ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ។ វិវរណ: ៣:២១
ព្រះយេស៊ូវជ្រាបពីបំណងចិត្ដដែលជំរុញឲ្យមានសំណូមពរនេះ ហើយការនេះបានបង្ហាញម្តងទៀតអំពីមោទនភាពនិងមហិច្ឆតារបស់សិស្សទាំងពីរនាក់នេះ «ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខមួយ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេ គឺនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាថាយ ២០:២៥-២៨)។
តំណែងនៅក្នុងនគររបស់ព្រះមិនមែនទទួលបានតាមរយៈការលម្អៀងទេ។ គ្មានអ្នកណាអាចស្វែងរកតំណែងនេះបានទេ ហើយក៏មិនត្រូវបានទទួលតាមរយៈការផ្តល់ឲ្យដោយការបំពាបំពានដែរ ។ តំណែងនេះគឺជាលទ្ធផលនៃអត្តចរិត ។ មកុដនិងបល្ល័ង្កគឺជានិមិត្តរូបនៃការសម្រេចបានជានិមិត្តរូបនៃជ័យជម្នះផ្ទាល់ខ្លួន តាមរយៈព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រិស្តរបស់យើង។
យូរបន្ដិចក្រោយមកទៀត នៅពេលដែលលោកយ៉ូហានត្រូវបាននាំឲ្យមានការអាណិតអាសូរជាមួយនឹងព្រះគ្រិស្ត តាមរយៈការរងទុក្ខជាមួយនឹងទ្រង់ ព្រះអម្ចាស់យេស៊ូវបានបើកបង្ហាញដល់លោកពីស្ថានភាពនៃនគររបស់ទ្រង់ដែលជិតនឹងមកដល់ ។ ព្រះគ្រិស្តបានមានបន្ទូលថា «ឯអ្នកណាដែលឈ្នះនោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងខ្ញុំ ដូចជាខ្ញុំបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ» (វិវរណៈ ៣:២១) ។ អ្នកដែលឈរនៅជិតព្រះគ្រិស្តជាងគេបំផុត គឺជាអ្នកដែលស្រវឹងយ៉ាងខ្លាំងបំផុតជាមួយនឹងវិញ្ញាណនៃសេចក្តីស្រឡាញ់ដោយការលះបង់ខ្លួនឯង ជាសេចក្តីស្រឡាញ់ដែល «តែងតែអត់ធ្មត់ ហើយក៏សប្បុរស … មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹងមិនប្រកាន់ទោស» (កូរិនថូសទី១ ១៣:៤, ៥) ជាសេចក្ដីស្រឡាញ់ដែលជំរុញដល់ពួកសិស្សក៏ដូចជាព្រះអម្ចាស់របស់យើង ឲ្យលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីរស់នៅនិងធ្វើការ ហើយលះបង់រហូតដល់អាយុជីវិតសម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សលោក។
នៅពេលមួយទៀត ក្នុងអំឡុងពេលនៃការធ្វើការជាអ្នកផ្សាយដំណឹងល្អដំបូង លោកយ៉ាកុបនិងយ៉ូហានបានជួបបុរសម្នាក់ កំពុងតែដេញអារក្សដោយនូវព្រះនាមរបស់ទ្រង់ កាលមិនបានទទួលស្គាល់សិស្សរបស់ព្រះគ្រិស្តនៅឡើយផង ។ ពួកសិស្សបានហាមឃាត់បុរសនោះកុំឲ្យធ្វើការនោះ ហើយគិតថាទង្វើបែបនេះជាការត្រឹមត្រូវ ។ ប៉ុន្ដែ កាលពួកគេទូលដល់ព្រះគ្រិស្តអំពីរឿងនោះ ព្រះអង្គបានស្ដីបន្ទោសពួកគេដោយមានបន្ទូលថា «កុំឃាត់ឡើយ ដ្បិតគ្មានអ្នកណាអាចនឹងធ្វើការឫទ្ធិបារមី ដោយនូវឈ្មោះខ្ញុំ រួចនិយាយអាក្រក់ពីខ្ញុំភ្លាមមួយរំពេចបានទេ» (ម៉ាកុស ៩:៣៩) ។ គ្មាននរណាម្នាក់ដែលបង្ហាញថាខ្លួនឯងមានភាពជិតស្និទ្ធជាមួយនឹងព្រះគ្រិស្ត ដោយបង្ហាញនូវភាពស្អប់ខ្ពើមនោះទេ ។ ពួកសិស្សមិនត្រូវមានចិត្ដចង្អៀតចង្អល់និងមិនចុះសម្រុងគ្នាទេ ប៉ុន្ដែ ត្រូវតែបង្ហាញនូវការអាណិតអាសូរយ៉ាងទូលំទូលាយ ដែលពួកគេបានឃើញនៅក្នុងព្រះយេស៊ូវជាម្ចាស់របស់ពួកគេវិញ ។ លោកយ៉ាកុបនិងលោកយ៉ូហានបានគិតថា ដោយបានហាមឃាត់ដល់បុរសនោះ ពួកគេនឹកស្មានថាគេបានលើកតម្កើងដល់ព្រះហើយ ប៉ុន្តែ ពួកគេបានចាប់ផ្តើមមើលឃើញថា ពួកគេមានចិត្ដច្រណែននឹងបុរសនោះទៅវិញទេ ។ ពួកគេក៏បានទទួលយកការស្ដីបន្ទោសនោះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នកណាដែលកាន់តាមបញ្ញត្តទ្រង់ នោះឈ្មោះថានៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងអ្នកនោះដែរ យើងដឹងថា ទ្រង់គង់នៅក្នុងយើងដោយសារព្រះវិញ្ញាណដែលទ្រង់ប្រទានមក។ ( យ៉ូហានទី១ ៣:២៤ )