ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៣)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្តី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្តី​ល្បួង​ផ្សេងៗ​ក៏​ដោយ ។ ពេត្រុសទី១ ១:៦

ពួកសិស្សបានដឹងថា ព្រះយេស៊ូវមានគោលបំណងចង់ប្រទានព្រះពរដល់ពួកសាសន៍សាម៉ារី តាមរយៈព្រះវត្តមានរបស់ទ្រង់។ ហើយភាពឆេវឆាវ ការច្រណែន និងការមិនគោរពដែលពួកគេបានបង្ហាញចំពោះព្រះដែលជាចៅហ្វាយរបស់ពួកគេ បានធ្វើឲ្យពួកគេភ្ញាក់ផ្អើលនិងខឹងសម្បា ។ លោកយ៉ាកុបនិងយ៉ូហានបានខឹងជាខ្លាំង ដោយអ្នកស្រុកបានប្រព្រឹត្តដូច្នេះចំពោះព្រះយេស៊ូវដែលពួកលោកគោរព ពួកគេបានគិតថាមិនអាចដើរបង្ហួសទៅដោយមិនបានដាក់ទណ្ឌកម្មភ្លាមៗដល់ពួកនេះជាមុនសិននោះទេ ។ ពួកគេបាននិយាយដោយចិត្តពុះកញ្រ្ជោលថា «ព្រះអម្ចាស់អើយ តើទ្រង់សព្វ​ព្រះហឫទ័យ ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបញ្ឆេះគេ ដូចជា​លោក​អេលីយ៉ាបានធ្វើដែរឬអី?» ដោយនិយាយអំពីការវិនាសនៃពួកមេដឹកនាំសាសន៍សាម៉ារីនិងពួកអ្នកក្រុងនេះ ទៅឯហោរាអេលីយ៉ា ។ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញព្រះយេស៊ូវមានការឈឺចាប់ទៅនឹងពាក្យសម្តីរបស់ពួកគេ ហើយពួកគេរឹតតែភ្ញាក់ផ្អើលថែមទៀត នៅពេលដែលព្រះអង្គបានស្តីបន្ទោសដល់ពួកគេថា «អ្នករាល់គ្នាមិនដឹងជាមានវិញ្ញាណបែបយ៉ាងណាទេ ។ ពីព្រោះកូនមនុស្សមិនមែនមក ប៉ងនឹងបំផ្លាញជីវិត​មនុស្សទេ គឺមកដើម្បីនឹងជួយសង្គ្រោះវិញ» (លូកា ៩:៥៤-៥៦)។

វាមិនមែនជាផ្នែកមួយនៃបេសកកម្មរបស់ព្រះគ្រិស្ត ដើម្បីបង្ខំមនុស្សឲ្យទទួលទ្រង់នោះទេ។ គឺជាសាតាំងនិងមនុស្សដែលត្រូវបានដឹកនាំដោយវិញ្ញាណរបស់វាទេ ដែលព្យាយាមបង្ខំដល់មនសិការ ។ នៅក្រោមចិត្តពុះកញ្រ្ជោលធ្វើពុតជាសុចរិត ជួនកាលទេវតាអាក្រក់បាននាំមកនូវទុក្ខវេទនា ដើម្បីផ្លាស់ប្តូរគំនិតរបស់ពួកគេ ឲ្យបែរចេញពីគំនិតខាងសាសនារបស់ពួកគេ ប៉ុន្តែ ព្រះគ្រិស្តបានបង្ហាញពីសេចក្តីមេត្តាករុណា បានស្វែងរកជ័យជម្នះ​ដោយការបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ ។ ព្រះអង្គមិនអាចអនុញ្ញាតឲ្យមានការប្រកួតប្រជែងនៅក្នុងចិត្ត ឬក៏មិនទទួលយកនូវកិច្ចការដែលលម្អៀងណាដែរ ។ ប៉ុន្តែ ទ្រង់ចង់បានការបម្រើដែលស្ម័គ្រពីចិត្តតែប៉ុណ្ណោះ គឺជាការចុះចូលដោយស្មោះស្ម័គ្រចេញពីក្នុងចិត្តនៅក្រោមការជំរុញនៃសេចក្តីស្រឡាញ់។

