កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥២)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១៤
លោកពេត្រុសបានដាស់តឿនពួកអ្នកជឿអស់រយៈពេលជាច្រើនឆ្នាំ អំពីភាពចាំបាច់នៃការរីកចម្រើននៃព្រះគុណនិងចំណេះដឹងពីសេចក្តីពិត ហើយឥឡូវនេះ ដោយដឹងថាមិនយូរប៉ុន្មានព្រះនឹងត្រាស់ហៅលោកឲ្យរងទុក្ខវេទនាដោយសារសេចក្ដីជំនឿរបស់គាត់ លោកបានទាក់ទាញចំណាប់អារម្មណ៍អ្នកជឿទាំងអស់ ឲ្យយកចិត្តទុកដាក់ទៅនឹងឱកាសដ៏មានតម្លៃដែលនឹងមកដល់ ។ សាវ័កដ៏ចំណាស់បានដាស់តឿនបងប្អូនរបស់លោកឲ្យប្រកាន់ខ្ជាប់នូវគោលបំណងក្នុងជីវិតគ្រិស្តបរិស័ទ។ គាត់បានអង្វរករថា «ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញដើម្បីនឹងធ្វើឲ្យ ដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ ដ្បិតយ៉ាងនោះនឹង មានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ ព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា» ។ នេះជាការធានាអះអាងដ៏មានតម្លៃ! នេះគឺជាក្តីសង្ឃឹមដ៏មានសិរីរុងរឿងនៅចំពោះអ្នកជឿ ខណៈដែលគេបោះជំហានទៅមុខដោយសេចក្តីជំនឿ ឆ្ពោះទៅរកភាពគ្រប់លក្ខណ៍នៃជីវិតគ្រិស្តបរិស័ទ ដ៏ខ្ពស់បំផុត!
សាវ័កពេត្រុសបានបន្តថា «ដូច្នេះ ខ្ញុំប្រុងប្រៀបនឹងរំឭកដល់អ្នករាល់គ្នា អំពីសេចក្តីទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាស្គាល់ ហើយបានតាំងខ្ជាប់ ខ្ជួន ក្នុងសេចក្តីពិត ដែលមានហើយក៏ដោយ ហើយកាលខ្ញុំនៅក្នុងត្រសាលនេះនៅឡើយ នោះខ្ញុំគិតថា ត្រូវឲ្យខ្ញុំដាស់តឿនរំឭកដល់អ្នករាល់គ្នាជាដរាប ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះត្រសាលនេះចេញ នោះដល់ ឆាប់ ហើយ ដូចជាព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើង ទ្រង់បានបង្ហាញខ្ញុំ មួយទៀត ខ្ញុំនឹងខំប្រឹងរំឭករាល់ពេលវេលា ឲ្យអ្នករាល់គ្នាបាននឹកចាំពីសេចក្តីទាំងនេះក្រោយដែលខ្ញុំទៅបាត់ដែរ»។
សាវ័កពេត្រុសមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការនិយាយអំពីគោលបំណងរបស់ព្រះទាក់ទងនឹងពូជមនុស្ស ព្រោះក្នុងអំឡុងពេលនៃការបម្រើដល់ព្រះគ្រិស្តដំបូងនៅលើផែនដី លោកបានឃើញនិងបានឮជាច្រើន ទាក់ ទងទៅនឹងនគររបស់ព្រះ។ លោកបានរំឭកដល់ពួកអ្នកជឿថា «ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រិស្ត ជាព្រះអម្ចាស់នៃយើងនិងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយតម្រិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ ដ្បិតទ្រង់បានល្បីព្រះនាម និងសិរីល្អពីព្រះដ៏ជា ព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តមមានព្រះបន្ទូលមកទ្រង់ថា «នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់» យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់»។
