កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៣)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក១៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង។ យ៉ូហានទី១ ៣:២
មេរៀនរបស់ព្រះគ្រិស្ត ដែលបានកំណត់ភាពស្លូតបូត ចិត្ដរាបទាបនិងក្ដីស្រឡាញ់ទុកជាការចាំបាច់ចំពោះការរីកចម្រើនក្នុងព្រះគុណនិងជាភាពត្រឹមត្រូវសម្រាប់ធ្វើកិច្ចការរបស់ទ្រង់ មានតម្លៃជាខ្លាំងចំពោះលោកយ៉ូហាន ។ លោកបានយកចិត្ដទុកដាក់ចំពោះរាល់មេរៀនទាំងអស់ ហើយខំប្រឹងសម្របជីវិតរបស់លោកឲ្យស្របតាមគំរូរបស់ព្រះ ។ លោកយ៉ូហានបានចាប់ផ្ដើមយល់អំពីសិរីល្អរបស់ព្រះគ្រិស្តថាមិនមែនជាភាពរុងរឿងនិងអំណាចខាងលោកិយ ដែលលោកត្រូវបានបង្រៀនឲ្យមានសេចក្តីសង្ឃឹមទុកចិត្តនោះទេ ប៉ុន្តែ «ជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត» (យ៉ូហាន ១:១៤)។
ជម្រៅនិងសេចក្តីក្លៀវក្លានៃការស្រឡាញ់របស់លោកយ៉ូហានចំពោះព្រះគ្រិស្តជាចៅហ្វាយរបស់លោកមិនមែនជាមូលហេតុនៃសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ត ចំពោះលោកនោះទេ ប៉ុន្តែ ជាឥទ្ធិពលនៃសេចក្ដីស្រឡាញ់នោះ។ លោកយ៉ូហានចង់បានដូចជាព្រះយេស៊ូវហើយនៅក្រោមឥទ្ធិពលនៃសេចក្តីស្រឡាញ់របស់ព្រះគ្រិស្ត ដែលអាចបំផ្លាស់បំប្រែមនុស្សលោកបានក្លាយទៅជាមនុស្សស្លូតបូតហើយទន់ភ្លន់ ។ ភាពអាត្មានិយមត្រូវបានលាក់ទុកនៅក្នុងព្រះយេស៊ូវ។ លើសពីពួកសិស្សដែលជាគូកនរបស់គាត់ លោកយ៉ូហានបានប្រគល់ខ្លួនទៅក្នុងអំណាចនៃជីវិតដ៏អស្ចារ្យនោះ ។ លោកមានប្រសាសន៍ថា «ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើមឋិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ» ។ «ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង» (យ៉ូហានទី១ ១:២ និង យ៉ូហាន ១:១៦) ។ លោកយ៉ូហានបានស្គាល់ព្រះអង្គសង្គ្រោះដោយចំណេះដឹងនៃបទពិសោធន៍ផ្ទាល់។ មេរៀននៃព្រះដែលជាចៅហ្វាយរបស់លោកត្រូវបានឆ្លាក់ជាប់នៅក្នុងចិត្តរបស់លោក។ នៅពេលដែលលោកបានបង្ហាញអំពីព្រះគុណរបស់ព្រះអង្គសង្គ្រោះ ភាសាសាមញ្ញរបស់លោក លោកបានបង្ហាញពីភាពស្និទ្ធស្នាលជាមួយនឹងសេចក្ដីស្រឡាញ់ដែលបានប៉ះពាល់ដល់ជីវិតរបស់លោកទាំងស្រុង។
គឺដោយសារសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់លោកយ៉ូហាន ចំពោះព្រះគ្រិស្ត ដែលនាំឲ្យលោកប្រាថ្នាចង់នៅជិតស្និទ្ធជាមួយព្រះអង្គជានិច្ច ។ ព្រះអង្គសង្រ្គោះស្រឡាញ់ពួកសិស្សទាំងដប់ពីរនាក់ ប៉ុន្ដែ លោកយ៉ូហានគឺសិស្សដែលព្រះអង្គសព្វព្រះទ័យជាងគេ ។ លោកមានអាយុតិចជាងសិស្សដទៃ ហើយដោយភាពស្មោះត្រង់ដោយមានទំនុកចិត្តដូចកូនក្មេងលោកបានបើកចំហចិត្តថ្វាយទៅព្រះយេស៊ូវ។ ដូច្នោះហើយព្រះយេស៊ូវអាណិតអាសូរដល់លោកកាន់តែខ្លាំង ហើយតាមរយៈលោកសេចក្ដីបង្រៀនខាងវិញ្ញាណដ៏ជ្រាលជ្រៅរបស់ព្រះអង្គសង្គ្រោះត្រូវបានប្រាប់ដល់ប្រជារាស្រ្ត។
ព្រះយេស៊ូវស្រឡាញ់ដល់អ្នកដែលជាតំណាងឲ្យព្រះវរបិតាហើយលោកយ៉ូហានអាចនិយាយពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតា ដែលសិស្សដទៃទៀតមិនអាចធ្វើបាន ។ លោកបានបបង្ហាញដល់បងប្អូនរួមជំនឿរបស់លោក នូវអ្វីដែលលោកមាននៅក្នុងចិត្តរបស់លោក ដែលតំណាងដោយលក្ខណៈរបស់ព្រះនៅក្នុងអត្តចរិតរបស់លោក ។ សិរីរុងរឿងរបស់ព្រះអម្ចាស់បានសម្តែងនៅលើទឹកមុខរបស់លោក ។ សម្រស់នៃភាពបរិសុទ្ធដែលបានផ្លាស់ប្រែលោក បានបង្ហាញដោយភាពត្រចះត្រចង់របស់ព្រះគ្រិស្តចេញពីផ្ទៃមុខរបស់លោក ។ លោកបានតោងព្រះអង្គសង្រ្គោះជាប់ ដោយការថ្វាយបង្គំនិងសេចក្ដីស្រឡាញ់ រហូតដល់ភាពដូចជាព្រះគ្រិស្ត និងការប្រកបជាមួយទ្រង់ បានក្លាយជាបំណងប្រាថ្នាតែមួយគត់របស់លោក ហើយលក្ខណៈនៃព្រះដែលជាចៅហ្វាយរបស់គាត់ បានឆ្លុះបញ្ចាំងនៅក្នុងអត្តចរិតរបស់លោក។
លោកបានមានប្រសាសន៍ថា «មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៎ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ … ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សម្តែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង» (យ៉ូហានទី១ ៣:១, ២)។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នកណាដែលកាន់តាមបញ្ញត្តទ្រង់ នោះឈ្មោះថានៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងអ្នកនោះដែរ យើងដឹងថា ទ្រង់គង់នៅក្នុងយើងដោយសារព្រះវិញ្ញាណដែលទ្រង់ប្រទានមក។ ( យ៉ូហានទី១ ៣:២៤ )