភាពល្វីងជូរចត់ ការ​ច្រណែនឈ្នានីស នៅក្នុងពួកជំនុំ ហើយគេនឹងត្រូវប្រឹងប្រែងធ្វើការក្នុងស្មារតីនៃព្រះគ្រិស្ត ដើម្បីរៀបចំដំណើរការឲ្យមានរបៀបរៀបរយ។ គេត្រូវផ្តល់ការព្រមានដ៏ស្មោះត្រង់ ស្ដីបន្ទោសចំពោះអំពើបាប កែកំហុស​ឲ្យមក​ជាត្រូវឡើងវិញ មិនមែនគ្រាន់តែដោយការងាររបស់គ្រូគង្វាលនៅលើអាសនាប៉ុណ្ណោះទេ ប៉ុន្តែ ដោយកិច្ចការផ្ទាល់ខ្លួនផងដែរ ។ ចិត្ដរឹងចចេស​អាច​ជំទាស់នឹងសារនោះ ហើយអ្នកបម្រើរបស់ព្រះអាចត្រូវគេនិយាយមូលបង្កាច់និងរិះគន់ ។ ពលនោះសូមឲ្យអ្នកនោះចងចាំថា «តែប្រាជ្ញា​ដែល​មក​ពីឋានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសម្លូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយ​ឥតពុតមាយាផង រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះ​ចុះដោយសេចក្តី​មេត្រី សម្រាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង» (យ៉ាកុប ៣:១៧ និង ១៨)។

កិច្ចការរបស់អ្នកបម្រើនៃដំណឹងល្អគឺ «បំភ្លឺដល់គ្រប់មនុស្សទាំងអស់ពីសេចក្តីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ» (អេភេសូរ ៣:៩) ។ ប្រសិនបើអ្នកណាម្នាក់ចូលធ្វើការនេះដោយជ្រើសរើសយកផ្នែកដែលមិនសូវមានការលះបង់ ដោយពេញចិត្តតែនឹងការអធិប្បាយ ហើយទុកការងារនៃការបម្រើឲ្យអ្នកដទៃវិញ នោះព្រះនឹងមិនទទួលយកការងាររបស់គេឡើយ។ មនុស្សដែលព្រះគ្រិស្តបានសុគតជំនួសកំពុងតែវិនាស ដោយសារ​តែកង្វះការអាណិតអាសូរ ការធ្វើកិច្ចការផ្ទាល់ខ្លួន ហើយអ្នកនោះបានយល់ច្រឡំពីការត្រាស់ហៅរបស់ខ្លួន ជាអ្នកដែលចូលទៅធ្វើជាគ្រូគង្វាល តែមិន​ចង់ធ្វើកិច្ចការផ្ទាល់ខ្លួន ដែលតម្រូវឲ្យថែរក្សាហ្វូងចៀមនោះ។

វិញ្ញាណនៃអ្នកគង្វាលចៀមពិតប្រាកដគឺជាអ្នកដែលបំភ្លេចខ្លួនឯង ។ អ្នកនោះមិនគិតអំពីខ្លួនឯងឡើយ ដើម្បីឲ្យខ្លួនអាចធ្វើកិច្ចការរបស់ព្រះ ។ ដោយការអធិប្បាយព្រះបន្ទូល និងកិច្ចការផ្ទាល់ខ្លួននៅតាមផ្ទះរបស់ប្រជាជន គាត់ដឹងពីសេចក្តីត្រូវការរបស់ពួកគេ ទុក្ខកង្វល់ និងទុក្ខលំបាក របស់​ពួកគេ ហើយសហការជាមួយនឹងព្រះដែលជាអ្នកជួយដោះទុក្ខដ៏ធំ អ្នកនោះ​ចែករំលែកនូវទុក្ខវេទនា ជួយសម្រាលទុក្ខ ជួយបន្ធូរភាពស្រេកឃ្លានខាងផ្លូវចិត្ត របស់ពួកគេ ហើយទាក់ទាញចំណាប់អារម្មណ៍មនុស្សមកឯព្រះ។ ពួកទេវតានៃឋានសួគ៌នឹងគង់នៅជាមួយនឹងគ្រូគង្វាលនៅក្នុងកិច្ចការនេះ ហើយព្រះទ្រង់នឹងបង្រៀនដល់អ្នកនោះដោយផ្ទាល់ និងបំភ្លឺគេនៅក្នុងសេចក្តីពិត ដែលធ្វើឲ្យមានប្រាជ្ញានៅក្នុងសេចក្តីសង្រ្គោះ។

ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងការណែនាំរបស់លោក ដល់អស់អ្នកដែលមានតួនាទីនៅក្នុងពួកជំនុំ សាវ័កពេត្រុសបានរៀបរាប់នូវ​គោលការណ៍​ទូទៅមួយចំនួន ដែលអស់អ្នកមានទំនាក់ទំនងក្នុងពួកជំនុំនឹងត្រូវអនុវត្ត។ សមាជិកវ័យក្មេងៗក្នុងហ្វូងចៀមត្រូវបានដាស់តឿនឲ្យធ្វើតាមគំរូរបស់ពួកចាស់ទុំ ក្នុងការអនុវត្តន៍ការបន្ទាបខ្លួនដូចជាព្រះគ្រិស្ត «ឯអ្នករាល់គ្នាដែល​នៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានតម្កើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា ។ ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែង​ដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបង​ប្អូន​របស់អ្នករាល់គ្នា ដែលនៅក្នុងលោកិយនេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ»។

ដូច្នេះ លោកពេត្រុសបានសរសេរទៅកាន់ពួកអ្នកជឿនៅពេលដែលមានការពិបាកដ៏ចម្លែកកើតឡើងដល់ពួកជំនុំ។ មនុស្សជាច្រើនបានមានចំណែកជាមួយនឹងទុក្ខវេទនារបស់ព្រះគ្រិស្តរួចទៅហើយ ហើយមិនយូរ​ប៉ុន្មាន ពួកជំនុំត្រូវទទួលរងការបៀតបៀនដ៏គួរឲ្យភ័យខ្លាច។ នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំដ៏ខ្លី មនុស្សជាច្រើនដែលបានឈរជាគ្រូបង្រៀននិងជាអ្នកដឹកនាំនៅក្នុងពួកជំនុំបានលះបង់ជីវិតរបស់ពួកគេដើម្បីដំណឹងល្អ។ មិនយូរ​ទេ ចចកដ៏សាហាវព្រៃផ្សៃជាច្រើននឹងចូលមកបំផ្លាញហ្វូងចៀមមិនឲ្យសល់មួយឡើយ ។ ប៉ុន្តែ គ្មានអ្វីក្នុងចំណោមការទាំងនេះដែលនាំឲ្យ​មានការធ្លាក់​ទឹកចិត្តដល់អស់អ្នកដែលមានសេចក្តីសង្ឃឹមនៅក្នុងព្រះគ្រិស្តនោះឡើយ ។ ដោយពាក្យលើកទឹកចិត្តនិងការគាំទ្រដ៏ល្អ លោកពេត្រុសបានដឹកនាំគំនិតរបស់ពួកអ្នកជឿ អំពីការពិបាកនៅពេលបច្ចុប្បន្ននិងការរងទុក្ខដែលនឹងកើតឡើងនាពេលអនាគត «ហើយឲ្យយើងបានមរតក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ» ។ លោកបានអធិដ្ឋាន​យ៉ាងក្លៀវក្លាថា «រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បាន​ហៅយើង​រាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រិស្តយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចម្រើន​កម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច សូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ច ជា​រៀងរាបតទៅ។ អាម៉ែន»។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នាបាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ។ ( ពេត្រុសទី២ ១:១០ )

Powered by CAM