ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៥៤)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើងជំពួក២២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង។ យ៉ូហានទី១ ៤:១០

ព្រះគ្រិស្តបានមានបន្ទូលថា «ខ្ញុំឲ្យសេចក្តីបញ្ញត្តិមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ» (យ៉ូហាន ១៣:៣៤)។ នេះគឺជាសេចក្តីថ្លែងការណ៍ដ៏អស្ចារ្យ ប៉ុន្តែ មនុស្សមិនសូវបានអនុវត្តឡើយ! នៅក្នុងពួកជំនុំរបស់ព្រះនាពេលសព្វថ្ងៃនេះ សេចក្ដីស្រឡាញ់ជាបងប្អូនមានការខ្វះខាតគួរឲ្យសោកស្តាយ។ មនុស្សជាច្រើនដែលប្រកាសថាស្រឡាញ់ព្រះអង្គសង្គ្រោះតែមិនបាន ស្រឡាញ់គ្នាទៅវិញទៅមកទេ។ ពួកអ្នកមិនជឿកំពុងសម្លឹងមើលថាតើជំនឿរបស់ពួកអ្នកដែលអះអាងថាជាពួកគ្រិស្តបរិស័ទកំពុងតែមានឥទ្ធិពលអ្វីមួយ ក្នុងជីវិតរបស់ពួកគេដែរឬទេ ហើយពួកគេឆាប់ដឹងពីភាពមិនប្រក្រតីនៃចរិតលក្ខណៈនិងភាពមិនត្រឹមត្រូវ នៅក្នុងសកម្មភាពរបស់ពួកគ្រិស្តបរិស័ទណាស់។ សូមឲ្យពួកគ្រិស្តបរិស័ទកុំផ្តល់ឱកាសឲ្យសត្រូវអាចចង្អុលមកពួកគេហើយនិយាយថា មើលមនុស្សទាំងនេះឈរនៅក្រោមបដារបស់ព្រះគ្រិស្ត តែពួកគេស្អប់គ្នាទៅវិញទៅមកសោះ ។ គ្រិស្តបរិស័ទទាំងអស់គឺជាសមាជិកនៃក្រុមគ្រួសារតែមួយ ជាកូនដែលមានព្រះវរបិតានៃឋាសួគ៌ជាឪពុក ដែលមានសេចក្តីសង្ឃឹមដ៏មានពរនៃជីវិតអស់កល្បដូចគ្នា ។ ភាពស្និទ្ធស្នាល និង ភាពទន់ភ្លន់គឺជាចំណងដែលចងពួកគេភ្ជាប់គ្នាទៅវិញទៅមក។

សេចក្ដីស្រឡាញ់របស់ព្រះគឺជាការអំពាវនាវដល់ចិត្តដែលមានឥទ្ធិពលបំផុត នៅពេលសេចក្តីស្រឡាញ់នេះអំពាវនាវឲ្យយើងបង្ហាញពីសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ ដូចដែលព្រះគ្រិស្តបានបង្ហាញដែរ ។ មានតែមនុស្ស ដែលមានសេចក្ដីស្រឡាញ់មិនអាត្មានិយមចំពោះបងប្អូនខ្លួនប៉ុណ្ណោះទេ ដែលមានសេចក្ដីស្រឡាញ់ចំពោះព្រះពិតប្រាកដ។ គ្រិស្ដសាសនិកពិតប្រាកដនឹងមិនព្រមបណ្តោយឲ្យចិត្តរបស់ខ្លួនឋិតនៅក្នុងគ្រោះថ្នាក់ទេ ហើយក៏មិនត្រូវរស់នៅដោយគ្មានការរីកចម្រើននិងការយកចិត្តទុកដាក់ដែរ។ គេនឹងមិនបែរចេញពីមនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ ហើយបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងអន្ទាក់នៃការមិនសប្បាយចិត្តនិងការធ្លាក់ទឹកចិត្ដ ឬធ្លាក់ចូលទៅក្នុងសមរភូមិរបស់សាតាំងកាន់តែជ្រៅទៅៗ។

