ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ។ យ៉ូហាន ១៣:៣៤
បន្ទាប់ពីការយាងឡើងទៅកាន់ឋានសួគ៌របស់ព្រះគ្រិស្តមក លោកយ៉ូហានបានឈរជាអ្នកបម្រើការដ៏ស្មោះត្រង់និងឧស្សាហ៍ព្យាយាម ចំពោះ ព្រះដែលជាលោកគ្រូអស្ចារ្យ ។ លោកបានរីករាយនឹងការចាក់បង្ហូរព្រះវិញ្ញាណនៅថ្ងៃបុណ្យទី ៥០ ជាមួយនឹងសិស្សដទៃទៀតដែរ ហើយលោកបានបន្តនិយាយទៅកាន់ប្រជារាស្រ្ត ដោយចិត្តពុះពោរជាថ្មីនិងអំណាច អំពីព្រះបន្ទូល នៃជីវិត ដោយខំប្រឹងប្រែងដឹកនាំគំនិតរបស់លោកឆ្ពោះទៅរកព្រះដែលមើលមិនឃើញ លោកគឺជាគ្រូអធិប្បាយដ៏មានអំណាចខ្លាំងក្លានិងស្មោះត្រង់ ។ លោកបានប្រាប់អំពីព្រះបន្ទូលនិងកិច្ចការរបស់ព្រះគ្រិស្ត នៅក្នុងភាសាដ៏ ប៉ិនប្រសប់ និងសំឡេងពីរោះដូចតូរ្យតន្រ្តី ដោយនិយាយតាមរបៀបដែលធ្វើឲ្យអ្នកបានស្តាប់លោកមានចិត្ដរំភើប ។ ភាពសាមញ្ញនៃសម្តីរបស់លោក អំណាចដ៏វិសេសវិសាលនៃសេចក្ដីពិត ដែលលោកបានថ្លែង និងភាពក្លៀវក្លាដែលបានបង្ហាញពីការបង្រៀនរបស់លោក បានធ្វើឲ្យលោកអាចចូលទៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់។
ជីវិតរបស់សាវ័កយ៉ូហានរស់នៅស្របទៅតាមសេចក្ដីបង្រៀនរបស់លោក។ សេចក្ដីស្រឡាញ់ចំពោះព្រះគ្រិស្ត ដែលបានបញ្ចេញនៅក្នុងចិត្តរបស់លោកបាននាំលោកឲ្យខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើដល់បងប្អូនរបស់លោកជាពិសេសបងប្អូននៅក្នុងពួកជំនុំគ្រិស្តបរិស័ទ។
ព្រះគ្រិស្តបានបង្គាប់ពួកសិស្សដំបូងឲ្យស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាទ្រង់ស្រឡាញ់ដល់ពួកគេដែរ ។ ដូច្នេះ ពួកគេត្រូវតែធ្វើទីបន្ទាល់ប្រាប់ដល់លោកិយថាព្រះគ្រិស្តត្រូវបានបង្កើតឡើងនៅក្នុងក្តីសង្ឃឹមនៃសិរីល្អ ។ លោកបានមានប្រសាសន៍ថា «ខ្ញុំឲ្យសេចក្តីបញ្ញត្តិមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ» (យ៉ូហាន ១៣:៣៤)។ នៅពេលដែលព្រះអង្គកំពុងតែមានបន្ទូលអំពីពាក្យទាំងនេះ ពួកសិស្សមិនអាចយល់ពីអត្ថន័យនៃពាក្យទាំងនេះទេ ប៉ុន្តែ បន្ទាប់ពីពួកគេបានឃើញការរងទុក្ខរបស់ព្រះគ្រិស្ត បន្ទាប់ ពីការឆ្កាង ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅកាន់ឋានសួគ៌ របស់ទ្រង់ និងបន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធបានយាងមកគង់នៅជាមួយពួកគេនៅថ្ងៃបុណ្យទី ៥០ រួចមក ទើបពួកគេបានយល់ច្បាស់ពីសេចក្ដីស្រឡាញ់របស់ព្រះ និងពីនិស្ស័យនៃសេចក្ដីស្រឡាញ់នោះ ដែលពួកគេត្រូវតែមានចំពោះគ្នាទៅវិញទៅមក ។ បន្ទាប់មក លោកយ៉ូហានអាចនិយាយទៅកាន់សិស្សឯទៀតរបស់លោកថា៖
«ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ»។
បន្ទាប់ពីការយាងចុះមកនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលពួកសិស្សបានចេញទៅប្រកាសផ្សាយអំពីព្រះអង្គសង្គ្រោះ សេចក្តីប្រាថ្នាតែមួយរបស់ពួកគេគឺសេចក្តីសង្គ្រោះរបស់មនុស្សលោក ។ ពួកគេបានអរសប្បាយក្នុងភាពផ្អែមល្ហែមនៃទំនាក់ទំនងជាមួយពួកបរិសុទ្ធ ។ ពួកគេមានចិត្ដទន់ភ្លន់ ហ្មឹងម៉ាត់ លះបង់ខ្លួនឯង ហើយសុខចិត្តលះបង់ប្រយោជន៍ខ្លួនឯងដើម្បីសេចក្ដីពិត ។ នៅក្នុងទំនាក់ទំនងជារៀងរាល់ថ្ងៃជាមួយគ្នាទៅវិញទៅមក ពួកគេបានបង្ហាញពីសេចក្ដីស្រឡាញ់ដែលព្រះគ្រិស្តបានបង្គាប់ដល់ពួកគេ។ ពួកគេបានខិតខំធ្វើឲ្យក្ដីស្រឡាញ់នេះមាននៅក្នុងចិត្តអ្នកដទៃផ្សេងទៀត ដោយពាក្យសម្តីនិងការប្រព្រឹត្ដបែបមិនអាត្មានិយម។
ពួកអ្នកជឿមិនធ្លាប់មានសេចក្តីស្រឡាញ់បែបនេះពីមុនមកទេ ។ ពួកគេត្រូវបន្ដបោះជំហានទៅមុខដោយស្ម័គ្រពីចិត្ដក្នុងការស្ដាប់បង្គាប់តាមបញ្ញត្តិថ្មីនេះ។ ពួកគេបានរួបរួមយ៉ាងជិតស្និទ្ធជាមួយនឹងព្រះគ្រិស្ត ដែលធ្វើឲ្យពួកគេអាចបំពេញតាមតម្រូវការទាំងអស់របស់ទ្រង់ ។ ជីវិតរបស់ពួកគេត្រូវតែលើកតម្កើងអំណាចនៃព្រះអង្គសង្គ្រោះ ដែលអាចញែកពួកគេឲ្យបានបរិសុទ្ធដោយសារសេចក្ដីសុចរិតរបស់ទ្រង់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នកណាដែលកាន់តាមបញ្ញត្តទ្រង់ នោះឈ្មោះថានៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងអ្នកនោះដែរ យើងដឹងថា ទ្រង់គង់នៅក្នុងយើងដោយសារព្រះវិញ្ញាណដែលទ្រង់ប្រទានមក។ ( យ៉ូហានទី១ ៣:២៤ )