ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៥៤)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២១
ប៉ុន្តែ ការផ្លាស់ប្តូរបានកើតឡើងបន្តិចម្តងៗ ។ ពួកអ្នកជឿបានចាប់ផ្ដើម មើលបំណាំ (ចាំចាប់កំហុស) គ្នាទៅវិញទៅមក ។ ការរស់នៅលើគំនរកំហុស ផ្ដល់ឱកាសឲ្យមានការរិះគន់បែបអវិជ្ជមាន ពួកគេបានមើលលែងឃើញព្រះអង្គសង្គ្រោះនិងក្ដីស្រឡាញ់របស់ទ្រង់ ។ ពួកគេកាន់តែមានភាពតឹងរ៉ឹង ទាក់ទងនឹងអាការៈខាងក្រៅនៃពិធីបុណ្យផ្សេងៗ ជាពិសេសអំពីទ្រឹស្តីជាងការ អនុវត្តន៍ខាងឯជំនឿ។ នៅក្នុងចិត្តពុះពោរខាងការថ្កោលទោសអ្នកដទៃ ពួក គេបានមើលរំលងកំហុសរបស់ខ្លួនឯង។ ពួកគេបានបាត់បង់សេចក្ដីស្រឡាញ់ជាបងប្អូនដែលព្រះគ្រិស្តបានបង្គាប់ ហើយរឿងដែលគួរឲ្យសោកសៅបំផុតនោះគឺពួកគេមិនបានដឹងពីការបាត់បង់របស់ពួកគេទេ។ ពួកគេមិនបានដឹងថាសុភមង្គលនិងសេចក្ដីអំណរបានចាកចេញពីជីវិតរបស់ពួកគេហើយ និង មិនដឹងថា ដោយការកាត់ផ្តាច់សេចក្តីស្រឡាញ់របស់ព្រះចេញពីចិត្តរបស់ពួកគេ ពួកគេនឹងដើរក្នុងភាពងងឹតនៅពេលឆាប់ៗនេះជាមិនខាននោះឡើយ។
ដោយដឹងថាសេចក្តីស្រឡាញ់ជាបងប្អូនកំពុងតែមានភាពសោះកក្រោះ នៅក្នុងពួកជំនុំលោកយ៉ូហានបានជំរុញប្រាប់អ្នកជឿពីសេចក្តីត្រូវការសេចក្តីស្រឡាញ់នេះជាដរាប ។ សំបុត្ររបស់លោកផ្ញើទៅជូនពួកជំនុំ មានពេញ ទៅដោយគំនិតនេះ ។ លោកបានសរសេរថា «រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្តីអធិដ្ឋានចុះ តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ គឺដោយខំបម្រើ គ្នាទៅវិញទៅមកតាមអំណោយទានដែលគ្រប់គ្នាបានទទួលមកទុក ដូចជា អ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញបើអ្នកណាអធិប្បាយ នោះត្រូវតែអធិប្បាយ ដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលនៃព្រះ ហើយបើ អ្នកណាបម្រើ នោះត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រិស្តដែលទ្រង់ មានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ»។
ដោយដឹងយ៉ាងច្បាស់ថាពួកអ្នកជឿគួរតែបង្ហាញសេចក្ដីស្រឡាញ់នេះ សាវ័កយ៉ូហានបានសរសេរថា «ខ្ញុំក៏សរសេរបញ្ញត្តិមួយថ្មីទៀត ផ្ញើមកអ្នក រាល់គ្នា ជាសេចក្តីពិតដែលនៅក្នុងទ្រង់ ហើយក្នុងអ្នករាល់គ្នាដែរ ដ្បិតសេចក្តី ងងឹតកំពុងតែបាត់ទៅ ហើយពន្លឺដ៏ពិតបានភ្លឺឡើង អ្នកណាដែលថា ខ្លួននៅ ក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹតដរាបដល់ សព្វថ្ងៃនេះ ឯអ្នកណាដែលស្រឡាញ់ដល់បងប្អូនខ្លួន នោះតែងនៅក្នុងពន្លឺ វិញ ហើយនៅក្នុងអ្នកនោះគ្មានហេតុណា នឹងបង្អាក់បង្អន់ចិត្តគេឡើយតែ អ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹតវិញក៏ដើរ ក្នុងសេចក្តីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្តីងងឹតនោះ បានបំបាំងភ្នែកហើយ» ។ «ដ្បិតនេះឯងជាសេចក្តីដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថាត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក» ។ «ឯអ្នកណា ដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសម្លាប់គេហើយ អ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកណាសម្លាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ»។
មិនមែនជាការប្រឆាំងរបស់លោកិយទេ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ពួកជំនុំរបស់ព្រះគ្រិស្តនោះ ។ តែគឺជាអំពើដ៏អាក្រក់នៅក្នុងចិត្តនៃពួកអ្នកជឿទៅវិញទេ ដែលធ្វើឲ្យមានគ្រោះមហន្តរាយដ៏អាក្រក់បំផុត និងរារាំងដល់ការរីកចម្រើននៃកិច្ចការរបស់ព្រះដ៏សាហាវបំផុតទៅវិញ ។ មិនមានវិធីណាដែលធ្វើឲ្យព្រលឹងវិញ្ញាណរបស់ពួកជំនុំចុះខ្សោយ ប្រាកដច្បាស់ជាងការ ច្រណែនការសង្ស័យ ការមើលបំណាំ និងការសន្និដ្ឋានអាក្រក់នោះឡើយ។ ម៉្យាងវិញទៀត ទីបន្ទាល់ដ៏រឹងមាំបំផុតដែលថាព្រះបានចាត់ព្រះរាជបុត្រារបស់ទ្រង់មកក្នុងលោកិយនេះ គឺជាភស្តុតាងនៃភាពសុខដុមរមនានិងការរួបរួមគ្នាក្នុងចំណោមមនុស្សដែលមានលក្ខណៈផ្សេងៗគ្នាដែលបង្កើតជាពួកជំនុំរបស់ទ្រង់ឡើង។ អ្នកដើរតាមព្រះគ្រិស្តទាំងឡាយមានឯកសិទ្ធិក្នុងការធ្វើទីបន្ទាល់អំពីរឿងនេះ ។ ប៉ុន្ដែ ដើម្បីធ្វើដូច្នេះបាន ពួកគេត្រូវតែដាក់ខ្លួននៅក្រោមការត្រាស់បង្គាប់របស់ព្រះគ្រិស្ត។ អត្តចរិតរបស់ពួកគេត្រូវតែតម្រូវឲ្យស្របជាមួយនឹងលក្ខណៈរបស់ព្រះអង្គ ហើយគោលបំណងរបស់ពួកគេក៏ត្រូវតែស្របទៅតាមព្រះហឫទ័យរបស់ព្រះដែរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នកណាដែលកាន់តាមបញ្ញត្តទ្រង់ នោះឈ្មោះថានៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងអ្នកនោះដែរ យើងដឹងថា ទ្រង់គង់នៅក្នុងយើងដោយសារព្រះវិញ្ញាណដែលទ្រង់ប្រទានមក។ ( យ៉ូហានទី១ ៣:២៤ )