អស់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ជាមួយនឹងសេចក្តីស្រឡាញ់ដ៏ទន់ភ្លន់ និងជ័យជម្នះរបស់ព្រះគ្រិស្ត អ្នកនោះមិនអាចដឹកនាំអ្នកដទៃទៅឯប្រភពនៃជីវិតបានទេ។ សេចក្តីស្រឡាញ់របស់ព្រះនៅក្នុងចិត្តគឺជាអំណាចជំរុញ ដែលដឹកនាំមនុស្សឲ្យបង្ហាញពីទ្រង់នៅក្នុងការសន្ទនា នៅក្នុងវិញ្ញាណដ៏ទន់ភ្លន់និងការអាណិតអាសូរ ក្នុងការលើកស្ទួយជីវិតរបស់អ្នកដែលពួកគេទាក់ទង ។ អ្នកធ្វើការជាគ្រិស្តបរិស័ទដែលទទួលជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ត្រូវតែស្គាល់ព្រះគ្រិស្ត ហើយដើម្បីស្គាល់ទ្រង់ ពួកគេត្រូវស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់ជាមុនសិន ។ នៅឋានសួគ៌ ភាពសក្តិសម ជាអ្នកបម្រើការរបស់ពួកគេត្រូវបានវាស់វែងដោយសមត្ថភាពរបស់ពួកគេក្នុងការស្រឡាញ់គ្នា ដូចជាព្រះគ្រិស្តបានស្រឡាញ់ដល់មនុស្ស និងការធ្វើការដូចជាទ្រង់បានធ្វើដែរ។

សាវ័កយ៉ូហានបានសរសេរថា «យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្តី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្តីពិតវិញ» ។ ភាពពេញលេញនៃអត្តចរិតរបស់គ្រិស្តបរិស័ទកើតឡើង នៅពេលសន្ទុះចិត្តនៃការជួយនិងផ្តល់ព្រះពរដល់អ្នកដទៃផុសចេញពីខាងក្នុងជាបន្តបន្ទាប់ ។ គឺជាបរិយាកាសនៃសេចក្តីស្រឡាញ់ ដែលនៅព័ទ្ធជុំវិញចិត្តពួកអ្នកជឿនេះហើយ ដែលធ្វើឲ្យអ្នកនោះក្លាយជាអ្នកជួយសង្រ្គោះដល់ជីវិតមនុស្សជាច្រើន ហើយធ្វើឲ្យព្រះអាចប្រទានព្រះពរដល់ការងាររបស់គេផងដែរ។

សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះ និងសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក ដែលមិនគិតពីប្រយោជន៍ខ្លួនឯង គឺជាអំណោយទានដ៏ល្អបំផុតដែលព្រះវរបិតានៃឋានសួគ៌របស់យើងអាចប្រទានឲ្យ។ សេចក្ដីស្រឡាញ់នេះមិនមែនជាសន្ទុះចិត្តទេ តែជាគោលការណ៍របស់ព្រះ ជាអំណាចដ៏ អចិន្រ្តៃយ៍។ ចិត្តដែលមិនបានចុះចូលជាមួយនឹងព្រះ មិនអាចបង្កើតសេចក្តីស្រឡាញ់នេះបានទេ។ មានតែនៅក្នុងចិត្តដែលព្រះយេស៊ូវ សោយរាជ្យ​ប៉ុណ្ណោះទេ ទើបអាចរកឃើញសេចក្តីស្រឡាញ់បែបនេះ ។ «យើងស្រឡាញ់​ទ្រង់ព្រោះទ្រង់​ស្រឡាញ់​​យើងជាមុន» ។ នៅក្នុងចិត្តដែលបានកែប្រែជាថ្មីដោយព្រះគុណរបស់ព្រះ សេចក្ដីស្រឡាញ់គឺជាគោលការណ៍ដែលគ្រប់គ្រងសកម្មភាព។ សេចក្តីស្រឡាញ់នេះកែប្រែអត្តចរិតដឹកនាំ សន្ទុះចិត្ត គ្រប់គ្រង ចំណង់ចំណូលចិត្ដ និងធ្វើឲ្យសេចក្តីស្រឡាញ់មានភាពថ្លៃថ្នូរ មានភាព រីករាយនៅក្នុងចិត្ត ធ្វើឲ្យជីវិតមានភាពផ្អែមល្ហែម និងជះឥទ្ធិពលដ៏បរិសុទ្ធដល់មនុស្សដែលនៅជុំវិញ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ។ ( យ៉ូហានទី១ ៤:៧ )

Powered by CAM