កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥២)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១៥
គម្ពីរប្រចាំថ្ងៃ:ព្រះអម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។ ពេត្រុសទី២ ៣:៩
លោកពេត្រុសបានរក្សាក្តីសង្ឃឹមនៃការយាងមកវិញរបស់ព្រះគ្រិស្តនៅក្នុងចិត្តរបស់គាត់ជានិច្ច ហើយលោកបានបញ្ជាក់ដល់ពួកជំនុំពីការសម្រេចយ៉ាងពិតប្រាកដនៃសេចក្ដីសន្យារបស់ព្រះអង្គសង្រ្គោះថា «បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ» (យ៉ូហាន ១៤:៣) ។ ចំពោះអ្នកដែលមានការពិបាកនិងអ្នកដែលស្មោះត្រង់ ការយាងត្រឡប់មកវិញនេះហាក់ដូចជាត្រូវបានពន្យារយូរពេកហើយ ប៉ុន្តែ សាវ័កពេត្រុសបានបញ្ជាក់ប្រាប់ដល់ពួកគេថា «ព្រះអម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកម្តៅដ៏ក្រៃលែង ហើយផែនដីនិងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ»។
«ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ និងសេចក្តីគោរពប្រតិបត្តិ ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកម្តៅដ៏ក្រៃលែងដូច្នេះ តែតាមសេចក្តីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្តីសុចរិតវិញ»។
«ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្តីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្តីមេត្រីផង ហើយត្រូវរាប់សេចក្តីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្តីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំបានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ …។ ដូច្នេះ ពួកស្ងួនភ្ងាអើយ ចូរប្រយ័ត្ន ដោយព្រោះអ្នករាល់គ្នាដឹងសេចក្តីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្តីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្តោយតាមសេចក្តីវង្វេងរបស់ពួកទទឹងច្បាប់នោះ ចូរឲ្យអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រិស្តជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច»។
នៅក្នុងទិព្វញ្ញាណរបស់ព្រះ ព្រះអង្គបានអនុញ្ញាតឲ្យលោកពេត្រុសបញ្ចប់កិច្ចការរបស់លោកនៅទីក្រុងរ៉ូមជាកន្លែងដែលលោកត្រូវជាប់ឃុំឃាំងតាមបញ្ជារបស់ព្រះចៅអធិរាជនេរ៉ូ នៅម្តុំពេលដែលលោកប៉ុលត្រូវចាប់ខ្លួនលើកចុងក្រោយបង្អស់។ ដូច្នេះ សាវ័កជើងចាស់ទាំងពីររូបដែលត្រូវបានបំបែកចេញពីគ្នានៅក្នុងកិច្ចការរបស់ពួកលោក អស់រយៈពេលជាច្រើនឆ្នាំ ត្រូវធ្វើទីបន្ទាល់របស់ពួកលោកចុងក្រោយបង្អស់ថ្វាយព្រះគ្រិស្ត នៅក្នុងរាជធានីនៃពិភពលោក និងបានខ្ចាយឈាមនៅលើទឹកដីនេះ ជាគ្រាប់ពូជនៃចម្រូតដ៏ធំធេងរបស់ពួកបរិសុទ្ធនិងពួកទុក្ករបុគ្គល។