ប៉ុន្ដែ ដោយការជឿដូចជាភស្តុតាងស្តីពីការពិតនៃសេចក្តីសង្ឃឹមរបស់ពួកអ្នកជឿ នោះមានទីបន្ទាល់មួយទៀតដែលគួរឲ្យជឿ នៅក្នុងបទទំនាយដែលសេចក្ដីជំនឿរបស់មនុស្សទាំងអស់អាចត្រូវបានបញ្ជាក់និងត្រូវបានបោះយុថ្កាយ៉ាងមានសុវត្ថិភាព។ លោកពេត្រុសបានប្រកាសថា «ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា ដោយដឹងសេចក្តីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ ដ្បិតសេចក្តីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ»។
នៅពេលលោកលើកតម្កើង «ពាក្យទំនាយដ៏ពិតជាង» ទុកជាអ្នកជួយសង្រ្គោះ នៅពេលមានគ្រោះថ្នាក់ សាវ័កពេត្រុសបានព្រមានយ៉ាងម៉ឺងម៉ាត់ដល់ពួកជំនុំប្រឆាំងនឹងបទទំនាយក្លែងក្លាយដែលនឹងត្រូវលើកឡើងដោយ «គ្រូក្លែងកា្លយ» គេនឹងលួចនាំបញ្ចូល «បក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ (ទេ)» ។ ពួកគ្រូក្លែងក្លាយទាំងនេះបានកើតមាននៅក្នុងពួកជំនុំ ហើយមានបងប្អូនរួមជំនឿជាច្រើនបានជឿតាម សាវ័កពេត្រុសបានប្រៀបធៀបទៅនឹង «រន្ធទឹកខ្សោះ (អណ្តូងដែលគ្មានទឹក) ជាពពកដែលខ្យល់ព្យុះបក់ផាត់ ដែលសេចក្តីងងឹតសូន្យឈឹង បានបម្រុងទុកឲ្យគេនៅអស់កល្បជានិច្ច» ។ លោកបានមានប្រសាសន៍ថា «នោះសណ្ឋានក្រោយរបស់អ្នកនោះ បានអាក្រក់ជាងមុនទៅទៀត ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះជាជាងឲ្យបានស្គាល់ រួចបែរចេញពីសេចក្តីបញ្ញត្តិបរិសុទ្ធ ដែលបានប្រគល់មកហើយនោះវិញ»។
ដោយសម្លឹងមើលទៅសម័យកាលដ៏យូរអង្វែងនៅខាងមុខ ព្រះបានបណ្តាលឲ្យលោកពេត្រុសរៀបរាប់ពីស្ថានភាពដែលនឹងកើតឡើងនៅលើពិភពលោក មុនពេលការយាងមកជាលើកទីពីររបស់ព្រះគ្រិស្ត ។ លោកបានសរសេរថា «នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកអយ្យកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែលដូចជាពីកំណើតលោកិយរៀងមកដែរ» ។ ប៉ុន្តែ «កាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសម្រាល ហើយគេចមិនរួចឡើយ» (ថែស្សាឡូនីចទី១ ៥:៣) ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មិនមែនមនុស្សទាំងអស់ដែលនឹងត្រូវជាប់អន្ទាក់ដោយកលល្បិចរបស់សត្រូវនោះឡើយ ។ នៅពេលចុងបញ្ចប់នៃអ្វីៗទាំងអស់នៅលើផែនដីនេះខិតចូលមកកាន់តែជិត នឹងមានពួកអ្នកស្មោះត្រង់ ដែលអាចនឹងដឹងពីទីសម្គាល់នៃពេលវេលាដែរ ។ ខណៈដែលពួកអ្នកដែលអះអាងថាជាអ្នកជឿជាច្រើននាក់នឹងបោះបង់ចោលសេចក្ដីជំនឿរបស់ពួកគេ ដោយការប្រព្រឹត្ដរបស់ខ្លួន នោះក៏នៅមានពួកសំណល់ ដែលនឹងស៊ូទ្រាំរហូតដល់ទីចុងបញ្ចប់ដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ។ ( ពេត្រុសទី២ ១:១០ )