ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១

កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៣)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងសំបុត្រទីពីររបស់លោកពេត្រុស។​

លោកយ៉ូហាន សិស្សជាទីស្រឡាញ់

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុករលួយ ក៏​ឥត​សៅហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក​ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថានសួគ៌។ ពេត្រុសទី១ ១:៤

លោកយ៉ូហានមានកិត្តិយសខ្ពស់ជាងពួកសាវ័កឯទៀតជា «សិស្សមួយ​នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់» (យ៉ូហាន ២១:២០) ។ លោកហាក់ដូចជារីករាយនឹងភាពជាមិត្ដភាពរបស់ព្រះគ្រិស្តជាខ្លាំង ហើយលោកបានទទួលនិមិត្តរូបនៃការជឿទុកចិត្តនិងសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះជាច្រើន ។ លោកគឺជាមនុស្សម្នាក់ ក្នុងចំណោមបីនាក់ដែលបានទទួលសិទ្ធិបានឃើញសិរីល្អរបស់ព្រះគ្រិស្ត នៅលើភ្នំនៃការផ្លាស់ប្រែព្រះភក្រ្ត និងការឈឺចាប់របស់ទ្រង់នៅកេតសេម៉ានី ហើយព្រះអម្ចាស់របស់យើងបានផ្តល់តួនាទីថែរក្សាមាតារបស់ទ្រង់ដល់លោក នៅក្នុងគ្រាចុងក្រោយបង្អស់នៃការថប់បារម្ភនៅលើឈើឆ្កាង។

សេចក្ដីស្រឡាញ់របស់ព្រះអង្គសង្រ្គោះចំពោះសិស្សជាទីស្រឡាញ់ត្រូវបានស្រឡាញ់តបត្រឡប់មកវិញដោយអស់ពីកម្លាំងនៃការលះបង់យ៉ាងក្លៀវក្លា ។ លោកយ៉ូហាននៅជាប់នឹងព្រះគ្រិស្តដូចជាដើមទំពាំងបាយជូរនៅជាប់នឹងបង្គោលទ្រើង។ ដើម្បីជាប្រយោជន៍ដល់ព្រះដែលជាចៅហ្វាយរបស់គាត់ លោកបានប្រថុយនឹងគ្រោះថ្នាក់ក្នុងបន្ទប់ជំនុំជម្រះ និងបានអែបក្បែរឈើឆ្កាងហើយកាលបានទទួលដំណឹងថាព្រះគ្រិស្តមានព្រះជន្មរស់ឡើងវិញ លោកបានប្រញាប់ទៅឯផ្នូរដោយបានរត់ទៅមុនលោកពេត្រុសដែលជាជើងខ្លាំង ដោយចិត្តពុះកញ្រ្ជោលថែមទៀតផង។

សេចក្ដីស្រឡាញ់និងការលះបង់ដែលមិនគិតពីប្រយោជន៍ខ្លួនឯង បង្ហាញឲ្យឃើញមេរៀនជាច្រើនដែលមានតម្លៃរកថ្លែងមិនបាននៅក្នុងអត្តចរិតនៃជីវិតរបស់ពួកជំនុំគ្រិស្តបរិស័ទ។ លោកយ៉ូហានមិនមានចរិតលក្ខណៈដែលគួរឲ្សស្រឡាញ់ពីកំណើត ដែលក្រោយមកបានបង្ហាញនៅក្នុងបទពិសោធន៍របស់លោកនោះទេ ។ លោកមានភាពខ្វះខាតយ៉ាងធ្ងន់ធ្ងរតាំងពីកំណើតមក ។ លោកមិនត្រឹមតែមានមោទនភាពលើកតម្កើងខ្លួនឯង និងមានមហិច្ឆតា​ខ្ពស់ក្នុងការទទួលកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែ លោកថែមទាំងឆាប់រំជួលចិត្ត ឆេវឆាវ​ទៀតផង ។ លោកនិងបងប្រុសរបស់លោកត្រូវបានគេហៅថា «កូនប្រុស​នៃ​ផ្គរលាន់»។ កំហឹងដ៏អាក្រក់ បំណងប្រាថ្នាចង់សងសឹក វិញ្ញាណនៃ​ការរិះ​គន់ ទាំងអស់នេះគឺសុទ្ធតែមាននៅក្នុងចិត្តសិស្សដែលជាទីស្រឡាញ់រូបនេះ ។ ប៉ុន្តែ ព្រះដែលជាគ្រូបង្រៀន បានរកឃើញភាពក្លៀវក្លា ភាពស្មោះត្រង់និង​សេចក្តីស្រឡាញ់ នៅក្នុងចិត្តក្រោមចំណុចអវិជ្ជមានខាងលើនេះ។ ព្រះយេស៊ូវបានស្ដីបន្ទោសដល់ការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន បន្ទុចបង្អាក់ដល់​មហិច្ឆតា​របស់លោក និងបានសាកល្បងជំនឿរបស់លោក។ ប៉ុន្តែ ទ្រង់បានបើកសម្តែងឲ្យលោកបានដឹងពីអ្វីដែលចិត្តលោកត្រូវការ គឺសម្រស់នៃភាពបរិសុទ្ធអំណាចនៃសេចក្ដីស្រឡាញ់ដែលអាចកែប្រែចិត្ត។

ភាពខុសឆ្គងនៅក្នុងអត្តចរិតរបស់លោកយ៉ូហានបានចេញមកខាងក្រៅយ៉ាងខ្លាំង ជាច្រើនដង នៅក្នុងអំឡុងពេលទំនាក់ទំនងជាមួយព្រះអង្គសង្រ្គោះដោយផ្ទាល់ ។ នៅគ្រាមួយព្រះគ្រិស្តបានបញ្ជូនពួកអ្នកនាំសារឲ្យទៅភូមិសាម៉ារីមុនព្រះអង្គ ហើយបានសុំឲ្យពួកបណ្តាជនរៀបចំម្ហូបអាហារ​ថ្វាយដល់ទ្រង់និងពួកសិស្សរបស់ទ្រង់ ។ ប៉ុន្ដែ នៅពេលព្រះអង្គសង្រ្គោះបានយាងទៅដល់ទីក្រុងនោះ ទ្រង់ធ្វើហាក់ដូចជាចង់យាងបង្ហួសទៅទីក្រុងយេរូសាឡិម។ ទង្វើនេះបានធ្វើឲ្យមានការច្រណែនរបស់ពួកសាសន៍សាម៉ារីកើតឡើង ហើយជំនួសឲ្យការយាងទ្រង់ឲ្យគង់នៅជាមួយពួកគេសិន ពួកគេបានបដិសេធមិនគួរសមដល់ពួកអ្នកធ្វើដំណើរទាំងនេះទេ ។ ព្រះយេស៊ូវមិនដែលជម្រុញព្រះវត្តមានរបស់ទ្រង់ដល់អ្នកណាមួយទេ ហើយជនជាតិសាម៉ារីបានបាត់បង់ព្រះពរ ដែលព្រះនឹងត្រូវប្រទានឲ្យពួកគេ ប្រសិនបើពួកគេបានទទួលទ្រង់ជាភ្ញៀវរបស់ពួកគេ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើងដោយសារ​ព្រះវិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។ ( យ៉ូហានទី១ ៣:២៤ )

Powered by CAM