ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤៩)
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក៤០
ខព្រះគម្ពីរប្រចាំថ្ងៃ: ចូរឲ្យរត់ពីសេចក្តីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្តីសុចរិត សេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីមេត្រី ជាមួយនឹងអ្នកអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ។ ធីម៉ូថេទី២ ២:២២
នៅក្នុងសំបុត្រចុងក្រោយរបស់លោក ផ្ញើទៅជូនធីម៉ូថេនេះ លោកប៉ុលបានលើកឡើងនៅមុខអ្នកបម្រើការវ័យក្មេងជាងគេនេះពីគំនិតដ៏ខ្ពង់ខ្ពស់ ដោយចង្អុលបង្ហាញពីភារកិច្ចដែលលោកបានប្រគល់ឲ្យគាត់ធ្វើជាអ្នកបម្រើរបស់ព្រះគ្រិស្ត ។ សាវ័កប៉ុលបានសរសេរថា «ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ» ។ «ចូរឲ្យរត់ពីសេចក្តីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្តីសុចរិត សេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ កុំឲ្យព្រមស្តាប់សេចក្តីដេញដោលចម្កួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថាសេចក្តីទាំងនោះនាំឲ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ ក៏មិនគួរឲ្យបាវបម្រើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅតម្រង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្តឲ្យបានស្តាប់សេចក្តីពិតវិញ»។
សាវ័កប៉ុលបានព្រមានធីម៉ូថេទប់ទល់នឹងគ្រូបង្រៀនក្លែងក្លាយដែលនឹងព្យាយាមស្វែងរកផ្លូវចូលមកក្នុងពួកជំនុំ។ លោកបានមានប្រសាសន៍ថា «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ … គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ មិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ»។
លោកបានបន្តថា «ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿជឿទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង តែឯអ្នកចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្តីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ … គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅតម្រង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ» ។ ព្រះបានប្រទានមធ្យោបាយជាច្រើនសម្រាប់ធ្វើសង្គ្រាមឲ្យទទួលបានជោគជ័យ ប្រឆាំងនឹងអំពើអាក្រក់ដែលមាននៅក្នុងពិភពលោកនេះ ។ ព្រះគម្ពីរជាគ្រឿងសឹកដែលយើងអាចពាក់សម្រាប់ពេលប្រយុទ្ធ យើងត្រូវក្រវាត់សេចក្តីពិតនៅនឹងចង្កេះ ។ យកសេចក្តីសុចរិតធ្វើជាប្រដាប់បាំងដើមទ្រូង ។ ត្រូវកាន់សេចក្តីជំនឿដែលជាខែលជាប់នៅដៃ សេចក្តីសង្គ្រោះដែលជាមួកសុវត្ថិភាពនៅលើក្បាល ហើយព្រះបន្ទូលនៃព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ យើងត្រូវកាប់ឆ្កាផ្លូវរបស់យើង ឆ្លងកាត់ឧបសគ្គនិងភាពស្មុកស្មាញទាំងឡាយនៃអំពើបាប។
លោកប៉ុលបានដឹងថា នឹងមានពេលគ្រោះថ្នាក់ដ៏ធំកើតឡើងនៅចំពោះពួកជំនុំ ។ លោកបានដឹងថាការងារដ៏ស្មោះត្រង់ និងស្មោះស្ម័គ្រនឹងត្រូវបង្ហើយដោយអស់អ្នកដែលទទួលខុសត្រូវនៃពួកជំនុំ ហើយលោកបានសរសេរទៅកាន់ធីម៉ូថេថា «ដូច្នេះ ខ្ញុំផ្តាំមកអ្នកយ៉ាងអស់ពីចិត្ត នៅចំពោះព្រះ និងព្រះគ្រិស្តយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង គឺផ្តាំដោយអាងដំណើរទ្រង់យាងមក និងនគរទ្រង់ថា ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកម្លាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ។ ( ធីម៉ូថេទី២ ៤:៧ )