នៅគ្រាមួយទៀតនោះលោកយ៉ាកុប និងយ៉ូហានបានដាក់សំណូមពរដល់ម្ដាយរបស់ពួកគេ ដើម្បីសុំឲ្យពួកគេអាចមានឋានៈខ្ពស់បំផុតនៅក្នុងនគរ​របស់ព្រះគ្រិស្ត ។ ទោះបីជាព្រះគ្រិស្តបានបង្រៀនដល់ពួកគេម្តងហើយម្តងទៀត អំពីលក្ខណៈនៃនគររបស់ទ្រង់ក៏ដោយ ក៏ពួកសិស្សវ័យក្មេង​ទាំង​ពីរនេះ នៅតែមានក្តីសង្ឃឹមចង់ឲ្យព្រះមេស្ស៊ីគ្រប់គ្រងរាជល្ល័ង្កនិងអំណាចជាព្រះមហាក្សត្ររបស់ទ្រង់ តាមបំណងប្រាថ្នារបស់មនុស្សដែរ ។ ម្តាយដែលលោភចង់អំណាចឲ្យកូនៗរបស់នាងនៅក្នុងនគរនេះ ជាមួយពួកគេ ក៏បាន​សុំថា «សូមអនុញ្ញាតឲ្យកូនខ្ញុំម្ចាស់ទាំងពីរនេះបានអង្គុយ មួយខាងស្តាំ មួយ​ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់ផង»។

ប៉ុន្ដែ ព្រះអង្គសង្គ្រោះបានឆ្លើយតបថា «អ្នករាល់គ្នាមិនយល់សេចក្តីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ» ពួកគេបាននឹកឃើញនូវព្រះបន្ទូលអាថ៌កំបាំងរបស់ទ្រង់ ដែលសំដៅទៅការរងទុក្ខវេទនារបស់ទ្រង់ ហើយ​បានឆ្លើយតបដោយទំនុកចិត្តថា «ទទួលបាន» ។ ពួកគេបានចាត់ទុកការនេះថាជាកិត្តិយសដ៏ធំបំផុតដើម្បីបង្ហាញពីភក្ដីភាពរបស់ពួកគេដោយចែករំលែកនូវអ្វីៗទាំងឡាយដែលនឹងកើតឡើងចំពោះព្រះជាម្ចាស់របស់ពួកគេ។

ព្រះគ្រិស្តបានមានបន្ទូលថា «អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំ ហើយនឹងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន» នៅចំពោះទ្រង់ ឈើឆ្កាងជំនួសឲ្យ​រាជបល្ល័ង្ក ចោរពីរនាក់គឺជាម្នាក់ដែលនៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេងទ្រង់ ។ លោកយ៉ាកុបនិងយ៉ូហានត្រូវរួមចំណែក ក្នុងការរងទុក្ខវេទនាជាមួយព្រះដែលជាចៅហ្វាយរបស់ពួកគេ ជាអ្នកដែលបានប្រើដាវដើម្បីព្យាយាម​គេច​ចេញពីសេចក្តីស្លាប់ដែលនឹងកើតឡើង ហើយម្នាក់ទៀតចង់ដើរតាមព្រះជាម្ចាស់ ក្នុងការបំពេញការងារ ការឈឺចាប់ និងការបៀតបៀនជាង​ពួ​ក​សិស្សឯទៀតៗជាខ្លាំង ។ ព្រះអង្គបានមានបន្ទូលបន្តថា «តែដែលអង្គុយខាងស្តាំឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសម្រាប់តែអ្នកណា ដែលព្រះវរបិតាខ្ញុំបានរៀបចំទុកឲ្យវិញ» (ម៉ាថាយ ២០:២១-២៣)។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើងដោយសារ​ព្រះវិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។ ( យ៉ូហានទី១ ៣:២៤ )

Powered by CAM