ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១
​​

កិច្ចការនៃពួកសាវ័ក​ (ជំពូកទី-៤៩)​​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក​៣៩

ខព្រះគម្ពីរប្រចាំថ្ងៃ: ដ្បិត​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ។ ធីម៉ូថេទី២ ១:៧

សាវ័កប៉ុលបានចាប់ផ្តើមសំបុត្ររបស់លោកដោយពាក្យថា «ខ្ញុំផ្ញើមក ធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្តីមេត្តា ករុណា និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះគ្រិស្ត យេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ ខ្ញុំអរព្រះគុណដល់ព្រះ ដែលខ្ញុំបម្រើដោយបញ្ញាចិត្តដ៏បរិសុទ្ធ ដូចជាពួកអយ្យកោខ្ញុំដែរ ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ»។

បន្ទាប់មកសាវ័កប៉ុលបានដាស់តឿនដល់ធីម៉ូថេអំពីភាពចាំបាច់នៃការឈរខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ។ លោកបានសរសេរថា «ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុង អ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្តីខ្មាស ចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់ គុកនោះឡើយ ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តា នៃព្រះចុះ»។ លោកប៉ុលបានរំឭកដល់ធីម៉ូថេថាព្រះបានត្រាស់ហៅគាត់ «ក្នុងការងារបរិសុទ្ធ» ឲ្យប្រកាសពីអំណាចរបស់ព្រះដែល «បានយកជីវិតនិងសេចក្តីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ» លោក បានមានប្រសាសន៍ថា «ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ ដំណឹងល្អនោះ និងជាសាវ័ក ហើយជាគ្រូបង្រៀនដល់សាសន៍ដទៃ គឺដោយ ហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើដែលខ្ញុំបានផ្ញើ ទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង»។

តាមរយៈការបម្រើការងារដ៏យូរអង្វែងរបស់គាត់ លោកប៉ុលមិនដែលខកចិត្តក្នុងភក្ដីភាពរបស់គាត់ចំពោះព្រះអង្គសង្រ្គោះរបស់គាត់ទេ។ គ្រប់ទី កន្លែងដែលលោកបានរស់នៅ ទោះបីជានៅមុខពួកផារិស៊ីកំពុតឬរដ្ឋអំណាចរ៉ូមក្តី នៅមុខហ្វូងមនុស្សដែលមានកំហឹងពុះពោរ នៅលីស្ត្រា ឬទណ្ឌិតដែលមានបាបក្នុងគុកងងឹតនៅម៉ាសេដូនក្តី ទោះបីនៅក្នុងការវែកញែកជាមួយនឹងពួកអ្នកដើរសំពៅដែលភ័យស្លន់ស្លោនៅពេលសំពៅលិច ឬឈរនៅដាច់ដោយឡែកពីគេនៅចំពោះមុខស្តេចនេរ៉ូដើម្បីដោះស្រាយឲ្យរួចជីវិតរបស់លោកក្តី ក៏លោកមិនដែលខ្មាសនឹងកិច្ចការដែលលោកគាំទ្រដែរ។ គោលបំណងដ៏ធំបំផុតមួយនៃជីវិតជាគ្រិស្តបរិស័ទរបស់លោក គឺដើម្បីបម្រើដល់ព្រះដែលលោកធ្លាប់មើលងាយដល់ព្រះនាមរបស់ទ្រង់ កាលពីមុន។ ហើយគ្មានការប្រឆាំងឬការបៀតបៀនណាអាចបង្វែរលោកឲ្យងាកចេញពីគោលបំណងនេះបានឡើយ ។ ជំនឿរបស់លោកត្រូវបានធ្វើឲ្យរឹងមាំដោយការខំប្រឹងប្រែង និងបរិសុទ្ធដោយការលះបង់បានគាំទ្រនិងពង្រឹងកម្លាំងដល់​លោក។

លោកប៉ុលបានបន្តថា «ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើងដោយ​សារព្រះគុណ ដែលនៅក្នុងព្រះគ្រិស្តយេស៊ូវ ឯអស់ទាំងសេចក្តីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រ​ទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រិស្តចុះ»។

អ្នកបម្រើស្មោះត្រង់របស់ព្រះនឹងមិនគេចវេះចេញពីការពិបាក ឬការ​ទទួលខុសត្រូវឡើយ។ គេនឹងទាញយកកម្លាំងដែលអាចជួយគេឲ្យអាចដោះស្រាយនិងយកជ័យជម្នះលើសេចក្តីល្បួង ហើយបំពេញភារកិច្ចដែលព្រះបានប្រទានឲ្យគេនោះ ពីព្រះដែលជាប្រភពដែលមិនចេះរីងស្ងួតសម្រាប់អស់អ្នកដែលស្វែងរកព្រះចេស្តារបស់ព្រះដោយស្មោះអស់ពីចិត្ដ។ និស្ស័យ​នៃ​ព្រះគុណដែលគេទទួល ពង្រីកសមត្ថភាពរបស់គេដើម្បីស្គាល់ព្រះនិងព្រះរាជបុត្រារបស់ទ្រង់។ ចិត្តរបស់គេប្រាថ្នាចង់ធ្វើកិច្ចការថ្វាយដល់ព្រះដែលជាលោកម្ចាស់ដ៏ធំ ដែលព្រះអាចទទួលយកបាន។ ហើយនៅពេលគេបោះជំហានទៅមុខនៅតាមផ្លូវនៃពួកគ្រិស្តជន នោះគេបាន «មានកម្លាំង​ឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រិស្តយេស៊ូវ» ។ ព្រះគុណនេះជួយឲ្យគេអាចធ្វើទីបន្ទាល់អំពីអ្វីដែលគេបានឮ ដោយស្មោះត្រង់ ។ លោកនឹងមិនមើលងាយឬបោះបង់ចោលចំណេះដឹងដែលព្រះបានប្រទានឲ្យនោះឡើយ ប៉ុន្ដែ លោកនឹងប្រើប្រាស់ចំណេះដឹងដែលលោកបានទទួលនេះសម្រាប់បង្រៀនដល់អ្នកដទៃ បន្តដោយស្មោះត្រង់វិញ។

ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ( ធីម៉ូថេទី២ ៤:៧ )

Powered by CAM