ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១

កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៩)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងសំបុត្រទីពីរផ្ញើទៅកាន់លោកធីម៉ូថេ។​

សំបុត្រចុងក្រោយបង្អស់របស់លោកប៉ុល

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​៣៨

ខព្រះគម្ពីរប្រចាំថ្ងៃ: ចូរ​ខំ​ប្រឹង​តស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្តី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​កល្ប​ជានិច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​នៅ​មុខ​សាក្សី​ជា​ច្រើន​ដែរ។ ធីម៉ូថេទី១ ៦:១២

ពីសាលជំនុំជម្រះរបស់ស្តេចសេសារ លោកបានវិលត្រឡប់មកបន្ទប់ឃុំឃាំងរបស់លោកវិញ ដោយដឹងថាលោកនឹងទទួលការសម្រាកនៅក្នុងពេលដ៏ខ្លីខាងមុខនេះប៉ុណ្ណោះ ។ លោកជ្រាបថាសត្រូវរបស់លោកនឹងមិនឈប់សម្រាកទេ ទាល់តែពួកគេបានព័ទ្ធជុំវិញលោក ។ ប៉ុន្ដែ លោកក៏ដឹងដែរថាមួយរយៈនេះសេចក្ដីពិតមានជ័យជម្នះដែរ ។ ការប្រកាសពីព្រះអង្គ​សង្រ្គោះដែលត្រូវបានឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ នៅចំពោះមុខហ្វូងមនុស្សដ៏ធំដែលបានស្ដាប់លោក នោះហើយគឺជាជ័យជម្នះដោយផ្ទាល់។ នៅថ្ងៃនោះកិច្ចការមួយបានចាប់ផ្ដើម ដែលបានរីកចម្រើននិងបានពង្រឹង ហើយដែលស្តេចនេរ៉ូនិងសត្រូវដទៃទៀតរបស់ព្រះគ្រិស្តមិនអាចខំប្រឹងប្រែងរារាំងឬបំផ្លាញបានឡើយ។

ដោយអង្គុយក្នុងបន្ទប់ងងឹតរបស់លោកជាច្រើនថ្ងៃ ដោយដឹងថាលោក​អាច​បាត់បង់ជីវិត នៅក្រោមពាក្យសម្ដីឬកាយវិការរបស់ស្តេចនេរ៉ូ នោះ​លោក​ប៉ុលបានគិតអំពីធីម៉ូថេ ហើយតាំងចិត្ដចាត់គេឲ្យទៅហៅគាត់ ។ លោកប៉ុលបានផ្ទុកផ្តាក់ឲ្យធីម៉ូថេថែរក្សាពួកជំនុំនៅក្រុង អេភេសូរ ហេតុដូច្នេះហើយបានជាគេទុកគាត់ឲ្យនៅទីនោះ នៅពេលដែលលោកប៉ុលបានធ្វើដំណើរចុងក្រោយបង្អស់ ទៅកាន់ទីក្រុងរ៉ូម ។ លោកប៉ុលនិងធីម៉ូថេត្រូវបានចងភ្ជាប់គ្នាដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនិងរឹងមាំ ខុសពីធម្មតា។

តាំងពីធីម៉ូថេបានផ្លាស់ប្រែចិត្តជឿមក គាត់បានរួមចំណែកក្នុងការងារ និងការរងទុក្ខលំបាករបស់លោកប៉ុល ហើយមិត្តភាពរវាងអ្នកទាំងពីរក៏បានរីកចម្រើនកាន់តែខ្លាំងហើយ ជ្រាលជ្រៅ និងពិសិដ្ឋឡើង រហូតបានដូចជាសេចក្តីស្រឡាញ់របស់កូន ជាមួយនឹងឪពុកជាទីស្រឡាញ់ដូច្នោះដែរ ធីម៉ូថេគឺជាសាវ័កចាស់ទុំនិងតស៊ូស្វិតស្វាញ។ ជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដែល ថាក្នុងភាពឯកោនិងត្រម៉ង់ត្រមោចរបស់គាត់ លោកប៉ុលប្រាថ្នាចង់ជួប ធីម៉ូថេ។

នៅក្រោមកាលៈទេសៈដ៏ល្អបំផុត ច្រើនខែត្រូវកន្លងផុតទៅទើប ធីម៉ូថេ អាចទៅដល់ទីក្រុងរ៉ូម ពីតំបន់អាស៊ីកណ្តាល ។ លោកប៉ុលបានដឹងថាជីវិតរបស់លោកមិនទៀងទាត់ទេ ហើយលោកខ្លាចក្រែងធីម៉ូថេមិនអាចមកជួបលោកទាន់ពេលវេលា ។ លោកមានដំបូន្មាននិងការណែនាំដ៏សំខាន់សម្រាប់បុរសវ័យក្មេង ដែលលោកបានផ្តល់ការទទួលខុសត្រូវយ៉ាងធំធេងនេះ ហើយខណៈដែលលោកជម្រុញឲ្យធីម៉ូថេប្រញាប់មកកុំបង្អង់នោះគាត់បានសរសេរ ពីទីបន្ទាល់នៃដង្ហើមចុងក្រោយ ដែលលោកប្រហែលជាមិនមានពេលអាចនឹងនិយាយបាន ។ ចិត្តរបស់លោកពោរពេញដោយការទទូចអង្វរដល់កូនប្រុសក្នុងដំណឹងល្អរបស់គាត់ និងសម្រាប់ពួកជំនុំដែលនៅក្រោមការថែទាំរបស់គាត់ លោកប៉ុលបានខិតខំធ្វើឲ្យធីម៉ូថេកត់សម្គាល់ពីសារៈសំខាន់នៃ ភាពស្មោះត្រង់ចំពោះកិច្ចការដ៏ពិសិដ្ឋរបស់គាត់។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ( ធីម៉ូថេទី២ ៤:៧ )

Powered by CAM