កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥២)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១៣
ខព្រះគម្ពីរប្រចាំថ្ងៃ: ដ្បិតបើមានសេចក្តីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ។ ពេត្រុសទី២ ១:៨
ដោយបានទទួលសេចក្ដីជំនឿនៃដំណឹងល្អ កិច្ចការបន្ទាប់របស់ពួកអ្នកជឿត្រូវបាន បន្ថែមគុណធម៌នៃអត្តចរិតរបស់គេ ហើយការនេះនឹងសម្អាតចិត្ដហើយរៀបចំគំនិតសម្រាប់ការទទួលចំណេះដឹងនៃព្រះ។ ចំណេះដឹងនេះគឺជាគ្រឹះទាំងអស់នៃការអប់រំពិតប្រាកដ និងការបម្រើពិតទាំងអស់។ ចំណេះដឹងនេះគឺជាការការពារតែមួយគត់ ប្រឆាំងនឹងការល្បួង ហើយមានតែចំណេះដឹងនេះមួយគត់ដែលអាចធ្វើឲ្យមនុស្សមានអត្តចរិតដូចព្រះ។ តាមរយៈចំណេះដឹងអំពីព្រះនិងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រិស្ត នេះហើយ ដែលព្រះបានប្រទានដល់ពួកអ្នកជឿនូវ «ជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រិស្ត ដែល ទ្រង់បានចាត់ឲ្យមកផង» ។ ហើយហោរាយេរេមាបានមានប្រសាសន៍ថា «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យ សម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃ ព្រះយេហូវ៉ា» (យេរេមា ៩:២៣, ២៤) ។ គំនិតមនុស្សមិនអាចយល់ពីទំហំ ជម្រៅនិងកម្ពស់នៃការមានព្រះវិញ្ញាណរបស់មនុស្សដែលទទួលបានចំណេះដឹងនេះបានឡើយ។
នៅក្នុងរង្វង់បរិយាកាសរបស់ខ្លួន គ្មានអ្នកណាម្នាក់ខកខានមិនបានទទួលភាពគ្រប់លក្ខណ៍ខាងអត្តចរិតនៃគ្រិស្តជនឡើយ ។ មានការត្រៀម បម្រុងគ្រប់គ្រាន់ សម្រាប់ពួកអ្នកជឿដើម្បីទទួលនូវគ្រប់អ្វីៗទាំងអស់ ដែលទាក់ទងនឹងជីវិតនិងភាពដូចជាព្រះ តាមរយៈការលះបង់ព្រះជន្មរបស់ ព្រះគ្រិស្ត ។ ព្រះអំពាវនាវឲ្យយើងឈានដល់កម្រិតកម្ពស់នៃភាពគ្រប់លក្ខណ៍ ហើយទ្រង់បានដាក់គំរូនៃអត្តចរិតរបស់ព្រះគ្រិស្តនៅពីមុខយើង ។ នៅក្នុងភាពជាមនុស្សរបស់ទ្រង់ មានភាពគ្រប់លក្ខណ៍ ដោយព្រះជន្មដែលតស៊ូប្រឆាំងនឹងអំពើអាក្រក់ ព្រះអង្គសង្គ្រោះបានបង្ហាញថា តាមរយៈការ សហការជាមួយព្រះ មនុស្សអាចមានជីវិតល្អគ្រប់លក្ខណ៍។ នេះគឺជាការ ធានារបស់ព្រះដល់យើងថាយើងក៏អាចទទួលបានជ័យជម្នះពេញលេញផងដែរ។
មុននឹងព្រះប្រទានលទ្ធភាពដ៏អស្ចារ្យនៃការមានអត្តចរិតដូចជាព្រះគ្រិស្ត ដល់ពួកអ្នកជឿចាំបាច់ពួកគេត្រូវតែគោរពតាមក្រឹត្យវិន័យជាមុនសិន។ ប៉ុន្ដែ មនុស្សមិនអាចគោរពលក្ខខណ្ឌនេះបានដោយខ្លួនឯងទេ។ គេត្រូវតែមានភាពបរិសុទ្ធដែលព្រះបន្ទូលរបស់ព្រះប្រកាស ជាមុនសិន ទើបគេអាចបាន សង្រ្គោះ ដែលជាលទ្ធផលនៃការបំពេញការងារនៃព្រះគុណរបស់ព្រះ នៅពេលគេឱនលំទោនចុះចូលទៅនឹងឥទ្ធិពលនៃវិន័យនិងបញ្ញត្តិរបស់ព្រះវិញ្ញាណនៃសេចក្ដីពិត ។ ព្រះអាចធ្វើឲ្យការស្តាប់បង្គាប់របស់មនុស្សគ្រប់លក្ខណ៍ដោយគ្រឿងក្រអូបនៃសេចក្ដីសុចរិតរបស់ព្រះគ្រិស្ត ដែលពោរពេញទៅដោយក្លិនក្រអូបរបស់ព្រះ នៅគ្រប់ទាំងទង្វើនៃការគោរពប្រតិបត្តិ។ ចំណែកនៃគ្រិស្តបរិស័ទគឺត្រូវខំព្យាយាមយកឈ្នះលើរាល់ការខុសឆ្គងទាំងឡាយ។ គេត្រូវតែអធិដ្ឋានទៅឯព្រះអង្គសង្គ្រោះ ដើម្បីឲ្យទ្រង់ព្យាបាលជំងឺបាបដែលមាននៅក្នុងចិត្តរបស់គេជាប្រចាំ ។ គេមិនមានប្រាជ្ញាឬកម្លាំងដើម្បីយកឈ្នះបានទេ ។ ដ្បិតអំណាចនិងកម្លាំងទាំងអស់នេះជារបស់ព្រះអម្ចាស់ ហើយទ្រង់ប្រទានអំណាចនិងកម្លាំងនេះដល់អស់អ្នកដែលស្វែងរកជំនួយពីទ្រង់ ដោយការបន្ទាបខ្លួននិងការភ្ញាក់រឭក។
ការងារបំផ្លាស់បំប្រែពីភាពមិនបរិសុទ្ធទៅភាពបរិសុទ្ធគឺជាការដែលត្រូវធ្វើជាបន្ត ។ ព្រះធ្វើការដើម្បីញែកមនុស្សឲ្យបានបរិសុទ្ធជារៀងរាល់ថ្ងៃ ហើយមនុស្សត្រូវតែរួមគ្នាជាមួយទ្រង់ដោយខំប្រឹងប្រែងបណ្តុះទម្លាប់ល្អ ។ គេត្រូវតែបន្ថែមព្រះគុណមួយហើយមួយទៀត ហើយនៅពេលគេធ្វើការទៅតាមផែនការនៃការបន្ថែមដូច្នេះ នោះព្រះធ្វើការជំនួសគេក្នុងការបង្កើនព្រះគុណនេះ ។ ព្រះអង្គសង្គ្រោះរបស់យើងតែងតែត្រៀមព្រះកាយស្ដាប់និងឆ្លើយតបទៅនឹងការអធិដ្ឋាននៃចិត្តដែលមានវិប្បដិសារី ហើយព្រះគុណនិងសេចក្ដីសុខសាន្ដនឹងកើនឡើងដល់អ្នកស្មោះត្រង់របស់ទ្រង់ ។ ទ្រង់បានប្រទានព្រះពរដែលពួកគេត្រូវការ ដោយអំណរ នៅពេលពួកគេជួបការពិបាកក្នុងការប្រឆាំងទាស់នឹងអំពើអាក្រក់ ដែលរារាំងដល់ពួកគេ។
មានអ្នកដែលប៉ុនប៉ងឡើងជណ្តើរនៃភាពជឿនលឿនរបស់ពួកគ្រិស្តបរិស័ទដែរ ប៉ុន្តែ ខណៈដែលពួកគេឡើងកាន់តែខ្ពស់ គេបានចាប់ផ្តើមជឿទុកចិត្តទៅលើអំណាចរបស់មនុស្ស ហើយមិនយូរប៉ុន្មាន ក៏មើលលែងឃើញ ព្រះយេស៊ូវ ដែលជាអ្នកបង្កើតនិងអ្នកបញ្ចប់សេចក្ដីជំនឿរបស់ពួកគេ ។ លទ្ធផលគឺការបរាជ័យ ការបាត់បង់អ្វីទាំងអស់ដែលគេបានទទួលកន្លងមក។ ពិតជាគួរឲ្យសោកស្តាយណាស់ ចំពោះអ្នកដែលបានធ្វើដំណើរយ៉ាងហត់នឿយតាមផ្លូវ ហើយអនុញ្ញាតឲ្យសត្រូវរបស់មនុស្សដណ្ដើមយកព្រះគុណនៃព្រះគ្រិស្ត ដែលកំពុងតែរីកចម្រើន នៅក្នុងចិត្តនិងក្នុងជីវិតរបស់ពួកគេ ។ សាវ័កពេត្រុសបានសរសេរថា «ដោយបានទទួលចុងបំផុតនៃសេចក្តីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្តីសង្គ្រោះដល់ព្រលឹង»។
សាវ័កពេត្រុសធ្លាប់មានបទពិសោធន៍យ៉ាងយូរជាមួយនឹងកិច្ចការរបស់ព្រះ ។ ជំនឿរបស់លោកលើព្រះចេស្ដារបស់ព្រះដើម្បីឲ្យបានសង្រ្គោះបានពង្រឹងជាច្រើនឆ្នាំ រហូតទាល់តែលោកបានបង្ហាញឲ្យឃើញថាមិនមានលទ្ធភាពនៃការបរាជ័យណា នៅចំពោះអ្នកដែលបោះជំហានទៅមុខដោយសេចក្ដីជំនឿ កើនឡើងមួយកាំម្តងៗ ខ្ពស់ឡើងៗ រហូតមកដល់កាំលើគេ បង្អស់នៃជណ្តើរ ដែលខ្ពស់រហូតដល់ច្រកចូលឋានសួគ៌នោះឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ។ ( ពេត្រុសទី២ ១:១០ )