ចាប់តាំងពីលោកមានជំនឿរឹងមាំដូចដើមឡើងវិញ បន្ទាប់ពីបានបដិសេធព្រះគ្រិស្តរួចមក លោកពេត្រុសបានប្រឈមនឹងគ្រោះថ្នាក់ដោយក្លាហាន មិនរួញរា ហើយបានបង្ហាញពីសេចក្តីក្លាហានដ៏ថ្លៃថ្នូរ ក្នុងការអធិប្បាយអំពីការជាប់ឆ្កាង ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅឋានសួគ៌ របស់ព្រះអង្គសង្គ្រោះ ។ នៅពេលដែលលោកបានទម្រេតនៅក្នុងបន្ទប់ឃុំឃាំងរបស់គាត់ លោកបាននឹកចាំពីព្រះបន្ទូលដែលព្រះគ្រិស្តបានមានបន្ទូលទៅកាន់លោកថា «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែងដែលអ្នកមិនចង់ទៅផង» (យ៉ូហាន ២១:១៨) ។ ដូច្នេះព្រះយេស៊ូវបានសម្តែងឲ្យពួកសិស្សដឹងពីលក្ខណៈនៃការសោយទិវង្គតរបស់ទ្រង់ ហើយទ្រង់ក៏បានប្រាប់ឲ្យដឹងជាមុនអំពីការលាតព្រះហស្តនៅលើឈើឆ្កាងផងដែរ។
គេបានកាត់ទោសលោកពេត្រុស ជាសាសន៍យូដានិងជាជនបរទេស ឲ្យត្រូវគេវាយនឹងរំពាត់ហើយត្រូវជាប់ឆ្កាង។ នៅក្នុងការរំពឹងគិតពីការស្លាប់ដ៏គួរឲ្យភ័យខ្លាចនេះ សាវ័កពេត្រុសបានចងចាំពីអំពើបាបដ៏អស្ចារ្យរបស់លោក ក្នុងការបដិសេធន៍ព្រះយេស៊ូវ នៅក្នុងគ្រាជំនុំជម្រះរបស់ទ្រង់ ។ នៅពេលដែលមិនទាន់បានប្រកាសអំពីឈើឆ្កាងនៅឡើយ ឥឡូវនេះលោកបានរាប់ជាក្ដីអំណរ ដើម្បីលះបង់ជីវិតរបស់លោកសម្រាប់ដំណឹងល្អ ដោយបានគិតថាការស្លាប់ក្នុងលក្ខណៈដូចជាព្រះយេស៊ូវ ជាចៅហ្វាយរបស់លោកនោះ ហាក់ដូចជាកិត្តិយសធំពេកណាស់ សម្រាប់មនុស្សដែលបានបដិសេធព្រះជាម្ចាសន់ដូចរូបលោកនេះ។ លោកពេត្រុសបានកែប្រែចិត្ដដោយស្មោះ ចេញពីអំពើបាបនោះ ហើយព្រះគ្រិស្តបានលើកលែងទោសឲ្យ ដូចដែលបានបង្ហាញដោយការត្រាស់បង្គាប់ដែលទ្រង់បានប្រទានដល់លោកឲ្យឃ្វាលហ្វូងចៀមនិងកូនចៀមទ្រង់ផង ។ ប៉ុន្តែ លោកមិនអាចអត់ទោសឲ្យខ្លួនឯងបានទេ ។ សូម្បីតែគំនិតនៃការឈឺចាប់ក្នុងទស្សនីយភាពដ៏គួរឲ្យរន្ធត់ចុងក្រោយនេះ ក៏មិនអាចបន្ថយភាពជូរចត់នៃទុក្ខព្រួយនិងការកែប្រែចិត្តរបស់លោកបានដែរ ។ ជាចុងក្រោយបង្អស់ លោកបានសុំអង្វរដល់អ្នកដែលប្រហារជីវិតលោក ឲ្យដំដែកគោលលោកភ្ជាប់លើឈើឆ្កាងដោយដាក់ក្បាលរបស់លោកចុះក្រោម ។ គេក៏បានអនុញ្ញាតតាមសំណូមពរនោះ ហើយសាវ័កពេត្រុសដ៏ឧត្ដមក៏បានស្លាប់បាត់បង់ជីវិតតាមរបៀបនេះទៅ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នកណាដែលកាន់តាមបញ្ញត្តទ្រង់ នោះឈ្មោះថានៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងអ្នកនោះដែរ យើងដឹងថា ទ្រង់គង់នៅក្នុងយើងដោយសារព្រះវិញ្ញាណដែលទ្រង់ប្រទានមក។ ( យ៉ូហានទី១ ៣:២៤ )